ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បាននិយាយនៅថ្ងៃពុធនេះថា គណៈប្រតិភូសមាជិករដ្ឋសភារបស់អ្នកស្រីបានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ «ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតៃវ៉ាន់»។
អ្នកស្រី Pelosi បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះ សាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយនឹងតៃវ៉ាន់គឺសំខាន់ជាងពេលណាៗទាំងអស់ ហើយនេះគឺជាសារដែលយើងនាំយកមកទីនេះនៅថ្ងៃនេះ»។
អ្នកស្រីបានលើកឡើងអំពីច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលទើបនឹងអនុម័តកាលពីពេលថ្មីៗនេះដែលច្បាប់នោះមានបំណងពង្រឹងការផលិតវត្ថុធាតុអេឡិចត្រូនិក semiconductor នៅក្នុងស្រុក និងជួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រជែងជាមួយនឹងចិន។
អ្នកស្រី Pelosi បានថ្លែងប្រាប់រដ្ឋសភាតៃវ៉ាន់ថា ច្បាប់នេះ «ផ្ដល់ឱកាសដ៏ប្រសើរជាងមុនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់»។
ប្រទេសចិនបានបង្ហាញការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi នេះ ដោយបានព្រមានថា ដំណើរទស្សនកិច្ចនេះគឺជាការរំលោភដែលមិនអាចទទួលយកបានលើអ្វីដែលខ្លួនយល់ឃើញថាជាអធិបតេយ្យភាពរបស់ខ្លួនទាក់ទិននឹងកោះតៃវ៉ាន់។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីអ្នកស្រី Pelosi បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ រដ្ឋាភិបាលចិនបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិននិងបានប្រកាសអំពីការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅជិតកោះតៃវ៉ាន់ ដែលក្នុងនោះរួមមានទាំង «ការបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ» នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលចិនក៏បានដាក់កំហិតផងដែរលើការនាំចូលផ្លែឈើនិងត្រីមកពីតៃវ៉ាន់៕