កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបានបង្គាប់មេដឹកនាំនៃគណបក្សប្រជាធិបតេយ្យឱ្យ«ព្រាងអត្ថបទនៃការចោទប្រកាន់» ប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ដោយលោកស្រីបានប្រកាសថាលោកបាន«រំលោភអំណាចនៃតំណែងរបស់លោក»។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលធ្វើឱ្យរំភើបចិត្តខ្លាំង លោកស្រី Pelosi បានមានប្រសាសន៍អះអាងថាមេដឹកនាំរូបនេះនៃគណបក្សសាធារណរដ្ឋស.រ.អា.បានរំលោភលើបទដ្ឋាននៃអាកប្បកិរិយាប្រធានាធិបតីដោយបានរំលោភលើកាតព្វកិច្ចដែលលោកបានស្បថថាប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញស.រ.អា.ដោយលោកបានសុំអាជ្ញាធរអ៊ុយក្រែនឱ្យបើកធ្វើការស៊ើបអង្កេតអំពីអ្នកប្រជែងនឹងលោកសំខាន់ម្នាក់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០២០គឺលោកអតីតអនុប្រធានាធិបតី Joe Biden ដើម្បីជួយលោកឱ្យជាប់ឆ្នោតជាថ្មី។
លោកស្រី Pelosi បានមានប្រសាសន៍ថា«ការពិតជាក់ស្តែងមិនអាចប្រកែកបានទេ។ លោកប្រធានាធិបតីបានរំលោភអំណាចរបស់លោកដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួនលោកដោយលះបង់សន្តិសុខជាតិរបស់យើង»។
លោកស្រី Pelosi បានសុំដល់លោក Jerrold Nadler ប្រធានគណ:កម្មាធិការនីតិកម្មនៃសភាតំណាងរាស្ត្រអាមេរិកាំងដែលសវនាការអំពីការចោទប្រកាន់ដើម្បីដកតំណែងលោក Trump បានចាប់ផ្តើមធ្វើនៅទីនោះកាលពីថ្ងៃពុធ និងប្រធានប្រជាធិបតេយ្យនៃគណៈកម្មាធិការឯទៀតៗឱ្យព្រាងអត្ថបទនៃការចោទប្រកាន់លោកប្រធានាធិបតី។
ទោះណាជាលោកស្រី Pelosi មិនបាននិយាយយោងដល់កាលវិភាគក៏ដោយ ក៏សភាតំណាងរាស្ត្រអាមេរិកាំងដែលត្រួតត្រាដោយប្រជាធិបតេយ្យអាចបោះឆ្នោតដើម្បីចោទប្រកាន់លោក Trump នៅមុនថ្ងៃឈប់សម្រាកបុណ្យ Christmas នៅដំណាច់ខែនេះ។ ការណ៍នេះនឹងចាត់ឱ្យមានការកាត់ក្តីលោក Trump ក្នុងខែមករាឆ្នាំក្រោយនៅក្នុងព្រឹទ្ធសភាស.រ.អា.ដែលមានសមាជិកភាគច្រើនជាសាធារណរដ្ឋដែលនៅទីនោះមិនទំនងជានឹងមានការកាត់ក្តីឱ្យលោកជាប់ទោសនិងដកលោកចេញពីតំណែងទេ៕