ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​បាន​ចាប់ផ្ដើម​ ខណៈ​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​គ្មាន​ការ​វិវត្តន៍

ស្លាកសញ្ញា​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ។ (ស៊ុន ណារិន/VOA)

ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខែ​កក្កដា ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ហើយ​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា។

គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​ ត្រៀម​រួចរាល់​សម្រាប់​ការ​ចុះបញ្ជី​ ឬ​បាន​ចុះ​បញ្ជី​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​ការ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៃ​គណបក្ស​នយោបាយ​ និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សភា​នា​ខែ​កក្កដា។​ ​

ក៏ប៉ុន្តែ​ក្រុម​អ្នក​នយោបាយ​ពី​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​ទៅ​លើ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ ​និង​ភាព​ស្រប​ច្បាប់​របស់​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។​

លោក​ ​សាម អ៊ីន​ ​អគ្គ​លេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ហៅ​កាត់​ថា​ គ.ប.ម ​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ គណបក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី​នេះ គ្រោង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​មិន​តិច​ជាង​២៦០​នាក់​នៅ​ទូទាំង​ប្រទេស។​

​ក៏ប៉ុន្តែ​គណបក្ស​របស់​លោក ​មិនទាន់​សម្រេច​ចិត្ត​ភ្លាមៗ​ថា​ នឹង​ចុះបញ្ជី​នោះ​ឡើយ​ ដោយ​ត្រូវ​ធ្វើ​សេចក្ដី​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ​ឲ្យ​បាន​ល្អិតល្អន់​ជាមុន​ បន្ទាប់មក​នឹង​មាន​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​នាយក​បក្ស​ ​នៅ​ថ្ងៃ​ទី​៦​ ខែ​ឧសភា​ ដើម្បី​សម្រេច​ថា​ ​គណបក្ស​នឹង​ចូលរួម​ការ​បោះឆ្នោត​ឬ​យ៉ាង​ណា​នោះ។​

«បាទ​យើង​ដឹង​ថា​ ​ស្ថាន​ការណ៍​នយោបាយ​នៅ​ស្រុកខ្មែរយើង​ វា​មាន​បញ្ហា​ប្រឈម​ច្រើន ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយនិង​មាន​ការ​បង្ក​ការ​រំខាន​ផ្សេងៗ​ ​ជា​ពិសេស​ទាក់​ទង​នឹង​ការ​រៀបចំ​ ដំណើរ​ការ​បោះឆ្នោត​មួយ​នេះ​ ជា​ការ​រៀបចំ​មួយ​ ដែល​ជា​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​យើង​អាច​ជឿជាក់​ ហើយ​មាន​តម្លាភាព​ ហើយ​យើង​អាច​ទុក​ចិត្ត​បាន​ឬទេ»។​

លោក​ ​សាម អ៊ីន​ ​ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ បាន​បញ្ជាក់​ទៀត​ថា​ ការ​រំលាយ​ និង​ការ​រស់​ឡើងវិញ​នៃ​គណបក្ស​ប្រឆាំង​ នឹង​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ចិត្ត​ចូលរួម​ឬ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នា​ពេល​ខាងមុខនេះ​ទេ។

រូបឯកសារ៖ កម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅក្នុងថ្ងៃប្រារព្ធខួបនៃការបង្កើតគណបក្សថ្មីដែលមានអាយុ១ឆ្នាំនេះ កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការបក្សនៃរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

​លោក​ថា​ ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្រៅ​តែ​ពី​ការ​សិក្សា​បរិយាកាស​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោតនោះ​ គណ​បក្ស​នេះ​ ​ក៏​កំពុង​រក​យុទ្ធសាស្ត្រ ​ដើម្បី​ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ ដែល​មានការ​ខឹង​សម្បារ​នឹង​ការ​រំលាយ​បក្ស​ប្រឆាំង​ និង​ក្ដី​អស់​សង្ឃឹម​ដែល​មិន​បាន​ឃើញ​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​នា​ពេល​បោះ​ឆ្នោត​កន្លងមក។

លោក​មាន​ប្រសាសន៍​ថា៖​

«គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គឺ​យើង​ចង់​ផ្ដល់​ជា​ជម្រើស​ថ្មី​មួយ​ ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ថា​ ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក៏​មាន​គណបក្ស​មួយ​ទៀត​ ដែល​យើង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ។ យើង​មាន​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ហ្នឹង​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​ផង​ ដើម្បី​បន្ត​ជ្រោង​ទង់​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ពាំនាំ​ការ​ផ្លាស់​ប្ដូរ​ ប្រកប​ដោយ​សន្តិភាព​ និង​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា។​ ​អីចឹង​យើង​ចង់​ផ្ដល់​ជា​ជម្រើស​ថ្មី​មួយ​ឲ្យ​ប្រជា​ពល​រដ្ឋ​លោក​គិត​ពិចារណា​ ជៀសវាង​គាត់​អស់សង្ឃឹម​ ​គាត់​បោះ​បង់​ ប៉ុន្តែ​គាត់​នៅ​មានជម្រើស​ថ្មី​មួយ​ទៀត​ ដែល​គាត់​អាច​នៅ​មាន​សង្ឃឹម​បាន»។

ទាក់​ទិនបញ្ហា​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ពី​ប្រទេស​បស្ចិម​លោក​ ​ប្រសិន​បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​ លោក​ សាម អ៊ីន​ ថ្លែង​ថា​ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​ជប៉ុន សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ នឹង​ធ្វើការ​ថ្លឹងថ្លែង​ថា​ នឹង​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ទៅ​មុខ​ទៀត​ និង​មិន​ឲ្យវិល​ទៅ​រក​វិនាសកម្ម​សារ​ជា​ថ្មី​ ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​១៩៧០។

សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.​) ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ហើយនិង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​ និង​៣០នាទី»។

លោក​ ​ពេជ្រ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​បង្កើត​ក្រោយ​ការ​បោះឆ្នោត​សាកល​ឆ្នាំ​ ២០១៣​ បាន​ថ្លែង​ថា ដោយសារ​តែ​គណបក្ស​របស់​លោក​នៅ​ក្មេង​ខ្ចី​ ទើប​ធ្វើ​ឲ្យ​គណបក្ស​លោក​បាន​សម្រេច​ចិត្ត​ចុះ​បញ្ជី​គណបក្ស​មុន​គេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​មិន​មានការ​រារែក។

លោក​ថា​ គណបក្ស​របស់​លោក​ បាន​ដាក់​បេក្ខជន​ចំនួន​២៣៤​រូប ឲ្យ​ឈរ​ឈ្មោះ​តែ​នៅ​ក្នុង​ខេត្ត​រាជ​ធានី​ចំនួន​១៧​ ដែល​មាន​ចំនួន​អាសនៈចាប់ពី​បី​ឡើង​ទៅ​ដូចជា​ខេត្ត​កណ្តាល​ កំពង់​ស្ពឺ​ កំពង់​ឆ្នាំង​ និង​សៀមរាប​ជាដើម។

ប្រធាន​គណបក្ស​វ័យក្មេង​រូប​នេះ​ បាន​អះអាង​ថា​ វត្តមាន​ឬ​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មែន​ជា​ឧបសគ្គ​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះទេ​ ​ដោយ​ហេតុ​ថា​មាន​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​បាន​ចូលរួម។

«​បើ​និយាយ​ពី​រឿង​ថា​ គេ​ទទួល​ស្គាល់​អត់​ បាត់​សង្គ្រោះ​ជាតិ​ទៅ?​ ​អានោះ​ ​គឺ​ជា​ទ្រឹស្ដី​ដែល​ជំងឺ​តួឯក​ ហើយ​និង​ទ្រឹស្ដី​លីលា​ទេ​ ពីព្រោះ​យើង​មើល​ច្បាប់​កម្ពុជា​ ​ឥត​មាន​ចែង​ថា​ ទាល់​តែ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ ទើប​ហៅ​ថា​ ការបោះឆ្នោត​ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ​ឡើយ​ សំខាន់​គឺ​ថា​ មាន​គណបក្ស​ចូលរួម​ អា​ហ្នឹង​គឺ​ ហើយ​ស្ថានភាព​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ វា​មិន​មាន​កើត​សង្គ្រាម​ឬ​ក៏​ មាន​ហានិភ័យ​អី​កើត​ឡើង​ទេ​ អា​ហ្នឹង​គឺ​វា​ដំណើរការ​នៃ​ការ​បោះឆ្នោត​ វា​ទៅ​មុខ​ ដោយ​រលូន​ ហើយ​បាទ»។

បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ ​កឹម សុខា​ ​ក្រោម​ការ​សង្ស័យ​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ការ​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧​ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ដែលរួមមាន​ស៊ុយអែត អាល្លឺម៉ង់​ ព្រមទាំង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ​បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ ​ដោយ​បាន​សម្ដែង​ក្តី​បារម្ភ​ពី​ការ​ដើរ​ថយក្រោយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ប្រទេស​ស៊ុយអែត​ បាន​ប្រកាស​កាត់ផ្ដាច់​ជំនួយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​បាន​សម្រេច​ចិត្ត​ មិន​បង្កើត​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​ រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​បន្ត​ទៀត​ទេ​ លើកលែង​តែ​វិស័យ​អប់រំ​ និង​ការ​ស្រាវជ្រាវ។

លោក​ ​ពេជ្រ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ជឿ​ថា​ សហគមន៍​អន្តរជាតិ​ដែល​ដើរ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ នឹង​មិន​ធ្វើ​បាប​កម្ពុជា​នោះ​ឡើយ​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ប្រកួត​បោះឆ្នោត​ខែ​កក្កដា​ ឆ្នាំ​២០១៨។

«ប្រទេស​ថៃ​ គេ​មាន​ការ​រំលាយ​គណបក្ស​រហូត​ទៅ​ដល់​រដ្ឋប្រហារ​យោធា​ទៀត​ជាមួយ​នឹង​រដ្ឋាភិបាល​ស្របច្បាប់​របស់​ត្រកូល​ថាក់ស៊ីន។ ប៉ុន្តែ​ សួរ​ថា​ មាន​បរទេស​ណាមួយ​ដែល​អាច​លូកដៃ​នៅ​ប្រទេស​ថៃ​បាន​ ទាំង​ថៃ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​តែ​យើង​ដែរ​នេះ? អញ្ចឹង​អា​ទស្សនៈ​ ឬ​ក៏​បញ្ឆេះ​នយោបាយ​ថា​ អន្តរជាតិ​គេ​នឹង​ធ្វើ​បាប​ខ្មែរ​ វា​ជា​ទស្សនៈ​មួយ​ភូត​កុហក​ ដល់​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ខ្លួន។ វា​មិន​អាច​ទៅ​រួចទេ​ នៅ​ពេល​ដែល​ប្រទេស​មួយ​គេ​កំពុង​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​ ហើយ​គេ​កំពុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ដែល​បែប​ស្តង់ដារ​ប្រទេស​គេ​នោះ​ ហើយ​ប្រទេស​ដទៃ​មក​គាប​សង្កត់​ ​មក​រឹតត្បិត​ទាំង​ប្រទេស​គេ​មាន​គណបក្ស​ច្រើន​ចូលរួម​នោះ​ ​អីចឹង​វា​អត់​អាច​ទៅ​រួច​ទេ»។

បន្ថែម​លើ​ការ​ឆ្លើយ​តប​របស់​ប្រទេស​ស៊ុយអែត​ទៅ​នឹង​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​បាន​ដក​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​ស្ថាប័ន​បោះឆ្នោត​ជាតិ​ និង​បាន​ព្រមាន​ជាបន្តបន្ទាប់​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​ផ្សេងៗ ក្នុង​នោះ​គឺ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ខកខាន​មិន​អាច​ស្តា ដំណើរការ​ប្រជាធិបតេយ្យឲ្យ​មក​រក​ភាព​ប្រក្រតី​វិញ​ ពោល​គឺ​ដូច​ស្ថានភាព​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧។

យ៉ាង​ណា​ក្ដី​ ប្រទេស​ចិន​ បាន​ចេញ​មុខ​គាំទ្រ​ការ​បង្ក្រាប​ខាង​នយោបាយ​យ៉ាង​ទូលំ​ទូលាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ហើយ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រាល់​កាលៈទេសៈ។

រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

លោក​ ​សុន ឆ័យ អ្នកនយោបាយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​តុលាការ​កំពូល​ ​តាម​បណ្ដឹង​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​មិន​មាន​ការ​វិវត្តន៍​ថ្មី​ ​ទាក់​ទិន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​ដែល​អាច​នឹង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​ជីវិត​រស់​ឡើងវិញ​នោះ​ឡើយ។

លោក​ថា​ ​ការ​ចុះ​បញ្ជី​នឹង​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ តែ​លោក​បារម្ភ​ថា​ ពលរដ្ឋ​ខ្មែរ​អាច​ពិបាក​នឹង​បង្ហាញ​ឆន្ទៈ​នយោបាយ​របស់​ពួកគេ​ ខណៈ​ដែល​គណបក្ស​ដែល​ពួក​គេ​ពេញ​ចិត្ត ​មិន​ស្ថិត​ក្នុង​សន្លឹក​ឆ្នោត។

«​ខ្ញុំ​ថា​ ចុះ​នោះ​ ក៏​ចេះ​តែ​ចុះទៅ​ អ្វី​ដែល​គ.ជ.ប.​ត្រូវ​ធ្វើ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ហ្នឹង​គឺ​ ការ​រៀបចំ​នេះ​មិន​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​ ដើម្បី​ជ្រើសរើស​ គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ទេ​បាទ។ ហើយ​យើង​ដឹង​ហើយ​ថា​ អ្វី​ដែល​ហៅថា​ ប្រជាធិបតេយ្យ​ហ្នឹង​ គឺ​ទាល់​តែ​ឆន្ទៈ​ពលរដ្ឋ​ហ្នឹង​ត្រូវ​បាន​គោរព»។

​លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ​ថា​ គណបក្ស​កាន់​អំណាច​គ្មាន​គោលការណ៍​បើក​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ជាមួយ​ គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​តាម​សាលដីការបស់​តុលាការ​កំពូល។

​លោក​មាន​ប្រសាសន៍​ថា៖

«បញ្ហា​ទី​មួយ​ រឿង​ចរចា​ហ្នឹង​ គឺ​ដាច់​ខាត​អត់​មាន​ទេ​ ដូច​ដែល​ជម្រាប​ជូន​តាំង​ពី​ដើម​ទី​ រហូត​មក​ដល់​ពេល​នេះ​ ហើយ​ទៅ​អនាគត​ទៀត​ ក៏​អត់​មាន​ដែរ។ កុំ​យក​បញ្ហា​កម្ពុជា​ទៅ​ប្រៀប​ធៀប​នឹង​បញ្ហា​ជាមួយ​ឧបទ្វីប​កូរ៉េ​ វា​អត់​មាន​ទេ​។ ហើយ​ខ្ញុំ​យល់​ថា​ អតីត​បក្ស​ប្រឆាំង​ មន្ត្រី​មួយ​ចំនួន​នៃ​អតីត​បក្ស​ប្រឆាំង​នេះ​ គាត់​និយាយ​តែ​លម្អៀង​ ហើយ​ចង់​កៀរគរ​ធ្វើ​ម៉េច​ឲ្យ​មានការ​ចរចា​នយោបាយ​ ដើម្បី​ឲ្យ​ខ្លួន​ហ្នឹង​រស់​ឡើង​វិញ។ ចំណុច​ទី​ពីរ​ខ្ញុំ​យល់​ថា​ សាលក្រម​ សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​មិន​មែន​សាលដីកា​ធ្វើ​លេងៗ​ទេ​ គឺ​ពិត​ប្រាកដ»។

រូបឯកសារ៖ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា និង​ជាបេក្ខជនសមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក​ ​សុខ ឥសាន​ ​បាន​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​គួរ​លើក​តម្កើង​ខ្លួន​ថា​ បើ​អត់​ពី​ខ្លួន​ទៅ​នោះ​ លទ្ធិប្រជាធិបតេយ្យ​នឹង​ស្លាប់​នោះ​ទេ។​ លោក​ថា​ អតីត​មេ​បក្ស​ និង​ក្រុម​មន្ត្រី​នៃ​គណ​បក្ស​នេះ​ បាន​បរាជ័យ​ផង​ដែរ​ ក្នុង​ការ​ស្នើ​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​ក្នុង​ទឹកដី​សហភាព​អឺរ៉ុប​ ​អាមេរិក​ និង​អាស៊ី​ ចាត់​វិធាន​ការ​ជាក់​លាក់​ប្រឆាំង​នឹង​កម្ពុជា។

ដោយ​ឡែក​ ​លោក​ ​សម រង្ស៊ី​ ​អតីត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​បច្ចុប្បន្ន​ជា​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ បាន​អំពាវ​តាមទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ពហិការ​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។

​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ឃុំខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«បើ​ប្រជាពលរដ្ឋ​ខ្មែរ​ ច្រើន​លើស​លប់ ធ្វើ​ពហិការ មិន​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទាំងអស់ បើ​មិន​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​សន្លឹក​ឆ្នោត​នោះ​ទេ​ ​យើង​នឹង​រួម​ចំណែក​ទាំង​អស់​គ្នា​ ​ដើម្បី​ដក​ភាព​ស្រប​ច្បាប់​ពី​ការបោះឆ្នោត​ក្លែងក្លាយ​ខាងមុខ​ និង​ដក​ភាព​ស្រប​ច្បាប់​ពី​របប​ផ្ដាច់ការ ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ​ហើយ​ដែល​ពិភពលោក​កំពុង​ថ្កោលទោស។​ ​មាន​តែ​ជំហរ​និង​កាយ​វិការ​ ​ពហិការ​ ​បែប​នេះ​ទេ​ ​ដែល​អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ ឆ្ពោះ​ទៅ​រក​សេរីភាព​ និង​យុត្តិធម៌ ដូច​យើង​ចង់បាន​ទាំង​អស់​គ្នា»។

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ.ជ.ប​ បាន​បញ្ជាក់​ប្រាប់​ VOA ​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា​ មាន​គណបក្ស​នយោបាយ​ចំនួនប្រាំពីរ​បាន​មក​ទាក់ទង​គ.ជ.ប.​ ដើម្បី​ចុះ​បញ្ជី​គណបក្ស​ និង​បេក្ខជន។

លោកមានប្រសាសន៍​ថា​ ក្នុងចំណោម​គណបក្ស​ទាំង​ប្រាំពីរ​នេះ​ មាន​គណបក្ស​ពីរ​ គឺ​គណបក្ស​យុវជន​កម្ពុជា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចុះ​បញ្ជី​បក្ស​ និង​បេក្ខជន​រួចរាល់​ហើយ។

លោក​បញ្ជាក់​បន្ថែម​ថា​ ការណ៍​នេះ​ បញ្ជាក់​ថា​ការ​អធិប្បាយ​ផ្សេងៗ​ដែល​ថា​ការ​បោះឆ្នោត​នឹង​ខ្វះ​ភាព​ស្របច្បាប់​នោះ​ នឹង​ក្លាយ​ជា​រឿង​គ្មានន័យ៕