គណបក្សនយោបាយក្នុងប្រទេសកម្ពុជា បានសាទរចំពោះការចាប់ផ្តើមសាកល្បងការចុះឈ្មោះអ្នកបោះឆ្នោតនាពេលខាងមុខ ក៏ប៉ុន្តែពួកខ្លួននៅតែបន្តតាមដានដំណើរការនៃការចុះបញ្ជីអ្នកបោះឆ្នោតដោយប្រុងប្រយ័ត្ន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) នឹងចាប់ផ្តើមសាកល្បងចុះឈ្នោះអ្នកបោះឆ្នោតនៅក្នុងភូមិចំនួន៤១នៃប្រទេសកម្ពុជារយៈពេល១៥ថ្ងៃនាខែវិច្ឆិកា ដើម្បីត្រៀមរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខនេះ។
តំណាងគណបក្សនានាក្នុងប្រទេសកម្ពុជាបានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយ VOA ខេមរភាសា នាសប្តាហ៍នេះថាគណបក្សរបស់ខ្លួននឹងចូលរួម ជំរុញអ្នកគាំទ្រខ្លួនដែលនៅតាមភូមិគោលដៅទាំងនោះ ចូលរួមឲ្យបានច្រើន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សដែលមានសំឡេងភាគតិចក្នុងរដ្ឋសភាបានបញ្ជាក់ថាបើទោះជាគណបក្សលោកមានការព្រួយបារម្ភមួយចំនួនទាក់ទិននឹងការចុះឈ្មោះអ្នកបោះឆ្នោតថ្មីក៏ដោយ ក៏គណបក្សសង្គ្រោះជាតិចង់ទុកពេលវេលាឲ្យគ្រប់គ្រាន់ដល់គ.ជ.ប. ថ្មី ធ្វើការរបស់ខ្លួនដោយឯករាជ្យ។ ហើយគណបក្សជំទាស់ដ៏ធំនៅក្នុងប្រទេសកម្ពុជានិងនៅជួយជំរុញតាមដានដំណើរការចុះឈ្មោះនេះដោយយកចិត្តទុកដាក់។
«យើងរង់ចាំមើលដំណើរការនៃការប្រមូលទិន្នន័យសិន ថាតើយើងនៅមានឧបសគ្គអ្វីខ្លះ? ឥឡូវហ្នឹងយើងគណបក្សសង្គ្រោះបានជូនដំណឹងទៅថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំនៅឃុំសង្កាត់ដែលគជបបម្រុងនឹងទៅចុះបញ្ជីឈ្មោះហ្នឹង ឲ្យមេត្តាពិនិត្យមើល ឃ្លាំមើលដំណើរការធ្វើហ្នឹងថាតើមានឧបសគ្គអ្វីខ្លះ? ហើយមានបញ្ហាអ្វីខ្លះដែលមានពាក់ព័ន្ធនឹងសមត្ថកិច្ច របស់គណបក្សសង្គ្រោះជាតិឲ្យមានដំណើរការល្អ»។
ស្របគ្នានេះដែរ គណបក្សនយោបាយថ្មី ដែលមានឈ្មោះថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បញ្ជាក់ថា ខ្លួននៅចាំឃ្លាំមើលដំណើរការចុះឈ្មោះអ្នកបោះឆ្នោតសាកល្បងនេះ ហើយវាគឺជាជំហានមួយដ៏ល្អសម្រាប់ដំណើរការ ប្រជាធិបតេយ្យនៅក្នុងកម្ពុជាដ៏ក្រីក្រនេះ។
លោក សាម អ៊ីន អគ្គលេខានិងជាអ្នកនាំពាក្យនៃគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ថា៖«អញ្ចឹងយើងគិតថាជាជំហានមួយទៅមុខល្អ ប៉ុន្តែយើងនៅរង់ចាំមើលការចាត់ចែងការងាររបស់គជបថ្មីនេះ វាមានអព្យាក្រិតភាព មានតម្លាភាព ហើយនឹងភាពល្អប្រសើរកម្រិតណាយើងមិនទាន់មានការវាយតម្លៃនៅឡើយទេ។ ក៏ប៉ុន្តែ ខ្ញុំសង្កេតឃើញថាការចេញដំណើរនៃការសាកល្បងការចុះបញ្ជីបោះឆ្នោតថ្មីនេះគឺខ្ញុំគិតថាជាការចាប់ផ្តើមមួយ ដ៏ល្អ ក៏ប៉ុន្តែយើងចាំសង្កេតមើលទាំងអស់គ្នាទៀត»។
យ៉ាងណាក៏ដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន មិនមានភាពមន្ទិលចំពោះដំណើរការចុះបញ្ជីបោះឆ្នោតថ្មីនេះទេ ដោយខ្លួនមានទំនុកចិត្តចំពោះគជបថ្មីដែលទើបបានបង្កើត។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងដូចអត់មានបញ្ហាអ្វីស្មុគស្មាញទេ យើងចាំតែគោរពតាមនីតិវិធីរបស់គជបថ្មីហ្នឹង។ វិធានគឺដូចជាមិនមានអ្វីស្មុគស្មាញទេ។ បាទបញ្ហាសំខាន់គឺគណបក្សគ្រាន់ថាចុះទៅមូលដ្ឋាន ដើម្បីអប់រំបងប្អូនប្រជាជន ឲ្យចូលរួមសស្រាក់សស្រាំក្នុងការចូលរួមចុះឈ្មោះបោះឆ្នោតនិងធ្វើអត្តសញ្ញាណបណ្ណដែលសម្រាប់បម្រើក្នុងបោះឆ្នោតហ្នឹង»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពេលបច្ចុប្បន្នកើតឡើងដោយការឯកភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបន្ទាប់ពីមានការជាប់គាំងនយោបាយជិត១ឆ្នាំចាប់តាំងពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ ក្រោយពេលដែលគណបក្សជំទាស់ចោទពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនិងបញ្ជីបោះឆ្នោត។ គ.ជ.បថ្មីនេះមានសមាជិក៩រូបរួមទាំងប្រធានដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងអនុប្រធានមកពីគណបក្សជំទាស់ ត្រូវបានឯកភាពនិងជ្រើសតាំងកាលពីចុងខែមេសាកន្លងទៅដែលជាផ្នែកមួយនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
កាលពីសប្តាហ៍កន្លងទៅគ.ជ.បថ្មីនេះ បានប្រកាសពីគម្រោងចុះបញ្ជីអ្នកបោះឆ្នោតសាកល្បងចាប់ពីដើមខែវិច្ឆិកាខាងមុខតាមប្រព័ន្ធកុំព្យូទ័រថ្មី។
យ៉ាងណាមិញគណបក្សនយោបាយមួយចំនួននៅតែមានក្តីបារម្ភចំពោះដំណើរការនៃការចុះបញ្ជីសម្រាប់ពលករចំណាកស្រុកនិងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ខាងមុខ។
លោក សាម អ៊ីន អគ្គលេខានិងជាអ្នកនាំពាក្យនៃគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ពីក្តីបារម្ភចំពោះការចូលរួមពីសង្គមស៊ីវិលនិងប្រជាពលរដ្ឋកម្ពុជាក្នុងដំណើរការចុះបញ្ជីរបោះឆ្នោតថ្មីនេះ។
«ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាបើសិនជាយើងចង់ឲ្យមានការបោះឆ្នោតដោយសេរីនឹង យុត្តិធម៌យើងពឹងអាស្រ័យតែគជបតែម្នាក់ហ្នឹងគឺមិនគ្រប់គ្រាន់ទេ។ អញ្ចឹងគឺយើងត្រូវការឲ្យមានការចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសទៅចុះឈ្មោះ ទៅផ្ទៀងឈ្មោះ ហើយនឹងជួយទៅតាមដានដំណើរការនេះទាំងអស់គ្នា ទើបយើងទទួលបានការបោះឆ្នោតមួយដោយសេរីនឹង យុត្តិធម៌»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សជំទាស់បានថ្លែងថាគជបគួរតែគិតដល់ពលករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ដែលកំពុងតែធ្វើការនៅក្រៅប្រទេសដោយឲ្យពួកគាត់គួរតែទទួលបានសិទ្ធិបោះឆ្នោតផងដែរ។ ហើយរដ្ឋាភិបាលត្រូវតែពន្លឿនការធ្វើអត្តសញ្ញាណបណ្ណដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដែលជាឯកសាសំខាន់សម្រាប់ធ្វើការចុះឈ្មោះបោះឆ្នោតនោះ។
«ទាក់ទងនឹងអ្នកដែលទៅធ្វើការនៅក្រៅប្រទេស ក៏ដូចជាបងប្អូនយើងដែលទៅរស់នៅក្រៅប្រទេស គឺគំនិតដើមរបស់ គណបក្សសង្គ្រោះជាតិគឺចង់ឲ្យគជបហ្នឹងរៀបចំការិយាល័យនៅក្រៅប្រទេសជាពិសេសការិយាល័យនឹងគឺស្ថិត នៅតាមបណ្តាកុងស៊ុល និងស្ថានទូតមួយចំនួន ដែលជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយើង បានចុះឈ្មោះ នឹងបោះឆ្នោតដូចបណ្តាប្រទេសមួយចំនួនដែលធ្វើនៅក្នុងស្រុកខ្មែរយើង»។
ដោយឡែកលោក សុខ ឦសាន បានឆ្លើយតបថាប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពក្នុងការបង្កើតការិយាល័យបោះឆ្នោតនៅតាមស្ថានទូតកម្ពុជានៅឯបរទេសនៅឡើយនោះទេ ហើយការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសគឺជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការស្វែងរកចំណូលរបស់ពួកគាត់។
«លក្ខណៈសម្បត្តិរបស់កម្ពុជាគឺមិនទាន់ដល់ថ្នាក់នោះទេ។ យើងធ្វើតែក្នុងស្រុកនៅគេចោទយើងថាមិនមានយុត្តិធម៌ ចុះទម្រាំទៅធ្វើនៅក្រៅស្រុកទៀត បើគាត់ចាញ់ឆ្នោតទៀត គាត់មិនឡាំប៉ាកាន់តែខ្លាំងឡើងទៀតហើយ។ រាជរដ្ឋាភិបាលកម្ពុជាមិនមានចំណងណាមួយដែលទប់ស្កាត់ពួកគាត់មិនឲ្យមកបោះឆ្នោតទេ ក៏ប៉ុន្តែបើថាគាត់ចេញទៅហើយ ត្រឡប់មកវិញ យើងស្វាគមន៍ តែបើគាត់មិនចង់ត្រឡប់មកយើងក៏មិនអាចទៅដេញគាត់បានដែរ»។
តាមការឲ្យដឹងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដំណើរការសាកល្បងរយៈពេល១៥ថ្ងៃគឺដើម្បីប្រមូល ទិន្នន័យនិងការកែសម្រួលប្រព័ន្ធចុះបញ្ជីថ្មី មុននឹងធ្វើការចុះបញ្ជីទូទាំងប្រទេសផ្លួវការនាដើមឆ្នាំ២០១៦ខាងមុខនេះ។ គ.ជ.បនឹងចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ៧០ម៉ឺន ដុល្លារសហរដ្ឋអាមេរិកដើម្បីការធ្វើបញ្ជីបោះឆ្នោតថ្មីនេះដោយធ្វើតាមប្រព័ន្ធកុំព្យូទ័រដែលមានប្រសិទ្ធភាពនិងរហ័សជាងការចុះបញ្ជីដោយការកត់ត្រាដោយដៃនោះ៕