គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បើកផ្លូវ​ឲ្យ​មាន​ការពិភាក្សា​សេចក្តីព្រាង​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​រដ្ឋ​កំពូលៗ​បួន

រូបឯកសារ៖ គម្របខាងក្រៅនៃលិខិតឆ្លងដែន​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​អនុម័ត​បញ្ជូន​បន្ត​ទៅ​គណៈ​កម្ម​ការ​ជំនាញ​រដ្ឋសភា​នូវ​សេចក្តី​ព្រាង​ច្បាប់​វិសោ​ធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​កំណត់​អ្នក​កាន់តំណែង​កំពូល​រដ្ឋ​សំខាន់​ៗ​ចំនួន​បួន​ឲ្យ«មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ» ដែល​ជា​ការ​ផ្ចុង​ផ្តើម​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

អ្នក​នាំពាក្យ​រដ្ឋសភា​ លោក ឡេង ប៉េងឡុង បាន​ប្រាប់វីអូអេ​ ក្រោយ​ការ​ប្រជុំ​នោះ​ថា​ គ្មាន​ការ​ខ្វែង​គំនិត​ នៅ​ពេល​សមាជិក​នៃ​គណៈកម្មាធិការ​សភា​ពិនិត្យ​ និង​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​វិសោធន​កម្ម​នេះ​ទេ។ លោកថា​ សភា​ជាតិ នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ឆាប់​ៗនេះ​ ព្រោះ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នេះ​ ជាកិច្ច​ការ​បន្ទាន់​ និង​ចាំ​បាច់​មួយ​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​ ៖ «អាហ្នឹង​ជា​ជំហ៊ាន​មួយ​ដែល​យើង​ ខិត​ខំ​ពង្រឹង​ឯក​រាជ្យ អធិបតេយ្យភាព ហើយ​នឹង​លទ្ធិប្រជា​ធិប​តេយ្យ​របស់​យើង»។

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​នេះ ឥស្សរជន​នយោបាយ​ដែល​ចូល​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​ ប្រធាន​ព្រឹទ្ធសភា​ នាយក​រដ្ឋ​មន្ត្រី​ និងប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

ការ​បើក​កិច្ច​ប្រជុំ​របស់គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា​ កើត​មាន​ឡើង​ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក​ អ៊ឹម​ ឈុនលឹម​ ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ថា​ ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​ «អាច​ធ្វើ​ទៅ​បាន» និង​ស្រប​តាម​ស្ថានភាព​ជាក់​ស្តែង។ ព្រះ​មហាក្សត្រ​ក្រោយ​មក​ ក៏​ព្រះរាជ​ទាន​ភ្លើង​ខៀវ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញឲ្យ​បន្ត​ការ​ធ្វើ​វិសោធនកម្ម​នេះ។

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​កាល​ពី​សប្តាហ៍​មុន​ថា ​សំណើ​វិសោធនកម្ម​នេះ ​នឹង​បញ្ជាក់​បន្ថែម​ថា ​លោក​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ដើម្បី​រក្សា​ផល​ប្រយោជន៍​ជាតិ និង​បញ្ចៀស​ការ​ជ្រៀត​ជ្រែក​ពី​បរទេស៕