រដ្ឋសភា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការដោះស្រាយ​ទំនាស់​ដីធ្លី

រូប​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​បន្ត​ចេញ​ពី​សាល​ប្រជុំ​ក្នុង​បង្ហាញ​ពី​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភាជាតិ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​ នៅ​ឯ​រដ្ឋសភា​ជាតិ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

ទំនាស់​ដីសម្បទាន​សង្គមកិច្ច​និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទាំងនោះ​ មាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​២០០០​គ្រួសារ​ដែល​បាន​កើត​មាន​ឡើង​នៅ​ ខេត្ត​ក្រចេះ ឧត្តរមានជ័យ​ ខេត្ត​ព្រះសីហនុ និង​រាជធានី ភ្នំពេញ។

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភាជាតិ​បាន​ជំរុញ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់ ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​នូវ​ករណី​ទំនាស់​ទាក់​ទង​នឹង​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច​និង​ទំនាស់​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​មួយ​ចំនួន​បាន​ប្តឹង​មក​ដល់​រដ្ឋ​សភាជាតិ​។

ទំនាស់​ដីសម្បទាន​សង្គមកិច្ច​និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទាំងនោះ​ មាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​២០០០​គ្រួសារ​ដែល​បាន​កើត​មាន​ឡើង​នៅ​ ខេត្ត​ក្រចេះ ឧត្តរមានជ័យ​ ខេត្ត​ព្រះសីហនុ និង​រាជធានី ភ្នំពេញ។ ក្នុង​នោះ ​ក៏មាន​ទំនាស់​ខ្លះ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​និង​ឧកញ៉ា​ផងដែរ។ នេះ​បើតាម​លិខិត​បញ្ជាក់​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​ដែល​បាន​បង្ហាញ​ជា​សាធារណៈ។

លោក​ អេង ឆៃអ៊ាង ​ប្រធាន​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋ​សភាជាតិបាន​បញ្ជាក់​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ក្រោយ​ពី​ធ្វើ​សវនាការ​របស់​គណៈកម្មការ​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​កាលពីថ្ងៃ​ព្រហស្បតិ៍ដោយបាន​លើកឡើង​ពីករណី​ទំនាស់ទាំងអស់​នោះ​ថា​កន្លែង​ខ្លះ​ការបែងចែក​ហាក់​ដូច​ជា​មិន​មាន​តម្លាភាព។

លោក ​អេង ឆៃអ៊ាង ​បាន​លើក​ឡើង​ពី​ដំណើរ​ការ​នៃ​ការ​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៥០គ្រួសារ​នៅ ចំណុច​អូរអំបិល​ ភូមិអូរតាម៉េង ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យថា៖

«គាត់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​គេ​ចែកទៅ​អត់​ចែក​ឱ្យ​ពួកគាត់​ ចែក​ឱ្យ​អ្នក​ផ្សេង​ព្រោះ មាន​ក្រុម​ការងារ​ចុះ​ទៅហើយ​ប៉ុន្តែ​អត់​បាន​ទៅធ្វើ​អត្តសញ្ញាណកម្ម​អ្នក​៣៥០គ្រួសារ​ចឹង​បាន​គណៈកម្មការ​ស្នើ​សុំ​ឱ្យ​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​មាន​ការ​បែង​ចែក​ដី​នៅ ទីនោះ​ធ្វើ​ឱ្យ​មាន​តម្លាភាព​។ ធ្វើម៉េច​ដី​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ជូន​ប្រជាពលរដ្ឋ​ហើយ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ ទីនោះ​កុំ​យក​ឱ្យ​អ្នក​ផ្សេង​។ នេះ​គ្រាន់​តែ​ខ្ញុំ​លើក​ឧទាហរណ៍​ហើយ​ខាង​ក្រសួង​នឹង​យក​រឿង​នេះ​ទៅ​ធ្វើ​កិច្ច​ការ‍»។​

ទំនាស់​ដី​ធ្លី​បាន​កើត​មាន​ឡើង​នៅ​ជាច្រើន​កន្លែង​ក្នុងប្រទេស​កម្ពុជា​ហើយ​មាន​ជន​រងគ្រោះ​ខ្លះ​បាន​ប្រថុយ​គ្រោះថ្នាក់​ឡើង​មកប្តឹង​ដល់​លំនៅដ្ឋាន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​សភាជាតិ​ហើយ​អ្នក​ខ្លះ​ទៀត​ក៏ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​កន្លងមក។​

លោក​ អ៊ឹម ឈុនលឹម​ រដ្ឋ​មន្ត្រី ក្រសួង​ដែនដី​និង​នគរូបនីយកម្ម​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពី​សវនាការ​នៅរដ្ឋ​សភាថា៖

«អ្វី​ដែល​ជា​សំណូម​ពរ​ពាក់​ព័ន្ធនឹង​ការចាប់​ការ​ឃុំ​ខ្លួន​អីនេះ​គឺ​ថា​គឺជា​ក្របខណ្ឌ​ច្បាប់​គឺ​ថា​យើង​ខ្ញុំ​សន្យា​ថា​នឹង​ពិនិត្យ​នៅក្នុង​ក្របខណ្ឌ​ជំនាញ​របស់​ក្រសួង​ប៉ុណ្ណឹង​‍»។​

លោក ​សេង ឡូត ​អ្នក​នាំពាក្យ​ក្រសួងដែនដី​និង​នគរូបនីយកម្ម​បាន​បញ្ជាក់​ថា​ចាប់​តាំង​ពី ឆ្នាំ​២០០៣​មក​ក្រសួង​ទទួល​បាន​ពាក្យ​បណ្តឹង​ប្រហែល​៧០០០​ករណី​ហើយ​បាន​ដោះស្រាយ​ជាង​៣០០០​ករណី​ហើយ​ប៉ុន្តែ​លោក​បដិសេធ​ថា​មិន​មាន​ទំនាស់​ជាមួយ​អ្នក​មាន​ទេ៖

«ក្រុមការងារ​របស់​គណៈកម្មការ​សូរិយោដី​ដែល​យើង​មាន​មន្ត្រី​ជំនាញ​វាស់​ដី​គាត់​ជួយ​សម្រប​សម្រួល​ជួយ​វាស់​វែង​អី​ក៏ដោះស្រាយ​បាន​ដែរ​។ ហើយ​បើ​សំដៅ​ទៅលើ​មុខ​សញ្ញា​វិវាទ​ឧកញ៉ា​អ្នក​មាន​អំណាច​ ខ្ញុំ​គិត​ថា​បើ​មើល​ទៅលើ​ជ្រុង​ហ្នឹង​ដូច​ជា​តិច​តួច​មែន​ទែន។ ស្ទើរតែ​ថា​គ្មាន‍»។

ប៉ុន្តែ​នេះមិន​មែន​ជាអ្វី​ដែល​លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​រក​ឃើញ​ទេ។

លោក​បាន​បញ្ជាក់​ថា៖

«បើ​យើ​ងនិយាយ​ឱ្យ​ចំ​ទៅ​បើ​យើង​សម្បទាន​ដី សេដ្ឋកិច្ច​ភាគច្រើន​ជាម្ចាស់​ក្រុមហ៊ុន​គឺ​ឧកញ៉ា​ហ្នឹង​តែម្តង។​ នេះ​គឺ​អ្វី​ដែល​យើង​ចង់​បញ្ជាក់​ហើយ​ក៏​មាន​ដី ឯកជន​ខ្លះ​ក៏ ទាក់​ទង​នឹង​ឧកញ៉ា​ អ្នក​មាន​អំណាច​ឬក៏​មានលុយ​ផងដែរ‍»។​

លោក​ អំ សំអាត ​បាន​បន្ថែម​ទៀត​ថា៖

«អ្វី​ដែល​យើង​កត់​សម្គាល់​យើង​ឃើញថា​បើ​សិន​ជា​បញ្ហា​ដី​ធ្លី​វា​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​នោះ ការ​ដោះស្រាយ​វាមាន​ប្រសិទ្ធភាព​ហើយ​ដោះស្រាយ​បាន​លឿន​ប៉ុន្តែ​បញ្ហា​ដែល​កើត​ចេញ​ពី​អ្នក​មាន​អំណាច​ អ្នក​មាន​លុយ​ អ្នក​មាន​បុណ្យ​សក្តិ​ទៅទៀត​នោះ​ហើយ​ជា​ការ​អូស​បន្លាយ​នៃ​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​‍»។​

ក្រសួង​បាន​អះអាង​ថា​មាន​បណ្ណកម្មសិទ្ធិ​ដីធ្លី៤លាន​ប័ណ្ណត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ ​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​និង​គ្រួសារ៕