សិក្ខាសាលារយៈពេលជិត៤ម៉ោងរបស់គណៈកម្មការរដ្ឋសភានៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមានការផ្តល់មតិជាច្រើនខុសៗគ្នាពីតំណាងសហជីព និយោជក និងអង្គការពាក់ព័ន្ធ។
មតិទាំងនេះរួមមាន តំណាងសហជីពមិនត្រូវមានងារជាឯកឧត្តមងារជាទីប្រឹក្សា ឬតួនាទីក្នុងរដ្ឋាភិបាល ហើយមិនត្រូវមានសហជីពបម្រើផលប្រយោជន៍និយោជកប្រឆាំងប្រយោជន៍កម្មករ។ ហើយនិយោជកត្រូវមានប្រាក់តម្កល់ដើម្បីធានាថា កម្មករបានប្រាក់ឈ្នួលពេលរោងចក្របិទ ឬប្តូរឈ្មោះ ឬប្តូរថៅកែជាដើម។ តំណាងសហជីពបង្ហាញក្តីបារម្មអំពីកំហិតផ្លូវច្បាប់មកលើសហជីព ដូចជាទោសទណ្ឌ ការតម្រូវឲ្យតំណាងសហជីពត្រូវមានលិខិតថ្កោលទោស និងលក្ខខណ្ឌនៃការបង្កើតសហភាពសហជីព។
ក្រៅពីនេះ ខណៈដែលភាគីសហជីពចង់ឲ្យពន្យារពេលការអនុម័តច្បាប់នេះ ភាគីនិយោជកចង់ឲ្យច្បាប់នេះចូលជាធរមានឲ្យបានឆាប់ ទោះជាភាគីគ្រប់គ្រងរោងចក្រមិនពេញចិត្តទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់នេះក៏ដោយ។ ក្រៅពីនេះភាគីនិយោជកក៏ស្នើឲ្យរដ្ឋាភិបាលបង្កើតតុលាការការងារឲ្យបានឆាប់ផងដែរ។
ខណៈសហជីពឯករាជ្យខ្លះដែលធ្វើការដើម្បីប្រយោជន៍កម្មកររិះគន់ថា សេចក្តីព្រាងច្បាប់នេះមានលក្ខណៈរឹតបន្តឹងការចងក្រងសហជីពនៅតាមបណ្តារោងចក្រ និងសហគ្រាសនោះ តំណាងនិយោជកក៏សម្តែងការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះដែរ។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់សិក្ខាសាលាថា ការកំណត់ចំនួនមនុស្សត្រឹមតែ១០នាក់ដើម្បីបង្កើតសហជីព ដូចដែលបានសរសេរនៅក្នុងសេចក្តីព្រាងច្បាប់នេះនឹងបង្កឲ្យមានសហជីពច្រើនលើសលប់ មានទំនាស់ក្នុងគ្រឹះស្ថានសហគ្រាស និងនាំឲ្យខាតប្រយោជន៍សេដ្ឋកិច្ចជាតិ។
«អញ្ចឹងការកំណត់ចំនួនទាបពេកដើម្បីបង្កើតសហជីព ខ្ញុំគិតថា មិនបានផ្តល់នូវតម្លៃខ្ពស់ដល់សហជីពទេ។ សហជីពគួរត្រូវបានបង្កើតឡើងដោយមានសមាជិកយ៉ាងតិច២០%នៃចំនួនកម្មករនិយោជិតសរុបនៅក្នុងគ្រឹះស្ថានសហគ្រាសមួយ»។
លោកបន្តថា សូម្បីនៅសភាជាតិដែលមានគណបក្សនយោបាយតែពីរក៏មានទំនាស់ច្រើនដែរ។
សេចក្តីព្រាងច្បាប់សហជីពនេះត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា។ក្រុមសហជីពនិងកម្មករធ្វើការតវ៉ាសម្តែងការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះ និងបានសុំឲ្យមានការកែប្រែចំណុចចំនួន២១។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរហៅកាត់ថា C-CAWDU បាននិយាយថា ក្នុងចំណោមចំណុចទាំង២១នោះ មានចំណុចចំនួន៣ដែលធ្វើប៉ះពាល់ផលប្រយោជន៍កម្មករយ៉ាងខ្លាំង ហើយដែលធ្វើឲ្យសហជីព និងកម្មករបារម្ភបំផុត។
«ចំណុចទីមួយគឺសិទ្ធិកូដកម្ម។ សិទ្ធិកូដកម្មនេះគឺបើសិនត្រូវមានសមាជិក៥០បូក១នៃសមាជិកសរុបដើម្បីសម្រេចធ្វើកូដកម្ម បានន័យថា សិទ្ធិនេះត្រូវបានបាត់ហើយ ហើយកម្មករលែងមានឱកាសធ្វើកូដកម្មទៀតហើយ។ ទីពីរពាក់ព័ន្ធទៅនឹងការរំលាយអង្គភាព។ ប្រសិនបើនិយោជកមានសិទ្ធិស្នើរំលាយដែរ បានន័យថា អង្គភាពហ្នឹងអត់មាននិរន្តរភាពទេ។ ហើយមួយទៀត បើសិនជាសហជីពមិនទាន់បានចុះបញ្ជី ឬពន្យារការចុះបញ្ជី នោះយើងទៅជាខុសច្បាប់។ អញ្ចឹងបានន័យថា យើងខុសច្បាប់ដោយស្វ័យប្រវត្តិ។ បីចំណុចហ្នឹងគឺយើងបារម្ភខ្លាំងមែនទែន»។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់សិក្ខាសាលាថា ច្បាប់នេះគ្របដណ្តប់លើនិយោជិតទាំងអស់ ហើយគេអាចបង្កើតសហជីព បើមានគ្នាចាប់ពី១០នាក់។ លោកបន្ថែមថា ការធ្វើកូដកម្ម ឬបាតុកម្មត្រូវមានសំឡេង៥០%បូកមួយនៃកម្មករក្នុងរោងចក្រសហ គ្រាសណាមួយ។
«ហើយការអនុម័តត្រូវធ្វើយ៉ាងណាឲ្យបាន៥០%បូកមួយដើម្បីនឹងអនុម័តថា តើធ្វើឬមិនធ្វើ ព្រោះធ្វើទៅវាប៉ះពាល់ផលប្រយោជន៍បងប្អូន»។
យ៉ាងណាក្តី លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងជាសមាជិកគណៈកម្មការចំពោះកិច្ចនៃរដ្ឋសភា បានប្រាប់ VOA ថា សេចក្តីព្រាងច្បាប់នេះមានបញ្ហាច្រើនដែលត្រូវកែលម្អ។
«យើងឃើញហើយច្បាប់ដែលរដ្ឋាភិបាលផ្តល់មករដ្ឋសភានេះគឺមិនបានធានាដល់កម្មករក្នុងការបង្កើតសហជីពទូលំទូលាយទេ»។
លោកនិយាយថា គណបក្សទាំងពីរមានការខ្វែងគំនិតគ្នាខ្លះក្នុងសេចក្តីព្រាងច្បាប់នេះ តែលោកមិនរំពឹងថា ក្តីបារម្ភរបស់គណបក្សសង្គ្រោះជាតិអាចជំរុញឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់នេះបានច្រើនដូចក្តីរំពឹងរបស់កម្មករ និងសហជីពនោះទេ។
លោកហេង សំរិន ប្រធានរដ្ឋសភានិងជាអធិបតីនៃសិក្ខាសាលានេះ បានអំពាវនាវឲ្យគណៈកម្មការចំពោះកិច្ច ដែលសិក្សាអំពីសេចក្តីព្រាងច្បាប់សហជីពនេះ និងទទួលយកនូវសំណើរបស់ពួកគេមួយចំនួន បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់នេះដើម្បីឱ្យច្បាប់នេះបម្រើផលប្រយោជន៍ សហជីព កម្មករ និងនិយោជក។
«ក្រុមការងារចំពោះកិច្ចរបស់រដ្ឋសភាត្រូវយកចិត្តទុកដាក់ចំពោះមតិ យោបល់ សំណូមពរ និងអនុសាសន៍នានា»។
លោកនិយាយថា វិស័យកាត់ដេរដែលមានរោងចក្រជាង៥.០០០ និងមាននិយោជិតជាង៥សែននាក់គឺជាវិស័យដ៏សំខាន់រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
នៅព្រឹកថ្ងៃពុធនេះដែរ ខណៈដែលសិក្សាសាលានេះកំពុងធ្វើឡើងនៅក្នុងរដ្ឋសភានោះ នៅមុខវិមានរដ្ឋសភាមានកម្មករនិងសមាជិកសហជីពប្រហែល១០០នាក់បានលើកគ្នាតវ៉ាដើម្បីទាមទារឱ្យសភាបដិសេធសេចក្ដីព្រាងច្បាប់សហជីពនេះ។
អ្នកស្រីអុំ ម៉ានិត ដែលកាន់បដាបដិសេធច្បាប់សហជីពនេះ ប្រាប់ VOAថា៖
«ទាមទារឲ្យសភាហ្នឹងទម្លាក់ចោលសេចក្តីព្រាងច្បាប់អញ្ចឹងហ្នឹងណា៎ ព្រោះថា បើគាត់អនុម័តរួចហើយ វាធ្វើឲ្យកម្មករទាំងអស់គាត់អត់មានសិទ្ធិក្នុងការបង្កើតសហជីពនិងបញ្ចេញមតិផ្សេងៗ»។
គណៈកម្មការចំពោះកិច្ចការរបស់រដ្ឋសភាជាតិបានធ្វើសិក្ខាសាលាលើក ទី១លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព កាលពីថ្ងៃទី១៩ខែមករា។ សេចក្តីព្រាងច្បាប់សហជីពនេះបានទៅដល់គណៈកម្មការនីតិកម្មនៃរដ្ឋសភាជាតិកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៥ បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយគ្មានការកែប្រែ៕