គណៈកម្មការ​សភា​ពិភាក្សា​ពី​ការ​បង្កើត​តុលាការ​ការងារ

កិច្ច​ប្រជុំ​លើក​ទី​៣​របស់គណៈកម្មការ​ចំពោះកិច្ច​ អំពី​សេចក្តីព្រាង​ច្បាប់​ស្តីពី​ច្បាប់សហជីព​ នៅឯ​រដ្ឋ​សភា​ កាល​ពីថ្ងៃ​ទី​១៩​ ខែ​មករា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)

តុលាការ​ការងារ​ដែល​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​មាន​អំណាច​ដោះ​ស្រាយ​វិវាទ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ព្រម​ទាំង​អាច​កាត់​បន្ថយ​វិវាទ​ការងារ​ជា​អតិបរមា។

គណៈ​កម្មការ​ចំពោះ​កិច្ចការ​របស់​រដ្ឋសភា​ជាតិ​ ដែល​ធ្វើការ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ បាន​ផ្តោត​ការ​ពិភាក្សា​នៅថ្ងៃ​អង្គារ​នេះ​លើ​ការ​បង្កើត​តុលាការ​ការងារ។​
តុលាការ​ការងារ​គឺ​សំដៅ​ដល់​តុលាការ​ជំនាញគ្រប​ដណ្តប់​លើ​វិវាទ​ការងារ​ ដែល​អាច​ឈាន​ដល់​ការ​ដាក់​សម្ពាធ​ផ្លូវ​ច្បាប់​ឲ្យ​ទាំង​ភាគី​និយោជក ​និង​កម្មករ​គោរព​តាម។

តុលាការ​ការងារ​ដែល​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​មាន​អំណាច​ដោះ​ស្រាយ​វិវាទ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ព្រម​ទាំង​អាច​កាត់​បន្ថយ​វិវាទ​ការងារ​ជា​អតិបរមា។ នេះ​បើ​យោង​តាម​លោក សុន ឆ័យ ​អ្នកតំណាង​រាស្ត្រ​មក​ពីគណបក្ស​ជំទាស់។

លោក​ សុន ឆ័យ ​បាន​ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌​ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចំពោះ​កិច្ច​ថា៖

«មុន​នឹង​ឈាន​ទៅ​ដល់​តុលាការ គឺ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ច្រើន​តែ​សម្រុះ​សម្រួល។​ ខាង​សហជីព​គាត់​បាន​ត្អូញត្អែរ​ថា​ ពេល​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​សម្រេច​ហើយ ​និយោជក​មិន​ព្រម​អនុវត្ត​ទេ។ តែ​ពេល​យើង​ចេញ​ជា​ច្បាប់​ហើយ​ យើង​មាន​តុលាការ​ការងារ​ត្រឹម​ត្រូវ។ កាល​ណា​មាន​ការ​សម្រេច​យ៉ាង​ណា​ហើយ ​ទាំង​ភាគី​សហជីព​ ទាំង​និយោជក​ត្រូវ​គោរព​សេចក្តី​សម្រេច»។​

រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)

ជាមួយ​គ្នា​នេះ​ដែរ ​លោក សុខ ឦសាន អ្នក​តំណាង​រាស្ត្រ ​និង​ជា​អ្នកនាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច​ថ្លែង​ថា​ ការ​បង្កើត​តុលាការ​ការងារ​ជា​យន្តការ​សំខាន់​ថ្មី​មួយ​ទៀត ដែល​មិន​អាច​ខ្វះ​បាន​ដែល​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន ​និង​កំពុង​យក​ចិត្ត​ទុក​ដាក់។

«តុលាការ​ការងារ​ត្រូវ​តែ​កើត​ឡើង ​ដើម្បី​ដោះស្រាយ​រាល់​បាតុភាព​ដែល​កើតឡើង​ក្នុង​រង្វង់​កម្មករ​សហជីព​ និង​និយោជក​នេះ​ឯង»។

សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស​នេះ​ ជារឿយៗ​ត្រូវ​បាន​ពិនិត្យ​ និង​ពិចារណា​ដោយ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​ក្នុង​សភា​ជាតិ​ ដើម្បី​សម្រួល​ដល់​ទំនាក់​ទំនង​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។ យ៉ាង​ណា​ក៏ដោយ ភាគី​ពាក់ព័ន្ធ​នៃ​ច្បាប់​នេះ​តែង​តែ​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​រសើប​ខ្លះ ដែល​គេ​មើល​ឃើញ​ថា​ ជា​ការ​រិតត្បិត​សេរីភាព​សហជីព​នោះ។

លោកស្រី​ អាន​ វីរៈ ​ជា​ប្រធាន​បណ្តុះបណ្តាល​ និង​ទំនាក់ទំនង​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ​និង​តុលាការ​ការងារ​ ត្រូវ​បាន​ចែង​ដោយ​ច្បាប់​ការងារ​ឲ្យ​មាន​ដែន​កំណត់​ការងារ​ដាច់​ដោយ​ឡែក​ពីគ្នា។​

«ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ត្រូវ​បាន​បង្កើត​ឡើង​មុន​តុលាការ​ការងារ។ នៅក្នុង​ច្បាប់​ការងារ​បង្ហាញ​ថា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​វិវាទ​ការងារ​រួម។ ដោយ​ឡែក​ តុលាការ​ការងារ​ទទួល​វិវាទ​ការងារ​បុគ្គល​ដែល​កើតឡើង​រវាង​និយោជក​ និង​និយោជិត»។

ចំពោះ​វត្តមាន​នៃ​តុលាការ​ការងារ​ដែល​មិន​ទាន់​លេច​រូប​រាង​នេះ​ លោកស្រី ​អាន​ វីរៈ ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ​ថា​ នឹង​អាច​កាត់​បន្ថយ​វិវាទ​ក្នុង​ការងារ​បាន​ដល់​កម្រិត​ណានោះ។​

លោក អាត់ ធន​ ប្រធាន​សហភាព​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ យល់​ថា ​តុលាការ​ការងារ​ថ្មី​នេះ​គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​មួយ​សម្រាប់​កម្មករ​និយោជិត​ក្នុង​ការផ្តល់​តុល្យភាព​អំណាច​ និង​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ។

«ហើយ​នៅ​ក្នុង​ច្បាប់​សហជីព​ក៏​បាន​កំណត់​ដែរ​ថា​ ទោសពិន័យ​ ឬ​ការ​កាត់ក្តី​ផ្សេងៗ​ត្រូវ​ធ្វើឡើង​ដោយ​តុលាការ​ការងារ។ ខ្ញុំ​ចង់​ឃើញ​តុលាការ​ការងារ​មួយ​ដែល​កើត​ឡើង​ឲ្យ​បាន​លឿន​ និង​ឯករាជ្យ​ដែល​មាន​ត្រីភាគី​គឺ​និយោជក​ និយោជិត​ និង​រដ្ឋាភិបាល»។

សម្រាប់​លោក អាត់ ធន ​ចង់​ឃើញ​តួអង្គ​តុលាការ​ថ្មី​នេះ​មាន​តម្លាភាព​ និង​ឯករាជ្យ​ភាព​ពិត​ប្រាកដ ដែល​ធានា​បាន​នូវ​យុត្តិធម៌​គ្រប់​គូភាគី។​

គេ​ដឹង​ថា​ វិស័យ​វាយនភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៧០ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា។ សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​ មាន​បំណង​រិតត្បិត​លើ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ដែល​តែង​តែ​ទាម​ទារ​សិទ្ធិ​ការងារ​ដល់​កម្មករ៕