គណ:កម្មាធិការ​រដ្ឋសភា​ស្នើដល់​បក្ស​កាន់អំណាច​រើស​បេក្ខជន​​​ប្រធាន​​គ.ជ.ប ​មួយរូប ​ក្នុង​ចំណោម​ពីរ​រូប

រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

តំណាង​រាស្រ្ត​ខេត្ត​ត្បូង​ឃ្មុំ និង​ជា​អតីត​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​លោក​ ប្រាជ្ញ ចន្ទ ត្រូវ​បាន​រដ្ឋសភា​ប្រកាស​ថា​បាន​ដាក់​ពាក្យ​ធ្វើ​ជាបេក្ខជន​ប្រធានគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)។ លោក​គឺ​ជា​បេក្ខជន​ម្នាក់​ដែល​ទំនង​នឹង​ត្រូវជ្រើស​រើស​ជា​ប្រធាន​ស្ថាប័ន​បោះ​ឆ្នោត​ តាមច្បាប់​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​ពី​តំណាង​រាស្រ្ត​នៅ​រដ្ឋសភា ក្រោយគណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​ជ្រើស​តាំង​និង​បញ្ជូន​ឈ្មោះ​មកកាន់​សភា។

គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អនុម័ត​យល់​ព្រម​លើ​បេក្ខជន​ពីរ​រូប ដែល​បាន​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​គ.ជ.ប ដើម្បី​បញ្ជូន​បន្ត​ឲ្យ​គណបក្ស​កាន់​អំណាច​ជ្រើស​រើសបេក្ខជន​មួយ​រូប មុន​ការ​បោះ​ឆ្នោត​សម្រេច​ផ្តល់សេចក្តី​ទុក​ចិត្តពី​រដ្ឋសភា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ។ ការ​សម្រេច​ឲ្យ​គណ​បក្ស​កាន់​អំណាច​ដែល​គ្រប់​គ្រង​រដ្ឋសភា ផ្តល់​ការ​យល់​ព្រម ដោយ​សារ​ច្បាប់​កំណត់​ថា​គណបក្ស​ដែល​មាន​សំឡេង​ក្នុង​រដ្ឋ​សភា​អាច​បញ្ជូន​បេក្ខជន​ដែល​ខ្លួន​ចង់​ឲ្យ​ធ្វើ​ជា​សមាជិក​គ.ជ.ប ដោយ​មាន​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋានរដ្ឋសភា បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​បេក្ខជន​ពីរ​រូប​ដែល​បាន​ដាក់​ពាក្យ​ធ្វើ​ជា​ប្រធាន​គ.ជ.ប មានលោក ប្រាជ្ញ ចន្ទ ​តំណាង​រាស្រ្ត​មួយ​រូប​ដែលមាន​តំណែង​ជា​ប្រធាន​គណៈ​កម្មការ​ទីមួយ​នៃរដ្ឋ​សភា និងមាន​បទ​ពិសោធន៍ធ្វើ​ជា​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ និង​លោក កា លាន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​អភិបាល​រង​ខេត្ត​ព្រះ​វិហារ។ លោក ប្រាជ្ញ ចន្ទ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បេក្ខ​ភាព​ដែល​មាន​លទ្ធភាព​ច្រើន​ជាង ក្នុង​ការ​ជ្រើស​រើស​ធ្វើ​ជា​ប្រធាន​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ។

នៅ​ពេល​ VOA ទាក់ទង​ស្នើសុំ​សេចក្តី​អត្ថាធិប្បាយ​ លោក​ ប្រាជ្ញ ចន្ទ ​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ ដោយបានស្នើ​ឲ្យ​ទាក់ទង​ទៅ​ខាង​រដ្ឋសភា​វិញ។

លោក ប្រាជ្ញ ចន្ទ តំណាងរាស្រ្ត​ខេត្ត​ត្បូង​ឃ្មុំ និង​ជា​អតីត​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​រដ្ឋសភា​ប្រកាស​ថា​បាន​ដាក់​ពាក្យ​ធ្វើ​ជា​បេក្ខជន​ប្រធានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)។ (រូបថត​ពី​ Facebook/Prach Chann)

ពាក់ព័ន្ធ​នឹង​មន្ទិល​ជុំវិញ​ឯករាជ្យភាព ឬ​អព្យា​ក្រឹត្យ​ភាព​នៃ​បេក្ខ​ជន​ជា​ប្រធាន​គ.ជ.ប ដែល​មាន​ប្រវត្តិ​ជាប់​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​កាន់​អំណាច​ លោក ​ឡេង ប៉េងឡុង ​បាន​លើកឡើង​ថា​គណៈ​កម្មាធិការ​អចិ​ន្រ្តៃយ៍​រដ្ឋសភា​អនុវត្ត​ទៅ​តាម​គោល​ការណ៍​នីតិវិធី​ច្បាប់​ ដើម្បី​ពិនិត្យ​លើ​បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ។

លោក​ថ្លែង​ថា៖ «យើង​អនុវត្ត​ច្បាប់ ធ្វើ​ក្រៅ​បច្ចុ​ប្បន្ន​ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​អញ្ចឹង? យើង​មាន​សំអាង​អី? យើង​ឲ្យ​រើស​នរណា​ទៅ? យើង​រើស​ទៅ​តាម​ច្បាប់​។ អញ្ចឹង​យើង​គ្មាន​ធ្វើ​អី​ក្រៅ​ពី​ច្បាប់​ទេ។ ហើយ​ប្រទេស​ណា​ក៏​អញ្ចឹង​ដែរ។ ប្រទេស​ណា​ក៏​គេ​ធ្វើ​តែ​តាម​ច្បាប់​ដូចគ្នា។ អាហ្នឹង​ធម្មតា​ អ្នក​មាន​មន្ទិល​ គឺ​គាត់​ចេះ​តែ​ចង់​បន្ទោស អ្នក​នេះ​អ្នក​នោះ​អី​ មិន​ត្រឹម​ត្រូវ​អី​អញ្ចឹង។ បើ​អត់​ត្រូវ​ គេ​មើល​ច្បាប់។ បើ​យើង​សង្ស័យ​ច្បាប់​ទៀត​ មិនដឹង​ថា​ ពឹង​លើ​អី​ទៀត​ទេ​ឥឡូវ​ហ្នឹង»។

លោក​បន្ត​ថា​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា​នឹង​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ម្នាក់​ក្នុង​ចំណោម​បេក្ខ​ជន​ពីរ​នាក់​នេះ ហើយ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​សភានឹង​ពិនិត្យ​ពិភាក្សា​ម្តង​ទៀត មុន​សម្រេច​ដាក់​ឈ្មោះ​បេក្ខជន​ជ្រើស​រើស​ចូល​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​នៅ​ពេល​ខាង​មុខ។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បានប្រកាសបើក​ការ​ដាក់ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ជ្រើសរើស​ជា​ប្រធាន​គណៈ​កម្មាធិ​ការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​សម្រាប់​សាធារណ​ជន​ជា​ទូទៅ​។ ការ​ជ្រើស​រើស​បេក្ខជន​ឈរ​ឈ្មោះ​នេះ​ គឺ​ដើម្បី​ជំនួស​តំណែង​លោក ស៊ិក ប៊ុនហុក ដែល​បាន​សុំ​លាលែង​ពី​តំណែង​ដោយសារ​បញ្ហា​សុខ​ភាព​។

​លោក ស៊ិក ប៊ុនហុក បាន​ក្លាយ​ជា​ប្រធាន​គ.ជ.ប កាល​ពី​ឆ្នាំ​២០១៤ នៅ​ពេល​មាន​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត ដោយកាល​នោះ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ទាន់​ត្រូវ​បាន​រំលាយ​ដោយ​តុលា​ការ​កំពូល បាន​ទាមទារ​ឲ្យ​សមាជិក​គ.ជ.បសរុប​ទាំង​៩​នាក់ មាន​អ្នក​មក​ពី​គណបក្ស​ប្រឆាំង​ផង ដើម្បី​ធានា​ភាព​ទុក​ចិត្ត​នៃ​ស្ថាប័ន​មួយ​នេះ។ ប៉ុន្តែ​សមាជិក​គ.ជ.ប លើស​លប់​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​និន្នាការ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសាសន៍​ថា​លោក​មិន​មាន​ព័ត៌មាន​ថា​តើ​លោក ប្រាជ្ញ ចន្ទ ត្រូវ​បាន​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រេច​ឲ្យ​ទៅ​ដាក់​ពាក្យ​ជា​ប្រធាន​គ.ជ.ប​ ឬ​យ៉ាងណា​ឡើយ។ ប៉ុន្តែ​លោក​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បេក្ខភាព​របស់លោក​ ប្រាជ្ញ ចន្ទ ដែល​លោក​ថា​ធ្លាប់​បម្រើ​ការងារ​តាម​មូលដ្ឋាន​នៅ​ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​និយាយ​រួម​ជា​អត្តនោម័តិ​ជា​បុគ្គល​របស់​ខ្ញុំ។ ខ្ញុំ​មិន​មាន​ទំនាស់​អី​ជាមួយ​នឹង​ឯក​ឧត្តម​ប្រាជ្ញ​ ចន្ទ​ទេ។ ខ្ញុំ​យល់​ថា​គាត់​មាន​សមត្ថភាព​អាច​ធ្វើ​ការងារ​បាន ពី​ព្រោះ​គាត់​ធ្លាប់​បាន​ធ្វើជា​អភិ​បាល​នៃ​គណៈអភិបាល​ខេត្ត។ គាត់​ធ្លាប់​បាន​ធ្វើជា​តំណាង​រាស្រ្ត ហើយ​គាត់​ធ្លាប់​ធ្វើ​ជា​នាយក​ខុទ្ទ​កាល័យ​គណៈ​កម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កន្លង​ទៅ​ដែរ​បាទ»។

លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា​ខុម​ហ្រ្វែល ថ្លែង​ថា​រដ្ឋ​សភា​មាន​សិទ្ធិ​អំណាច​ត្រឹម​តែពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​របស់​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈ​កម្មា​ធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ ហើយ​ការ​ជ្រើស​រើស​បេក្ខជន​ចេញ​ពី​នោះ គឺ​ពាក់ព័ន្ធ​នឹង​គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា។

«អញ្ចឹង​បើ​យើង​មើល​ទៅ​ទោះបី​ជា​ការ​រើស​ជា​សា​ធារណៈ​ ឬ​ក៏​យើង​យល់​ឃើញ​នៅ​ក្នុង​កម្រិត​ណា​ក៏​ដោយ។ មាន​អ្នក​ខ្លះ​យល់​ឃើញ​ថា​វា​មាន​តុល្យភាពឬ​មិន​តុល្យភាព​យ៉ាង​ណា​ក៏​ដោយ។ ក៏​មាន​សមាស​ភាព​ក៏​នៅ​តែ​ត្រូវ​ការ​ការ​យល់ព្រម ការ​ទុក​ចិត្ត​ពី​គណបក្ស​ដែល​ជា​ម្ចាស់​កូតា​ហ្នឹង​ដែរ»។

លោក​បញ្ជាក់​ថា​រាល់​ការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​អតីត​ភាព​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោ​បាយ​ណា​មួយ ​តែង​តែ​មាន​ឥទ្ធិពល​ខ្លះ​មក​លើ​ឯក​រាជ្យ​ភាព និង​អព្យាក្រឹត្យភាព​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​។

លោក​បន្ថែម​ថា៖ «វា​ជៀស​មិន​ផុត​ទេ​បាទ។ ទោះ​បី​ថា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​លើក​ឡើង​ថា​បុគ្គល​ដែល​ត្រូវ​តែ​ជា​សមាស​ភាព​គ.ជ.ប​ហ្នឹង ​ត្រូវ​តែ​លា​លែង​ពី​តំណែង​ ហើយ​ឈប់​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ចូល​គណ​បក្ស​នយោបាយ​ ឬ​ស្ថាប័ន​វិញ​ក៏​ដោយ។ ក៏​ប៉ុន្តែ​ជៀស​មិន​ផុត​ទេ​ ដោយ​សារ​តែ​កូតា​ហ្នឹង​វា​ចេញ​ពី​គណបក្ស​ ហើយ​ជា​គោល​ការណ៍ យើង​មើល​ឃើញ​បែប​ហ្នឹង»។

លោក កន សាវាង្ស ក៏​បាន​លើកឡើង​ផង​ដែរ​ថា ការ​ធ្វើ​វិសោធនកម្មបន្ថែម​លើ​ច្បាប់​ពាក់ព័ន្ធ​នឹង​នីតិវិធី​ក្នុង​ការ​ជ្រើសរើស​បេក្ខ​ភាព​ប្រធាន​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជ្រើស​រើស​បេក្ខ​ជន​ឈរ​ឈ្មោះ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ក្នុង​ស្មារតី​សម្រិត​សម្រាំង​ឯករាជ្យ​ភាព​និង​អព្យាក្រឹត្យភាព​នៃ​គ.ជ.ប​។

កាល​ពី​កន្លង​ទៅ គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​លើក​ឡើង​ថា​មិន​អាច​ទទួល​យក​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយដែល​មាន​សមា​ជិក​លើស​លប់​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ។

ចំណែក​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ស្នើ​សុំ​រដ្ឋសភា​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ស្ពី​ពី​សមាស​ភាព​ស្ថាប័ន​គ.ជ.ប ដែលចែង​ពី​ដើម​ឡើយ​ថា​សមាស​ភាព​៤​រូប ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល ៤​រូបទៀត​ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​មួយ​រូប​ទៀត​ជ្រើស​រើស​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណ​បក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​ថាក្នុង​ករណី​ដែល​មាន​តែ​គណ​បក្ស​នយោបាយមួយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា សមាស​ភាព​គ.ជ.ប ចំនួន​៤​រូប ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋា​ភិបាល និង​៥​រូប​ទៀត ត្រូវ​ជ្រើស​រើស​ដោយ​បើក​ចំហនិង​តម្លាភាព៕