កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននាំឱ្យប្រទេសកម្ពុជារក្សាបានអព្យាក្រឹតភាព បូរណភាពទឹកដី ការកសាងស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែនៅមិនទាន់ឈានដល់ការកសាងនីតិរដ្ឋមួយត្រឹមត្រូវ ដែលធានានូវសិទ្ធិសេរីភាពពលរដ្ឋនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។
Your browser doesn’t support HTML5
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយធានាឱ្យកម្ពុជាមានអព្យាក្រឹតភាព និងបូរណភាពទឹកដី ហើយសម្រេចបានតាំងពីឆ្នាំ១៩៩១មក ដោយសារតែមិនមានបរទេសណាមកតាំងទ័ពនៅលើទឹកដីកម្ពុជាទៀតទេ។
សហគមន៍អន្តរជាតិក៏បានជួយស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្គ្រាម។ លោក សោភក្តិ៍ យល់ឃើញថា នៅលើផ្នែកនេះសហគមន៍អន្តរជាតិបានបំពេញបានច្រើនហើយកំពុងបំពេញបន្តទៀត។
លោកបន្ថែមថា៖
«ក្នុងរយៈ២០ឆ្នាំចុងក្រោយនេះ សហគមន៍អន្តរជាតិបានបំពេញតួនាទីខ្លួនឯងដោយផ្ទាល់ផងដែរ ហើយមានអង្គការអន្តរជាតិច្រើនណាស់ធ្វើរឿងទាំងអស់ហ្នឹងគ្រប់វិស័យទាំងអស់។ ហើយបានចូលរួមជួយអង្គការសង្គមស៊ីវិលរបស់កម្ពុជារបស់យើងនៅតាមថ្នាក់ជាតិក្តីនៅតាមថ្នាក់ក្រោមជាតិក្តី ស្រុកភូមិឃុំយើងឃើញថា២០ឆ្នាំ ហ្នឹងគឺធ្វើសន្ធឹកសន្ធាប់ណាស់»។
សហគមន៍អន្តរជាតិក៏ជួយដល់ការរៀបចំផ្នែកគន្លឹះមួយចំនួននៃស្ថាប័នជាតិទាំងផ្នែករូបវ័ន្ត និងស្មារតីដែលមានការជួយដល់ការពង្រឹងរដ្ឋធម្មនុញ្ញ តុលាការ និងការគោរពសិទ្ធិមនុស្សជាដើម។
បច្ចុប្បន្ននេះសហគមន៍អន្តរជាតិមើលឃើញថា បញ្ហាប្រឈមនានាក្នុងពេលសព្វថ្ងៃគឺកំពុងតែក្លាយជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាហើយ។ លោកសោភក្តិ៍ បានលើកឧទាហរណ៍ពីបញ្ហាទំនាស់នយោបាយ ដែលកំពុងមានរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងជាដើម។
លោកបានបន្ថែមថា៖
«បើសិនជាឈ្លោះគ្នាយ៉ាងម៉េចយ៉ាងម៉ាត្រូវចេះអង្គុយតុខ្លួនឯងចេះអង្គុយនិយាយគ្នាមិនចាំបាច់ឱ្យអន្តរជាតិមកលូកដៃមកចុះហត្ថលេខាឱ្យដូចមុនទេ...ហើយគួរតែអង្គុយជជែកគ្នាកុំឱ្យមានការប្រើគុកប្រើច្រវ៉ាក់ឬមួយការបកស្រាយច្បាប់ដែលនាំឱ្យមានការឃុំខ្លួន»។
គណបក្សកាន់អំណាចតែងតែលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានផុតសុពលភាព ហើយក្រោយពីប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៣។
ប៉ុន្តែលោក សោភក្តិ៍ យល់ផ្សេងពីនេះ។ លោកបានបញ្ជាក់ឆ្លើយតបនឹងសំណួររបស់អ្នកស្តាប់កម្មវិធី Hello VOA ដែលបានទូរស័ព្ទចូលមកថា៖
«ការដែលបង្កើតរដ្ឋធម្មនុញ្ញ គឺមិនចប់តួនាទីរបស់សហគមន៍អន្តរជាតិ ឬកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ផ្ទុយទៅវិញត្រូវបន្តពង្រឹងតទៅទៀត»។
លោកបានបន្ថែមថា ជាពិសេសនៅក្នុងកាលៈទេសៈដែលការអនុវត្តតាមរដ្ឋធម្មនុញ្ញនៅមិនទាន់បានរឹងមាំ។ ហើយបញ្ហាប្រឈមក្នុងពេលខាងមុខដែលរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺការបង្កើនទំនុកចិត្តរបស់ពលរដ្ឋមកលើរដ្ឋាភិបាល។ ឧទាហរណ៍ ការធ្វើឃាតលោក កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គមគឺត្រូវតែមានការស៊ើបអង្កេតដោយតម្លាភាពតាមស្វែងរកឃាតករ និងអ្នកបញ្ជាឃាតករយកមកកាត់ទោសជាដើម។
លោកបានបន្ថែមថា៖
«នៅឆ្នាំ២០១៣ប្រជាពលរដ្ឋបានឱ្យសញ្ញាហើយថាធ្វើខុសបានជាធ្លាក់កៅអីមកសល់៦០ជាង។ ដូច្នេះគ្មានអ្វីដែលច្បាស់លាស់ជាងចំណុចអស់ទាំងហ្នឹងទេ ហើយបើសិនជាមិនទទួលម៉េចហ្នឹងបាន បើប្រជាពលរដ្ឋគេទម្លាក់កៅអីដល់ប៉ុណ្ណឹងហើយ ហើយនៅឆ្នាំ២០១៧និង២០១៨ហ្នឹងត្រូវធ្វើឱ្យស្រួលដើម្បីធានាឱ្យបានឡើងវិញ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅសាលប្រជុំក្លេប៊ែក្នុងទីក្រុងប៉ារីសប្រទេសបារាំងដោយភាគីទំនាស់ចំនួនបួន ដើម្បីបញ្ឈប់ការច្បាំងគ្នា។ ការចរចាបានចំណាយពេលយ៉ាងយូរដែលលោកសោភក្តិ៍ យល់ថា គ្រប់ភាគីទាំងអស់ និងប្រទេសមហាអំណាចទាំង៥មានចំណែកស្មើៗគ្នា៕