កិច្ច​ព្រមព្រៀង​ក្នុង​សន្និសីទ​ស្ដី​ពី​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ប៉ារីស​ត្រូវ​ពន្យារពេល​មួយ​ថ្ងៃ​ទៀត

លោក Laurent Fabius រដ្ឋ​មន្រ្តី​ការ​បរទេស​បារាំង និង​ជា​ប្រធាន​ស្តី​ទី​នៃ​កិច្ចប្រជុំ​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ ថ្លែង​ក្នុង​កិច្ចប្រជុំ​ការងារ​របស់​គណកម្មាធិការ​របស់​ក្រុង​ប៉ារីស​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ នៅ​ក្នុង​សង្កាត់ Le Bourget ប្រទេស​បារាំង កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥។

រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង លោក Laurent Fabius បាន​ប្រកាស​ពី​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ថា កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​មួយ​នឹង​មិន​អាច​សម្រេច​បាន​ត្រឹម​យប់​ថ្ងៃ​សុក្រ​នេះ​ តាម​ការ​គ្រោង​ទុក​នោះ​ទេ។ លោក​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​ពន្យារពេល​រហូត​ដល់​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង លោក Fabius បាន​ប្រកាស​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ក្រោយ​ពី​អ្វី​មួយ​ដែល​ប្រភព​ព័ត៌មាន​នានា​និយាយ​ថា គឺ​ជា​ការ​ចរចា​ដ៏​តាន​តឹងនៅ​យប់​ចុង​ក្រោយ ក្នុង​ចំណោម​មន្ត្រី​មក​ពី​១៩៥​ប្រទេស​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ។

ទោះ​បី​ជា​មាន​របាយការណ៍​អំពី​ការ​ចរចា​ដ៏​លំបាក​ក៏​ដោយ ក៏​លោក Fabius បាន​និយាយ​ថា បរិយាកាស​នៃ​ការ​ចរចា​នោះ «មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​អ្វីៗ​មាន​ភាព​វិជ្ជមាន» នៅ​ពេល​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ។

គំនិត​មិន​ស្រប​គ្នា​ធំ​ជាងគេ​នោះ ​គឺ​ការ​ដែល​ថា​តើ​ប្រទេស​ក្រីក្រ​គួរ​ទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​ប៉ុណ្ណា​នៅ​ក្នុង​ការ​ចំណាយ​ទៅលើ​វិធានការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស​នោះ ហើយ​ថា​តើ​អ្វី​ទៅ​ជា​គោលដៅ​រយៈពេល​វែង​សម្រាប់​កិច្ច​ព្រមព្រៀងគ្នា​នោះ៕