គណៈកម្មាធិការរដ្ឋសភាអាមេរិក ដែលស៊ើបអង្កេតទៅលើកុបកម្មថ្ងៃទី៦ ខែមករា ឆ្នាំ២០២១លើវិមានសភាអាមេរិកបានផ្អាកសវនាការផ្តល់សក្ខីកម្មរបស់ខ្លួនមួយ ដែលនឹងចូលរួមផ្តល់ការបំភ្លឺដោយអតីតមន្ត្រីក្រសួងយុតិ្តធម៌អាមេរិកមួយចំនួន ដែលធ្លាប់ទទួលរងសម្ពាធពីអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីអនុវត្តនូវអំណះអំណាងខុសពីការពិត ស្តីពីការលួចបន្លំសន្លឹកឆ្នោត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សវនាការផ្តល់សក្ខីកម្មនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនេះ ប៉ុន្តែគណៈកម្មាធិការនេះបាននិយាយកាលពីថ្ងៃព្រឹកថ្ងៃអង្គារម្សិលមិញថា សវនាការនេះត្រូវពន្យារពេលសិន។ អ្នកនាំពាក្យមួយរូបរបស់គណៈកម្មាធិការនេះបាននិយាយថា៖ «ការផ្អាកនេះដោយសារតែកត្ដាកាលវិភាគ ដែលរួមមានទាំងពេលវេលាដែលសាក្សីនិងអ្នកចូលរួមឆ្លើយបំភ្លឺមួយចំនួនអាចចូលរួមបាន»។
លោក Adam Kinzingerសមាជិកសភាមួយរូបពីគណបក្សសាធារណរដ្ឋ និងជាសមាជិកគណៈកម្មាធិការស៊ើបអង្កេតផងដែរនោះ បានបង្ហោះសារលើបណ្តាញ Twitter ថា៖ សវនាការនេះ ត្រូវលើកពេលទៅសប្តាហ៍ក្រោយវិញដើម្បីទុកពេលឱ្យមានការបំភ្លឺជុំវិញការបះបោរ នៅពេលដែលក្រុមអ្នកគាំទ្រលោក Trump បានសម្រុកវាយប្រហារទៅលើវិមានសភាអាមេរិក ដើម្បីបង្អាក់ដំណើរការផ្តល់សច្ចាប័នយល់ព្រមទៅលើជ័យជម្នះនៃការបោះឆ្នោតរបស់លោក Joe Biden។
គណៈកម្មាធិការនេះបានធ្វើសវនាការផ្តល់សក្ខីកម្មចំនួន២លើករួចមកហើយ ដែលក្នុងនោះក៏រួមមានការផ្សាយក្នុងម៉ោងពិសេសតាមទូរទស្សន៍កាលពីសប្តាហ៍មុន ដោយបង្ហាញពីវីដេអូដែលគេមិនធ្លាប់បានឃើញកាលពីមុនអំពីក្រុមអ្នកជ្រុលនិយមជាច្រើននាក់ ដែលកំពុងដឹកនាំការហ៊ុមព័ទ្ធទៅលើវិមានសភារហូតដល់បង្កឱ្យមានមនុស្សស្លាប់។ ការផ្តល់សក្ខីកម្មមួយទៀតគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
សាក្សីមួយចំនួន ដែលពួកគេទាំងនោះបានឈប់ធ្វើការនៅក្រសួងយុត្តិធម៌ហើយនោះ ត្រូវគេរំពឹងថា នឹងចូលខ្លួនមកឆ្លើយបំភ្លឺអំពីគំនិតរបស់លោក Trump ដែលចង់ឱ្យក្រសួងមួយនេះដើរតាមឆន្ទៈនយោបាយរបស់លោក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃរដ្ឋបាលរបស់លោក ដោយជំរុញឱ្យក្រុមមន្ត្រីទាំងនោះប្រកាសថាការបោះឆ្នោតនោះមានភាពពុករលួយ និងជួយគាំទ្រដល់ការប្រឹងប្រែងរបស់លោក ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលបានទទួលជ័យជម្នះដោយបេក្ខជនមកពីខាងគណបក្សប្រជាធិបតេយ្យគឺលោកJoe Biden នោះ៕