វិបត្តិ​ជំងឺ​កូវីដ១៩​នាំ​ឲ្យ​សេដ្ឋកិច្ច​អូស្ត្រាលី​ធ្លាក់​ចុះ​​ជា​លើក​ដំបូង​ចាប់​​ពី​ឆ្នាំ​១៩៩១​មក

ស្រ្តីម្នាក់ដើរកាត់ស្លាកសរសេរថា «សម្រាប់ជួល» នៅអគារពាណិជ្ជកម្មមួយក្នុងក្រុងស៊ីដនី កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​បាន​ធ្លាក់​ចុះខ្លាំង​ជាលើក​ដំបូង​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​ ដោយ​សារ​តែ​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ​១៩។

ទិន្នន័យ​ដែល​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ពុធ​ដោយ​ការិយាល័​យ​ស្ថិតិ​ជាតិរបស់អូស្ត្រាលី​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះដល់​៧%​ ក្នុង​ត្រី​មាស​ទី​២​ ​ពី​ខែ​មីនា​ដល់​ខែ​មិថុនា​ ​បន្ទាប់​ពី​មាន​ការធ្លាក់​ចុះ​ចំនួន​០,៣%​ក្នុង​ត្រី​មាស​ទី​១។

ចំនួន​តួលេខ​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ​ក្នុង​ត្រី​មាស​ទី​២​នេះ​ គឺ​ជា​ចំនួនធ្លាក់​ចុះ​ខ្លាំង​បំផុត​របស់សេដ្ឋកិច្ច​អូស្ត្រាលី​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៩​មក និង​ធ្ងនធ្ងរ​ជាង​ការពី​ការ​ព្យាករណ៍​ដែល​ថាសេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​អាច​ធ្លាក់ចុះ​ត្រឹម​តែ​៥.៩%​ តែ​ប៉ុណ្ណោះ។

នេះ​ជា​ការ​ចុះ​ថយ​សេដ្ឋកិច្ច​របស់​អូស្ត្រាលី​ដំបូង​ចាប់តាំង​ពី​ឆ្នាំ​១៩៩១​មក​ ដែល​កន្លង​មក​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​បាន​រងសម្ពាធ​នៃ​ការ​ថម​ថយ​រួច​ទៅ​ហើយ​ ដោយ​សារ​តែ​ភ្លើង​ឆេះ​ព្រៃ​ដ៏ធំ​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដែល​បាន​បំផ្លាញលំនៅ​ដ្ឋាន​ប្រមាណ​ជាង​៣០០០ខ្នង​ និង​ផ្ទៃដី​អស់​ជា​ច្រើន​លាន​ហិកតាផង​ដែរ។ ​

លោក​ Josh Frydenberg រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អូស្ត្រាលី​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ទី​ក្រុង​ Canberra ថា ពេល​នេះ​គណនីជាតិបញ្ជាក់ថា សេដ្ឋកិច្ច​របស់​អូស្ត្រាលី​ទទួល​រង​ការប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ​១៩។ ​កំណត់​ត្រា​នៃ​កំណើន​សេដ្ឋកិច្ច​អូស្ត្រាលី​ដែល​កើត​មាន​ឡើង​ក្នុង​រយៈពេល​២៨ឆ្នាំ​ជាប់ៗ​គ្នា​នោះ​ ឥឡូវ​នេះ​បាន​មក​ដល់​ទី​បញ្ចប់ជា​ផ្លូវ​ការហើយ។ ​

តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ Johns Hopkins បង្ហាញ​ថា មក​ទល់​នឹង​ពេល​នេះ អូស្ត្រាលី​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុបចំនួន​ជិត​២៦.០០០​នាក់ ហើយ​អ្នក​ស្លាប់​៦៦៣​នាក់​ពី​ជំងឺ​កូវីដ១៩៕