ប្រភពអនាមិកនៅពីក្រោយការលេចធ្លាយឯកសារប៉ាណាម៉ាបានបង្ហាញថា «វិសមភាពប្រាក់ចំណូលគឺបញ្ហាដែលត្រូវបានរកឃើញក្នុងសម័យនេះ» ហើយរដ្ឋាភិបាលត្រូវតែធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ។
ប៉ុន្មានថ្ងៃមុនពេលឯកសារនេះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ប្រភពក៏បានបញ្ចេញសេចក្តីថ្លែងការណ៍មួយដែលមានចំនួន១៨០០ពាក្យ ទៅឲ្យសារព័ត៌មានអាល្លឺម៉ង់ឈ្មោះ Süddeutsche Zeitung និងសមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ ដែលហៅកាត់ថា (ICIJ) ដោយពន្យល់អំពីកត្តាដែលជំរុញឲ្យមានការលេចធ្លាយឯកសារ និងការបង្ហាញមូលហេតុនៃការបញ្ចេញឯកសារលេចធ្លាយនេះ។
ប្រភពនេះបានសរសេរថា «ធនាគារ និយ័តករហិរញ្ញវត្ថុ និងអាជ្ញាធរពន្ធដារបានទទួលបរាជ័យក្នុងការប្រមូលពន្ធ។ សេចក្តីសម្រេច គឺធ្វើឲ្យអ្នកមានប្រាក់ស្តុកស្តម្ភរួចផុតពីការបង់ពន្ធ ប៉ុន្តែបែរជាផ្តោតទៅប្រមូលពន្ធពីប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងប្រជាជនដែលមានប្រាក់ចំណូលទាប»ទៅវិញ។
ព័ត៌មានលម្អិតស្តីពីអត្តសញ្ញាណរបស់ប្រភព មិនទាន់ត្រូវបានគេបញ្ចេញជាសាធារណៈនៅឡើយទេ។ ប៉ុន្តែ សារព័ត៌មាន Süddeutsche Zeitung នេះ អាចបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ ពិតជាចេញពីបុគ្គល ឬអង្គភាព ដែលពិតជាបានផ្តល់ព័ត៌មានលម្អិតអំពីឯកសារទាំងអស់នេះជាលើកដំបូងមែន។
ការលេចធ្លាយឯកសារ
នៅដើមខែមេសា ស្ថាប័នសារព័ត៌មាននានាជាច្រើនបានសរសេរអំពីការលេចធ្លាយឯកសារដ៏ធំបំផុត ដែលជាការទម្លាយព័ត៌មានសម្ងាត់ដោយមិនមានការអនុញ្ញាត និងមិនធ្លាប់មានពីមុនមក ដែលបង្ហាញទិន្នន័យសម្ងាត់អំពីក្រុមហ៊ុនទាំងឡាយ ដែលនៅក្រៅប្រទេស។ ឯកសារលេចធ្លាយសម្ងាត់នេះ ដែលគេហៅថា Panama Papers នេះ មានចំនួន១១,៥លានឯកសារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនច្បាប់ Mossack Fonseca ក្នុងប្រទេសប៉ាណាម៉ា។
ឯកសារទាំងនេះបានបង្ហាញអំពីរបៀបដែលក្រុមហ៊ុននេះ បានជួយពួកអ្នកមានទ្រព្យសម្បត្តិមួយចំនួន ដើម្បីបង្កើតក្រុមហ៊ុននៅក្រៅប្រទេស ដែលជាញឹកញាប់ត្រូវបានគេប្រើដើម្បីលាក់ទ្រព្យសម្បត្តិ និងគេចវេសពីការបង់ពន្ធ និងការដាក់ទណ្ឌកម្មនានា។
ក្រុមហ៊ុនប៉ាណាម៉ា បានបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពខុសច្បាប់ ហើយបាននិយាយថា ខ្លួនមិនមែនជាប្រភពនៃឯកសារលេចធ្លាយទាំងនោះទេ។
សមាគមអ្នកកាសែត ICIJ ដែលជាបណ្តាញសាកលនៃក្រុមអ្នកកាសែតស៊ើបអង្កេតជិត ២០០នាក់ ដែលបានសហការលើរឿងប្រភេទស៊ើបអង្កេតបែបនេះ បានធ្វើការទាក់ទងនឹងឯកសារលេចធ្លាយទាំងអស់នោះអស់រយៈពេលរាប់ខែមកហើយ។
អ្នកកាសែតដែលធ្វើការលើគម្រោងនេះ បានបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានលាក់ទុករបស់អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល មេដឹកនាំប្រទេស សិល្បករល្បីៗ និងកីឡាករល្បីៗ ទាំងក្នុងពេលអតីតកាល និងទាំងពេលបច្ចុប្បន្នរាប់រយនាក់។ សមាគមអ្នកកាសែត ICIJ ក៏បានបង្ហាញឈ្មោះក្រុមហ៊ុន និងមូលនិធិផ្សេងៗជាង២០០.០០០ ដែលត្រូវបានគេបង្កើតនៅក្នុងតំបន់គេចពន្ធនៅជុំវិញពិភពលោក។
កាលពីថ្ងៃច័ន្ទ សមាគមអ្នកកាសែត ICIJ បាននិយាយថា ខ្លួននឹងផ្សព្វផ្សាយជាសាធារណៈនៃបណ្តុំទិន្នន័យដែលអាចស្វែងរកបាន។ បណ្តុំទិន្នន័យនេះអាចរកបានតាមរយៈគេហទំព័រ៖ https://offshoreleaks.icij.org
សមាគមអ្នកកាសែត ICIJ បានឲ្យដឹងថា ឯកសារទាំងនេះបានផ្តល់ព័ត៌មានលម្អិតអំពីទំនាក់ទំនងរវាងមនុស្សចំនួន៣៦៨.០០០នាក់ និងអង្គភាពនៅក្រៅប្រទេសចំនួន៣០០.០០០អង្គភាព។
លោកស្រី Marina WalkerGuevara អនុប្រធានសមាគមអ្នកកាសែត ICIJបាននិយាយថា «អ្នកនឹងឃើញក្រុមហ៊ុន និងម្ចាស់ស្របច្បាប់នៃក្រុមហ៊ុនទាំងនោះ។ នេះគឺជាព័ត៌មានចំហរដែលមិនធ្លាប់មានពីមុនមក»។ លោកស្រីបានបន្ថែមថា «យើងគិតថា ព័ត៌មានអំពីម្ចាស់ក្រុមហ៊ុនទាំងនេះ គួរតែត្រូវបានបើកចំហរជាសាធារណៈនិងមានតម្លាភាព»។
ប្រភពស្វែងរកអភ័យឯកសិទ្ធិ
ប្រភពដែលប្រើឈ្មោះក្លែងក្លាយថា«John Doe» បានយល់ព្រមជួយដល់មន្រ្តីអនុវត្តច្បាប់ទាំងឡាយ នៅក្នុងការកាត់ទោសណា ដែលទាក់ទងទៅនឹងការលាងលុយកខ្វក់ និងការគេចពន្ធនៅក្រៅប្រទេស ប៉ុន្តែបានស្នើសុំការដោះដូរជាអភ័យឯកសិទ្ធិ ដើម្បីរួចផុតពីការកាត់ទោស។
យោងតាមសេចក្តីថ្លែងការណ៍របស់ John Doe រហូតមកទល់ពេលនេះ មានតែឯកសារថតចម្លងប៉ុណ្ណោះ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ប្រភពនេះបាននិយាយថា «មនុស្សរាប់ពាន់អាចត្រូវកាត់ទោស ដែលបណ្តាលមកពីឯកសារប៉ាណាម៉ានេះ ប្រសិនបើមានការអនុវត្តតាមច្បាប់ និងមានការវាយតម្លៃទៅលើឯកសារដើម»។ បុគ្គលរូបនេះបានបន្ថែមថា «ខ្ញុំមានឆន្ទៈក្នុងការសហការជាមួយនឹងសមត្ថកិច្ចអនុវត្តច្បាប់ ទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន»។
ទោះជាយ៉ាងណាក្តី ប្រភពដែលគេមិនដឹងថាជាបុរស ឬស្រ្តីនោះ ក៏បានលើកឡើងអំពីតម្រូវការនៃការការពារអ្នកទម្លាយការសម្ងាត់ឲ្យបានល្អប្រសើរជាងនេះ។
ប្រភពដែលបានធ្វើអត្ថាធិប្បាយលើគោលបំណងនៃការបង្ហាញឯកសារទាំងនេះ បាននិយាយថា «អ្នកផ្តល់ព័ត៌មានសម្ងាត់ស្របច្បាប់ ដែលបានបកអាក្រាតអំពើខុសច្បាប់ ដែលមិនអាចប្រកែកបាននេះ ទោះបីជាអ្នកខាងក្នុង ឬខាងក្រៅប្រភពក៏ដោយ សមនឹងទទួលបានអភ័យឯកសិទ្ធិ ដើម្បីជៀសវាងពីការផ្តន្ទាទោសពីរដ្ឋាភិបាល»។ ប្រភពនេះបានបន្ថែមថា«ខ្ញុំបានឃើញអ្នកផ្តល់ព័ត៌មានសម្ងាត់ និងអ្នកតវ៉ាម្នាក់ហើយម្នាក់ទៀតនៅក្នុងសហរដ្ឋអាមេរិក និងនៅទ្វីបអឺរ៉ុប ដែលជីវិតរបស់ពួកគេត្រូវបានបំផ្លាញ ដោយសារតែស្ថានភាពដែលពួកគេត្រូវប្រឈម បន្ទាប់ពីពួកគេបានបង្ហាញពីអំពើខុសច្បាប់យ៉ាងពិតប្រាកដទាំងអស់នោះ»។
សារព័ត៌មាន Süddeutsche Zeitung ដែលជាអ្នកបានផ្ទៀងផ្ទាត់សេចក្តីថ្លែងការណ៍របស់ប្រភពនេះ និងសមាគមអ្នកកាសែត ICIJ បានផ្សព្វផ្សាយឯកសារទាំងនេះទៅអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ដែលចំនឹងថ្ងែដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចេញសេចក្តីសម្រេចអំពីច្បាប់ដែលអតិថិជនចាំបាច់ត្រូវបង្ហាញអត្តសញ្ញាណខ្លួនទៅដល់ម្ចាស់អាជីវកម្ម ឬហៅជាភាសាអង់គ្លេសថា Customer Due Diligence។ ច្បាប់ដែលបានស្នើឡើងនេះ តម្រូវឱ្យឧស្សាហកម្មហិរញ្ញវត្ថុ ត្រូវកំណត់អត្តសញ្ញាណម្ចាស់ពិតប្រាកដនៃក្រុមហ៊ុនទាំងនោះ ដើម្បីទប់ស្កាត់អំពើពុករលួយ ការលាក់ទ្រព្យសម្បត្តិ និងការគេចពន្ធជាដើម។
ទំនាក់ទំនងរវាងវីអូអេ និងសមាគមអ្នកកាសែត ICIJ
សមាគមអ្នកកាសែត ICIJ បានចេញផ្សាយសេចក្ដីថ្លែងការណ៍របស់ប្រភព ដែលមានចំណងជើងថា «បដិវត្តន៍នឹងត្រូវបានកត់ត្រាក្នុងប្រព័ន្ធអេឡិចត្រូនិក» នៅលើគេហទំព័ររបស់ខ្លួន។
ចំណងជើងនេះគឺស្រដៀងគ្នាទៅនឹងកំណាព្យ និងបទចម្រៀង ដែលច្រៀងដោយអ្នកចម្រៀង Gil Scott-Heron នៅឆ្នាំ១៩៧០ ដែលគេហៅថា «បដិវត្ដន៍នឹងមិនត្រូវបានគេផ្សព្វផ្សាយតាមទូរទស្សន៍» ដែលបង្កើតឲ្យមានករណីប្រឆាំងនឹងភាពព្រងើយកន្តើយចំពោះអតិថិជន និងអ្នកមូលធននិយមអាមេរិកាំង។
ការិយាល័យវីអូអេផ្នែកភាសា ស៊ីមបាវ៉េ គឺជាដៃគូរាយការណ៍រឿងនេះជាមួយសមាគមអ្នកកាសែត ICIJ។ អ្នកយកព័ត៌មាន លោក Ray Choto បានផ្តោតទៅលើឯកសារលេចធ្លាយ ដែលបានចោទប្រកាន់ថា ក្រុមហ៊ុនរុករករ៉ែប្លាទីនស៊ីមបាវ៉េនាំមុខគេ ឈ្មោះ Zimplats Holdings បានប្រើក្រុមហ៊ុនក្រៅប្រទេស ដើម្បីបើកប្រាក់ខែដល់គណៈគ្រប់គ្រង ដោយធនាគារកណ្តាលស៊ីមបាវ៉េមិនបានដឹងអំពីរឿងនេះ និងបានរំលោភច្បាប់ស្តីពីការត្រួតពិនិត្យការដោះដូរ៕
ប្រែសម្រួលដោយ ផន បុប្ផា
សូមទស្សនាវីដេអូទាក់ទងនឹងព័ត៌មានស្តីពីការលេចធ្លាយឯកសារប៉ាណាម៉ានេះ៖
Your browser doesn’t support HTML5