របាំព្រះនាង ផាមីណា ទេវី ដែលជាការច្នៃប្រឌិតចេញពីលំនាំរឿងខ្លុយទិព្វ (Magic Flute) របស់ លោក Mozart បានបង្ហាញមុខសាជាថ្មីនៅលើឆាកសម្តែងក្នុងរោងមហោស្រពសម្តែងសិល្បៈនៃនាយកដ្ឋានភាពយន្តក្រុងភ្នំពេញ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ។
នៅចំពោះមុខអ្នកទស្សនាជាតិ និងអន្តរជាតិ អ្នកស្រី សុភីលីន-ជាម ស្សាភារ៉ូ បានដំណាលសាច់រឿងរបស់ព្រះនាង ផាមីណា ទេវី ដែលបានព្យាយាមស្វែងរកផ្លូវ ដើម្បីពន្លត់កំហឹងសងសឹករបស់មាតា និងបិតារបស់ព្រះនាង ដែលគ្រប់គ្រងនគរពីរផ្សេងដាច់ពីគ្នា ដោយសារតែខ្វះការស្វែងយល់ពីគ្នាទៅវិញទៅមក។
អ្នកស្រី សុភីលីន-ជាម ស្សាភារ៉ូ បានពន្យល់រៀបរាប់ពីចង្វាក់រាំរបាំព្រះនាង ផាមីណា ទេវី ដោយការរាំពីឆ្វេងទៅស្តាំ ក្នុងបំណងបញ្ជាក់ពីទស្សនៈពីរផ្សេងគ្នា នៅក្នុងដំណើររឿងព្រះនាង ផាមីណា ទេវីនេះ ដែលបានប្រើពេលជាង៧០នាទី ក្នុងការសម្តែងដោយក្រុមសិល្បៈចំនួន៣២រូប។
អ្នកស្រីមានប្រសាសន៍ថា ៖ «នៅពេលចុងបញ្ចប់នាង ផាមីណា ទេវី ព្រះឆព័ន្ធ នរក្ស និងនរីហ្នឹង គេរាំទៅឆ្វេង ទៅស្តាំតំណាងឲ្យជានិមិត្តរូបនៃទស្សនៈពីរ ទីមួយគឺនារី និងបុរសគួរតែ ចេះដឹកនិងចេះតាម ហើយទីពីរទៀតនារី និងបុរសគួរតែចេះពន្យល់ហើយចេះស្តាប់។ ហើយបើសិនជាយើងធ្វើអាហ្នឹងបាន យើងអាចស្វែងយល់ពីគ្នា ហើយយើងអាចធ្វើការជាមួយគ្នាបាន កសាងសុភមង្គលជាមួយគ្នាបាន»។
នៅក្នុងឈុតមួយនៃការសម្តែងនេះ ព្រះអរុណធិបតីដែលជាស្តេចគ្រប់គ្រងនគរព្រះអាទិត្យ បានបញ្ជាឲ្យ តួអង្គធរនាជាសេនារបស់ទ្រង់ មកចាប់យកព្រះនាង ផាមីណា ទេវី ជាបុត្រីរបស់ទ្រង់ពីនគរពេលយប់ ដែលគ្រប់គ្រងដោយព្រះរាជនីសាយណ្ហ ទៅកាន់នគរព្រះអាទិត្យ ដើម្បីទទួលបានការអប់រំពីបណ្ឌិតនៃនគរព្រះអាទិត្យ។
អ្នកស្រី សុភីលីន-ជាម ស្សាភារ៉ូ បានដំណាលឈុតនេះថា៖ «ពេលមកដល់ហ្នឹង អរុណធិបតីបានពន្យល់ទៅនាង ផាមីណា ទេវី ថា ហេតុអីបានជាលោកឲ្យគេចាប់នាងហ្នឹងមក ព្រោះនគរពេលយប់ហ្នឹងគ្រប់គ្រងដោយនារី។ នារីមានចិត្តស្មុគ្រស្មាញ និយាយដើមគ្នា អវិជ្ជា ហើយគិតអ្វីតាមមនោសញ្ចេតនាគ្នា គ្មានប្រព័ន្ធ គ្មានការពិចារណាត្រឹមត្រូវ»។
អ្នកស្រី បន្តថា៖ «អញ្ចឹងព្រះនាង ផាមីណា ទេវី ក៏ពន្យល់ទៅឪពុកវិញថា ហ៊ឺបិតា កុំមានបន្ទូលអញ្ចឹងអ្វីពីព្រោះ កាលនាងនៅណោះក៏មានសេចក្តីសុខដែរ អញ្ចឹងថ្វីត្បិតតែយើងកើតមកជាស្រីមានកម្លាំងខ្សោយមែន ប៉ុន្តែបញ្ញាញាណរបស់យើង គតិបណ្ឌិតរបស់យើងក៏មានខ្ពង់ខ្ពស់ដូចបុរសដែរ។ ហើយអញ្ចឹងដូចពាក្យចាស់លោកថា ឈើវៀចយកធ្វើកង់ ឈើត្រង់យកធ្វើកាំដៃឆ្វេងផ្គុំនឹងដៃស្តាំទាំងពីរហ្នឹងអាចធ្វើការងារ យើងអាចកសាងជីវិតឲ្យមានសុភមង្គលបានជាមួយគ្នា»។
ខ្សែរឿងដែលមានបីឈុតឆាកនេះ បានបញ្ចប់ទៅនៅត្រង់ តួអង្គនរ័ក្សជាព្រានព្រៃលើកឃ្មោះទូង បំបែកការប្រយុទ្ធរវាងបិតា និងមាតារបស់ព្រះនាង ផាមីណា ទេវី ដែលដណ្តើមយកព្រះនាងផាមីណា ទេវី ទៅគ្រប់គ្រងរៀងៗខ្លួន។ ទំនាស់ គឺបានកើតឡើង បន្ទាប់ពីព្រះអារុណអធិបតីចាប់យកនាងព្រះនាងផាមីណា ទេវី ហើយរួមទាំងបានស្តីបញ្ចើចបញ្ចើរ ឲ្យទៅព្រះសាយណ្ហរាជនីថាអសមត្ថភាពក្នុងការគ្រប់គ្រងនគរ ដោយសារតែផ្តេកផ្តួលលើមនោសញ្ចេតនា។
លោក គង់ វីរៈ អាយុ ៤៣ឆ្នាំ ដែលបានចូលរួមទស្សនារបាំនេះលើកដំបូង បានសម្តែងការសរសើរចំពោះខ្លឹមសារនៃរបាំនេះ ដែលមានគោលដៅពង្រឹងនូវទំនាក់ទំនងរវាងបុរស និងស្រ្តីដោយត្រូវពឹងផ្អែកគ្នាខ្វះមិនបាននៅក្នុងសង្គមមួយ។
លោកនិយាយថា៖ «សាច់រឿងគំនិតវាពីរគឺថា ដូចក្នុងសាច់រឿងគឺថានគរមួយតំណាងឲ្យពន្លឺពេលថ្ងៃដែលតួរសម្តែង គឺថាសុទ្ធតែបុរស ដល់ពេលនគររាត្រីនោះតួសម្តែងសុទ្ធតែស្រីៗ ហើយដល់ពេលចុងបញ្ចប់គឺថា ទាល់តែមនុស្សស្រីមនុស្សប្រុសហ្នឹងមកជួបជុំគ្នា ភពប្រសព្វគ្នា បានអាចវារីកចម្រើនបាន អាចទៅមុខកើតជាវប្បធម៌បាន។ វាមិនអាចយប់ដោយយប់ ថ្ងៃដោយថ្ងៃទេ ទាល់តែមានយប់មានថ្ងៃបាន វាទៅមុខកើត ដូចស្រី និងប្រុសទាល់តែភពប្រសព្វគ្នាបានអាចតជាកូនចៅទៅមុខទៀតបាន»។
របាំ ផាមីណា ទេវី របស់ក្រុមសិល្បៈសុភីលីន ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកស្រី សុភីលីន-ជាម ស្សាភារ៉ូ ត្រូវបាន លោក Peter Sellars អ្នកដឹកនាំរឿងដ៏ល្បីល្បាញក្នុងសកលលោកនាំយកទៅសម្តែងនៅទីក្រុង វីយ៉ែន ប្រទេសអូទ្រីស កាលពីឆ្នាំ២០០៦ ដើម្បីរំលឹកដល់ខួបនៃការចាប់កំណើតរបស់លោក Wolfgang Amadeu Mozart កាលពី២៥០ឆ្នាំមុន។ របាំដដែលនេះក៏ត្រូវបាននាំយកទៅសម្តែងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៧ និងនៅប្រទេស ហូឡង់ ឆ្នាំ២០០៨៕