យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសម្លាប់អ្នកផលិតអាវុធកំពូលម្នាក់របស់ក្រុមហាម៉ាស់ ខណៈពេលកងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការវាយលុកតាមផ្លូវអាកាសនិងថ្មើរជើងចូលតំបន់ហ្កាហ្សាដោយសំដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់។
បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការក្នុងទីក្រុង Gaza City ហើយមានពលរដ្ឋប៉ាឡេស្ទីនស៊ីវិលជាច្រើននាក់កំពុងរត់គេចខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សាឆ្ពោះទៅកាន់តំបន់ជ្រោយភាគខាងត្បូងហ្កាហ្សាវិញ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សប្រមាណ១ម៉ឺន៥ពាន់នាក់ បានរត់ភៀសខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ដែលមានចំនួនកើនលើស៣ដងនៃចំនួនអ្នករត់ភៀសខ្លួនកាលពីថ្ងៃចន្ទកន្លងទៅ។
អង្គការសហប្រជាជាតិបានព្រមានពីចំនួនមនុស្សណែនលើសចំណុះនៅតំបន់ហ្កាហ្សាភាគខាងត្បូង ហើយមណ្ឌលជនភៀសខ្លួនមិនអាចទទួលយកអ្នកមកដល់ថ្មីៗបានទៀតឡើយ។ មនុស្សប្រមាណ២ភាគ៣នៃពលរដ្ឋសរុបដែលរស់នៅក្នុងតំបន់ហ្កាហ្សាទាំង២,៣លាននាក់ ជាអ្នកបាត់បង់ទីជម្រក។ បើតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ពលរដ្ឋទាំងអស់នេះ កំពុងប្រឈមនឹងការរស់នៅដោយគ្មានអនាម័យ ខ្វះទឹក និងខ្វះប្រេងឥន្ធនៈប្រើប្រាស់។
ការផ្តល់ជំនួយតាមរយៈប្រទេសអេហ្ស៊ីបបានមកដល់តំបន់ហ្កាហ្សាកាលពី២សប្តាហ៍កន្លងទៅ ដែលក្នុងនោះមានរថយន្តដឹកជំនួយចំនួន៨១គ្រឿងទៀតបានមកដល់កាលពីថ្ងៃអង្គារម្សិលមិញ។ អង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា មុនជម្លោះកើតឡើងក្នុងតំបន់ហ្កាហ្សា មានរថយន្តដឹកជំនួយជាមធ្យម៥០០គ្រឿងក្នុងមួយថ្ងៃបានចូលទៅតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សអស់ជាង១០.៥០០នាក់ហើយរហូតមកដល់ពេលនេះ ហើយ២ភាគ៣នៃអ្នកស្លាប់ជាស្ត្រីនិងកុមារ។
អង្គការសហប្រជាជាតិនិយាយថា ជនបរទេសនិងអ្នកមានសញ្ជាតិ២ប្រមាណ៦០០នាក់ បានចាកចេញពីតំបន់ហ្កាហ្សាដោយឆ្លងច្រកព្រំដែនទៅកាន់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយតាមវីដេអូនៅថ្ងៃពុធនេះថា ជនជាតិហ្វីលីពីនចំនួន៤០នាក់ បានឆ្លងចូលទៅកាន់ប្រទេសអេហ្ស៊ីប ហើយកំពុងធ្វើដំណើរត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ៕