​សមរភូមិ​ជា​ច្រើន​នៅមជ្ឈឹម​បូព៌ា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ ១៦នាក់

ប្រជាជនពិនិត្យមើលការខូចខាតនៅកន្លែងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលសំដៅទៅលើភូមិភាគខាងកើត Al-Kayal ក្បែរក្រុង Baalbek ក្នុងជ្រលងភ្នំ Bekaa នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

​សមរភូមិ​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ១៦នាក់​ដែរ។

មនុស្ស ៥នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​អ៊ីស្រាអែល ​ដោយ​ការបាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ប្រទេស​លីបង់ រួមមាន​កសិករ​អ៊ីស្រាអែល​ម្នាក់​និង​កម្មករ​បរទេស ៤​នាក់។ នេះ​បើ​តាម​ពួក​អាជ្ញាធរ។ លីបង់​បាន​និយាយ​ថា ​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ៨នាក់​ដែរ រួមមាន ៦នាក់​ជា​បុគ្គលិក​សុខាភិបាល​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​លីបង់។

ក្នុង​ខណៈនោះ​ដែរ ពួក​មន្ត្រី​ប៉ាឡេស្ទីន​បាន​និយាយ​ថា ​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​និង​ក្នុង​តំបន់ West Bank បាន​សម្លាប់​មនុស្ស ៣នាក់។ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​ខ្លួន​ក៏​បានវាយប្រហារ​ឃ្លាំង​អាវុធ​របស់​ក្រុម Hezbollah និង​មូលដ្ឋាន​មួយ​ចំនួន​នៅក្នុង​ប្រទេស​ស៊ីរី​ ជាទីកន្លែង​ដែល​ខ្លួន​បាន​អះអាង​ថា​ ក្រុម​សកម្មប្រយុទ្ធ​កាលពី​ពេលថ្មីៗនេះ​ បាន​ចាប់ផ្តើម​ផ្ទុក​អាវុធ​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី​និង​លីបង់ ​ដើម្បី​រត់ពន្ធ​អាវុធ​ទាំង​នោះ​ចូលក្នុង​ប្រទេស​លីបង់។

អ៊ីស្រាអែល​បាន​ចេញ​ការព្រមាន​ជម្លៀស​ដល់​ពួក​អ្នក​ស្រុក​នៃ​តំបន់ Baalbek ភាគ​ខាង​កើត​ប្រទេស​លីបង់ ២ថ្ងៃ​ជាប់ៗគ្នា។ កាលពី​ថ្ងៃ​ពុធ អ៊ីស្រាអែល​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ធំ​ដៅលើ​ក្រុម Hezbollah នៅ​ខាង​ក្នុង​និង​ជុំវិញ​ទីក្រុង​ដ៏​ល្បី​ដែល​មាន​ព្រះវិហារ​រ៉ូម៉ាំង។

រថយន្ត​រាប់​សិប​គ្រឿង​អាច​ត្រូវ​គេ​មើលឃើញ​បើក​យ៉ាង​លឿន​ចេញពី​តំបន់​នោះ​ បន្ទាប់ពី​ការព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​មាន​ផ្សែង​ពណ៌​ខ្មៅនៅ​ឡើយ​ ដែលគេ​មើល​ឃើញចេញពី​ទីក្រុង Douris​ ជា​ទីកន្លែង​ដែល​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​កាលពី​មួយ​ថ្ងៃ​មុន ​ដែល​បាន​បំផ្លាញ​កន្លែង​ស្តុកទុក​ប្រេង​របស់​ក្រុម Hezbollah។ នេះ​បើ​តាម​យោធា​អ៊ីស្រាអែល​និង​ប្រភព​សន្តិសុខ​លីបង់។

បេសកជន​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​អ៊ីស្រាអែល​បាន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នៅ​ពេល​ក្រោយមក ​ដើម្បី​ពិភាក្សា​ការខំ​ប្រឹងប្រែង​ដើម្បី​ធ្វើការ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​លីបង់​ ជា​ទីកន្លែង​ដែល​កងទ័ព​អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​ពួក Hezbollah។ ហើយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជា​ទីកន្លែង​ដែល​ពួកគេ​កំពុង​ប្រយុទ្ធ​ក្រុម​ហាម៉ាស់ ក្រុម​ទាំង២ នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​ ដែល​មាន​ការគាំទ្រ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​និង​យោធា​ពី​ប្រទេស​អ៊ីរ៉ង់៕