ប្រធានាធិបតីប្រទេស Palau ដែលជាប្រទេសជាកោះមួយនៅតំបន់ប៉ាស៊ីហ្វិករំពឹងថា ចិននឹងព្យាយាមជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជាតិនៅចុងឆ្នាំនេះ ទាក់ទិននឹងការទទួលស្គាល់របស់ខ្លួនដល់កោះតៃវ៉ាន់។ នេះបើតាមលោកប្រធានាធិបតី Surangel Whipps Jr. ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Whipps បាននិយាយថា ការគាំទ្រនៃការទទួលស្គាល់របស់ប្រទេស Palau ថា កោះតៃវ៉ាន់ជារដ្ឋអធិបតេយ្យមួយធ្វើឱ្យខ្ញុំជា «សត្រូវ» នៅក្នុងក្រសែភ្នែករបស់ចិន ដោយលោកបាននិយាយបន្ថែមទៀតថា ចិន«ប្រហែលជាចង់ដកខ្ញុំចេញពីតំណែង ហើយដាក់នរណាម្នាក់ផ្សេងទៀតដែលមានគោលនយោបាយគាំទ្រចិន»។
ក្នុងពេលនិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ នៅមួយខែមុនពេលដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃមេដឹកនាំប្រទេសជាកោះនៅតំបន់ប៉ាស៊ីហ្វិក លោក Whipps បានថ្លែងថា៖ «ខ្ញុំគិតថា នៅក្នុងការបោះឆ្នោតនីមួយៗចិនតែងតែមានការពាក់ព័ន្ធ»។
Palau គឺជាប្រទេសមួយក្នុងចំណោមប្រទេស១២ដែលនៅតែទទួលស្គាល់កោះតៃវ៉ាន់ បន្ទាប់ពីប្រទេស Nauru ដែលស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលបានបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសចិន នៅប៉ុន្មានថ្ងៃបន្ទាប់ពីកោះតៃវ៉ាន់បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែមករាកន្លងទៅនេះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ប៉ាស៊ីហ្វិក ខណៈដែលចិនបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។
ក្នុងការស្វះស្វែងបង្កើនសមត្ថភាពនៅក្នុងតំបន់ សហរដ្ឋអាមេរិកបានចាប់ផ្តើមបំពាក់ប្រព័ន្ធរ៉ាដាមើលឃើញឆ្ងាយ OTH ហើយបានពិភាក្សាអំពីការដាក់ពង្រាយជាអចិន្រ្តយ៍ពីប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស Palau។
លោក Whipps មិនបានលម្អិតអំពីសក្តានុពលនៃប្រព័ន្ធការពារមីស៊ីល Patriot ថា៖ «សហរដ្ឋអាមេរិកបាននិយាយហើយថា យើងគិតថា ការគំរាមកំហែងមិនទាន់កើតមាននៅឡើយទេ ប្រសិនបើមានការគំរាមកំហែង ប្រាកដណាស់ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់យើង។ ពួកគេនឹងដាក់ពង្រាយអាគុយសម្រាប់ប្រព័ន្ធការពារមីស៊ីល Patriot ទាំងនោះ»។
លោក Whipps ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់ប្រទេស Palau បានទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតកាលពីខែមីនា ដោយលោកបានស្តីបន្ទោសចិនចំពោះឧប្បត្តិហេតុដែលគេបានឃើញឯកសារចំនួន ២០.០០០ ត្រូវបានលួចនិងលេចធ្លាយនៅលើបណ្តាញងងឹត។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា លោក Whipps បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃទី ៤ ខែមិថុនា ដែលមេដឹកនាំទាំងពីរបានបញ្ជាក់ពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់