តុលាការមួយក្នុងទីក្រុង Lahore បានបង្គាប់ឱ្យរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋបាលខេត្តរបស់ប៉ាគីស្ថានផ្តល់ចម្លើយលើហេតុផលដែលបានហាមឃាត់អង្គការមនុស្សធម៌ Hafiz Saeed មិនឱ្យធ្វើប្រតិបត្តិការនៅទូទាំងប្រទេស។
អង្គការHafiz Saeed គឺជាផ្នែកមួយនៃអង្គការJamaat-ud-Dawa (ហៅកាត់ថាJuD) ដែលត្រូវសហរដ្ឋអាមេរិកចាត់ទុកថាជាក្រុមភេរវកម្មអន្តរជាតិ។ អង្គការនេះនឹងអង្គការសម្ព័ន្ធមិត្តឈ្មោះមូលនិធិ Falah e-Insaniat ក៏ត្រូវសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិចាត់ទុកថាជាសាខានៃក្រុមភេរវកម្មអន្តរជាតិផងដែរ។
តុលាការកំពូលទីក្រុង Lahore បានចេញសេចក្តីបង្គាប់នេះកាលពីថ្ងៃព្រហស្បតិ៍ដោយផ្អែកលើញត្តិតវ៉ាមួយរបស់អង្គការ Saeed ដែលបានអះអាងថាសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការហាមឃាត់អង្គការJuD មិនឱ្យធ្វើការងារមនុស្សធម៌គឺខុសច្បាប់និងមិនស្របតាមរដ្ឋធម្មនុញ្ញទេ។
អង្គការ Saeed អះអាងថាប្រទេសប៉ាគីស្ថានបានសម្រេចចិត្តដូចនេះដោយសារមានសម្ពាធពីសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា។
តុលាការបានបង្គាប់រដ្ឋាភិបាលសហព័ន្ធឱ្យផ្តល់ចម្លើយពន្យល់ហេតុផលរបស់ខ្លួននៅត្រឹមថ្ងៃទី២៧ខែមេសា៕