តុលាការប្រឆាំងអំពើពុករលួយក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្របានកាត់ទោសលោក Nawaz Sharif អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានឲ្យជាប់គុក១០ឆ្នាំហើយនិងពិន័យលោកជាប្រាក់ចំនួន១០លាន៥សែនដុល្លារ ចំពោះការខកខានមិនបានពន្យល់ថា តើលោកនិងកូនរបស់លោកបានទទួលទ្រព្យសម្បត្តិនៅឯបរទេសយ៉ាងដូចម្តេច។
តុលាការក៏បានកាត់ទោសលោកស្រី Hussain Nawaz កូនស្រីរបស់លោកឲ្យជាប់គុក៧ឆ្នាំដែរ។លោកស្រីបានត្រូវតុលាការពិន័យប្រាក់ជាង២លាន៥សែនដុល្លារចំពោះការលាក់បាំងទ្រព្យសម្បត្តិនៅឯបរទេសរបស់ឪពុកលោកស្រីហើយប្តីរបស់លោកស្រីឈ្មោះ Muhammad Safdar បានត្រូវតុលាការកាត់ទោសឲ្យជាប់គុកមួយឆ្នាំ។
កូនប្រុស២នាក់របស់លោក Sharif ឈ្មោះ Hassan Nawaz និង Hussain Nawaz ក៏ស្ថិតនៅក្នុងចំណោមចុងចោទដែរ។ រដ្ឋអាជ្ញានិយាយថា អ្នកទាំង២បានគេចវាសពីការកាត់ទោស ហើយពួកគេមិនអាចត្រូវកាត់ទោសដោយកំបាំងមុខនៅក្រោមកាលៈទេសៈណាក៏ដោយ។
មេធាវី Sardar Muzaffar Abbasi បានប្រាប់ពួកអ្នកយកព័ត៌មានថា តុលាការក៏បានបញ្ជាថា ទ្រព្យសម្បត្តិទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសត្រូវរដ្ឋាភិបាលប៉ាគីស្ថានដកហូត។
លោក Sharif រួមជាមួយភរិយារបស់លោកនៅពេលបច្ចុប្បន្ននេះបានស្ថិតនៅក្នុងចក្រភពអង់គ្លេសដែលនៅទីនោះ ខណៈភរិយារបស់លោកកំពុងព្យាបាលជំងឺមហារីក៕