ក្រុម​តាលីបង់វាយ​ប្រហារ​សាលា​​នៅ​ប៉ាគីស្ថាន​ដោយ​សម្លាប់​​មនុស្ស១៣០នាក់

아버지의 날을 기념, 한자로 아버지를 뜻하는 '父 (부)' 모양으로 용춤을 추는 행사가 중국 후난성 웨양에서 진행되고 있다.

ក្រុម​មន្រ្តី​ប៉ាគីស្ថានបាននិយាយ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាគីស្ថាន​បាន​វាយ​សង្គ្រប់​សាលារៀន​មួយ​កន្លែង​ក្នុង​ទីក្រុង Peshawar ភាគ​ពាយ័ព្យ ​ដោយ​បាន​សម្លាប់​មនុស្ស​១៣០​នាក់​ ភាគ​ច្រើនជា​កូន​សិស្ស។

មន្រ្តី​ខេត្ត​បាន​និយាយ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​មួយ​រយ​នាក់​ទៀត​រង​របួស​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ឯ​សាលារៀន​មួយ​ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​ក្រុម​កងទ័ព។ ​ក្រុម​មន្រ្តី​មន្ទីរពេទ្យ​បាន​និយាយ​ថា​អ្នក​របួស​ជា​ច្រើន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

ក្រុម​បុរស​ប្រដាប់​អាវុធ​៦នាក់​ប្រដាប់​ទៅ​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ ​បាន​ចូល​ក្នុង​សាលារៀន​មួយ​កន្លែង ​ហើយបុរស​ប្រដាប់​អាវុធ​ម្នាក់​ក្នុង​ចំណោម​ក្រុម​នោះ​បាន​បំផ្ទុះ​ខ្លួន​ឯង។

​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខេត្តបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ស្លៀក​សម្លៀក​បំពាក់​កងទ័ព។​ អ្នក​នាំ​ពាក្យ​កងទ័ព​បាន​និយាយ​ថា ​អ្នក​វាយ​ប្រហារ​៤​នាក់​បាន​ត្រូវ​សម្លាប់​រហូត​មក​ទល់​ពេល​នេះ​ ខណៈ​ដែល​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​កំពុង​រាយការណ៍​ពី​ការ​ផ្ទុះ​ម្តងមួយៗ​ចេញ​ពី​ខាង​ក្នុង​សាលា​រៀន។

​ក្រុម​មន្រ្តី​យោ​ធា​និយាយ​ថា សិស្ស​និង​បុគ្គលិក​ភាគ​ច្រើន​បាន​ត្រូវ​ជម្លៀស ​ខណៈ​ដែល​សិស្ស​និង​បុគ្គលិក​ផ្សេង​ទៀត ​ស្ថិត​នៅ​ជា​ចំណាប់​ខ្មាំង​នៅ​ខាង​ក្នុង​សាលប្រជុំ​ក្នុង​សាលារៀន។​ ក្រុម​មន្រ្តី​និយាយ​ថា ​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ធ្វើ​ឡើង។

​អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ប៉ាគីស្ថាន​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ​ដោយ​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​ជា​ការសងសឹកចំពោះ​ការ​វាយ​ប្រហារ​របស់​ប៉ាគីស្ថាន​ដែល​សំដៅ​មក​លើ​ជន​សកម្ម​ប្រយុទ្ធនៅ​ក្នុង​តំបន់​ក្រុម​កុលសម្ព័ន្ធ​ ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន ​នៅ​ជិត​ព្រំ​ដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន។

​តំបន់​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទីជម្រក​និង​កន្លែង​ហ្វឹកហាត់​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​បះបោរ​ប៉ាគីស្ថាន​ និងអាហ្វហ្គានីស្ថាន ដែល​ទទួល​ការ​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រហារ​ភេរវកម្ម​នៅប្រទេស​ទាំង​២​ ដែល​មាន​ព្រំដែន​អាច​ចេញ​ចូល​បាន​ជាច្រើន​កន្លែង​នោះ។

​នាយករដ្ឋ​មន្រ្តីនៃ​ប្រទេស​ប៉ាគីស្ថាន លោក Nawaz Sharif ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ ​ដោយ​បាន​ហៅ​ការវាយ​ប្រហារ​នេះ ​ជា​សោក​នាដកម្ម​របស់​ជាតិ៕