ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលជាប់ពន្ធនាគារលោក Imran Khan បានទម្លុះរបាំងកាលពីថ្ងៃអង្គារ ចូលទៅកណ្តាលក្រុងអ៊ីស្លាម៉ាបាដ ដើម្បីតវ៉ាឲ្យដោះលែងរូបលោក និងធ្វើការទាមទារជាច្រើនទៀត។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ឈប់ហ្វូងបាតុករ តែអ្នកចូលរួមបាតុកម្មរាប់រយនាក់ បានទៅដល់ទីលានកណ្តាលរដ្ឋធានីរបស់ប៉ាគីស្ថាន។
អាជ្ញាធរនិយាយថាការប៉ះទង្គិចជាមួយបាតុករបានបណ្តាលឲ្យស្លាប់ប៉ូលិសយ៉ាងហោច៤នាក់ និងធ្វើឲ្យរបួសជាច្រើននាក់ទៀត។
គណបក្ស Pakistan Tehreek-e-Insaf (PTI)របស់លោក Khan ថាអ្នកគាំទ្ររបស់ខ្លួនមិនពាក់ព័ន្ធនឹងការវាយប្រហារលើកម្លាំងសន្តិសុខទេ។ ផ្ទុយទៅវិញ គណបក្សនេះ បានចោទប្រកាន់ប៉ូលិសថា បានបាញ់គ្រាប់ពិតលើហ្វូងបាតុករនិងបានសម្លាប់ពួកគេ៣នាក់និងធ្វើឲ្យបាតុករជាច្រើននាក់ទៀតរងរបួស។
អំពើហិង្សាស្លាប់រស់នេះ បានកើតឡើងពេលអ្នកគាំទ្រគណបក្ស PTI រាប់ពាន់នាក់ បានទៅដល់ក្រុងអ៊ីស្លាម៉ាបាដទាំងកណ្តាលយប់ ដើម្បីចូលរួមបាតុកម្មដោយអង្គុយនៅមួយកន្លែងដែលត្រូវបានគ្រោងទុកនៅទីលានសាធារណ:ដ៏ល្បីល្បាញក្នុងទីក្រុងនេះ ដែលគេហៅថា D-Chowk រហូតទាល់តែការទាមទាររបស់ពួកគេត្រូវបានឆ្លើយតប។
លោក Khan បាននិយាយក្នុងសារមួយបង្ហោះតាមគណនីXផ្លូវការរបស់លោកថា «សាររបស់ខ្ញុំចំពោះក្រុមគឺប្រយុទ្ធដល់ទីបញ្ចប់។ យើងនឹងមិនឈប់ទេ ទាល់តែការទាមទាររបស់យើងត្រូវបានឆ្លើយតប។ ចំពោះអ្នកគំរាមខ្ញុំដោយប្រើសវនាការក្នុងតុលាការយោធា ខ្ញុំនឹងមិនចុះញមទេ មិនថាអ្នកធ្វើអ្វីចំពោះខ្ញុំក៏ដោយ»៕
ការហែរក្បួនបាតុកម្មរបស់បក្សប្រឆាំងនៅប៉ាគីស្ថានឈានដល់ការប៉ះទង្គិចស្លាប់រស់

ទាហានប៉ារ៉ាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអ្នកគាំទ្រគណបក្ស Tehreek-e-Insaf របស់ប៉ាគីស្ថានរបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ អំឡុងពេលមានការប៉ះទង្គិចគ្នានៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។