មន្ត្រីប៉ាគីស្ថាននិយាយថា មនុស្សជាង៤០នាក់បានស្លាប់កាលពីថ្ងៃសុក្រ ក្នុងការវាយប្រហារបួនករណីផ្សេងគ្នា នៅក្នុងទីក្រុងសំខាន់ៗរបស់ប្រទេសប៉ាគីស្ថាន។
មនុស្សជាង១០០នាក់ទៀតបានរងរបួសក្នុងការវាយប្រហារ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រនៅទីក្រុង Quetta នៅភាគនីរតី នៅពេលឡានបង្កប់គ្រាប់បែកមួយបានសម្លាប់មនុស្សយ៉ាងតិច១៣នាក់ និងរបួស២០នាក់ផ្សេងទៀត។ មន្ត្រីប៉ូលិសជាន់ខ្ពស់ទំនងជាគោលដៅនៃការវាយប្រហារនោះ ហើយមានបុគ្គលិកយ៉ាងតិច៧នាក់នៅក្នុងចំណោមអ្នកស្លាប់។ ក្រុមរដ្ឋឥស្លាម ISIS និងក្រុម Jamaat-ul-Ahrar ដែលជាផ្នែកមួយរបស់ក្រុមតាលីបង់ ប៉ាគីស្ថាន បានប្រកាសទទួលខុសត្រូវសម្រាប់ការវាយប្រហារនៅ Quettaនេះ។
ប៉ុន្មានម៉ោងក្រោយមក គ្រាប់បែកពីរបានផ្ទុះផ្ទួនៗគ្នានៅភាគពាយព្យទីក្រុង Parachinar ដោយមានគោលដៅវាយប្រហារក្នុងទីផ្សារដែលមានមនុស្សច្រើនកកកុញ នៅក្នុងស្រុករបស់កុលសម្ព័ន្ធ Kurram ដែលគ្រប់គ្រងពាក់កណ្តាលស្វយ័ត នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ មនុស្សយ៉ាងតិច២៥នាក់បានស្លាប់នៅក្នុងការវាយប្រហារទាំងនេះ។
Sajid Turi សមាជិកសភានៅតំបន់នេះបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា នៅពេលរសៀលដែលមនុស្សច្រើនគ្រាប់បែកមិនសូវខ្លាំងមួយបានផ្ទុះមុនការផ្ទុះគ្រាប់បែកទីពីរដែលមានកម្លាំងខ្លាំងក្លា។ តំណាងរាស្ត្រនេះនិយាយថា លោកប៉ាន់ស្មានថាចំនួនមនុស្សស្លាប់នឹងកើនឡើង។ ប្រភពព័ត៌មានពីមន្ទីរពេទ្យនិយាយថា មានអ្នករបួសជាង៣០នាក់ត្រូវបានដឹកមកមន្ទីរពេទ្យដោយមានសភាពធ្ងន់ធ្ងរ។ មនុស្សរស់នៅតំបន់រងការវាយប្រហារនេះភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite។
សេចក្តីប្រកាសរបស់កងទ័ពសរសេរថា កងទ័ពបានបញ្ជូនឧទ្ធម្ភាគចក្រចំនួន២គ្រឿងទៅតំបន់ Parachinar ដើម្បីដឹកអ្នករបួសមកមន្ទីរពេទ្យនៅទីក្រុង Peshawar។ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវការវាយប្រហារនៅ Parachinar ទេ។ កាលពីយប់ថ្ងៃសុក្រ ខ្មាន់អាវុធបានវាយប្រហារប៉ូលិសនៅក្នុងភោជនីយដ្ឋាននៅតាមដងផ្លូវនៅទីក្រុង Karachi ដែលជាទីក្រុងកំពង់ផែដោយមានប៉ូលិស៤នាក់ស្លាប់។ លោក Antonio Guterres អគ្គលេខាធិការអ.ស.ប.បានថ្កោលទោសការវាយប្រហារនៅ Parachinar ហើយនិយាយថា លោកសង្ឃឹមថា អ្នកទទួលខុសត្រូវការវាយប្រហារនេះនឹងត្រូវកាត់ទោស៕