ការ​វាយប្រហារ​យោធា​តាម​អាកាស​បាគីស្ថាន​សម្លាប់​យុទ្ធជន​៣១នាក់

ផែនទី​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​នៃ​តំបន់​ Waziristan នៅ​ជួរ​ភ្នុំ​ Khyber ប្រទេស​បាគីស្ថាន។

ក្រុម​យោធា​បាគីស្ថាន​បាននិយាយ​ថា​កាល​ពី​ថ្ងៃសៅរ៍​កង​យន្តហោះ​ប្រយុទ្ធ​របស់​ពួក​គេ​បាន​ទម្លាក់​គ្រាប់បែក​និង​បាន​បំផ្លាញ «កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ភេរវជន» មួយ​ចំនួន​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​អាហ្វហ្គីស្ថាន​បណ្តាល​ឱ្យ​ជន​សកម្មប្រយុទ្ធ​យ៉ាង​តិចណាស់​៣១​នាក់​ស្លាប់​។​

ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​អន្តរសេវាកម្ម​ហៅ​កាត់​ថា​ ISPR ដែល​ជា​សាខា​បណ្តាញ​ផ្សាយ​ព័ត៌មាន​នៃក្រុម​យោធាបាគីស្ថាន​បាន​និយាយ​ថា «ការ​វាយប្រហារ​តាម​អាកាស​ត្រូវចំ​គោលដៅ» នៅ​ក្នុង​ជ្រលង​ភ្នំ Tirrah នៃស្រុក​កុលសម្ព័ន្ធ​ Khyber ហើយ​ថា​វា​ក៏​បាន​បំផ្លាញ «មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្រុម​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​មួយ»។ ផ្នែក​ទំនាក់ទំនង​សាធារណៈ​នេះ​និយាយ​ថា «អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ខ្លះ» ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ជន​ដែល​បាន​ត្រូវ​សម្លាប់។​

អាជ្ញាធរ​បាគីស្ថាន​បាន​បង្កើន​កិច្ចប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​ចាប់តាំងពី​ពេល​ដែល​ក្រុម​ជនសកម្ម​ប្រយុទ្ធ​បាន​ឆ្មក់​ធ្វើការ​វាយ​ប្រហារ​មួយ​ប្រឆាំង​នឹង​សាលារៀន​មួយ​កន្លែង​ដែល​ចាត់ចែង​ដោយ​ក្រុមយោធា​នៅ​ក្នុង​ក្រុង​ Peshawar កាល​ពី​ថ្ងៃ​ទី​១៦ខែ​ធ្នូដែល​បាន​បណ្តាល​ឱ្យ​មនុស្ស១៥០​នាក់​ស្លាប់​ដោយ​សឹង​តែ​ទាំង​អស់​ជា​កុមារៗ។​

ក្រុម​តាលីបាន​បាគីស្ថាន​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការ​សម្លាប់​រង្គាល​នេះ​។

កាល​ពី​ថ្ងៃសៅរ៍​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​បាន​ត្រូវ​ដាក់​ស្នើ​ក្នុង​សភា​ជាតិ​ដើម្បី​ស្វះស្វែង​បង្កើត​តុលាការ​ចាត់ចែង​ដោយ​ក្រុម​យោធា​ដើម្បី​កាត់ទោស​ជន​ជាប់សង្ស័យ​ថា​មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម។​ សមាជិកសភានឹង​ពិភាក្សា​គ្នា​អំពី​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ត្រូវ​ដាក់​ស្នើ​នេះ​នៅ​ថ្ងៃចន្ទ​ហើយ​គេ​រំពឹង​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទទួល​បាន​ការ​អនុម័ត​នៅ​ថ្ងៃ​នោះ​ដែរ។​ សេចក្តី​ព្រាង​ច្បាប់​នេះ​និយាយ​ថា​តុលាការ​ទាំង​នេះ​នឹង​ត្រូវ​បង្កើត​ទ្បើង​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ៕