ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​នឹង​បើក​កិច្ចប្រជុំ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម

រូបភាពឯកសារ៖ រដ្ឋមន្រ្តីការបរទេស​អាហ្វហ្គានីស្ថាន​លោក Salahuddin Rabbani (ស្តាំ) និយាយ​ជាមួយ​ទីប្រឹក្សាសន្តីសុខ​ជាតិ​ប៉ាគីស្ថានលោក Sartaj Aziz (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​នៅ​ Islamabad ប្រទេស​ប៉ាគីស្ថានកា​ល​ពី ថ្ងៃទី​១៣ សីហា ២០១៥ នៅ​ប្រទេស​ប៉ាគីស្ថាន។

ប្រទេស​ប៉ាគីស្ថាន​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​ចូល​រួម​នឹង​ការចរចា​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​លើ​យន្តការ​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​កង្វល់​ទៅ​លើ​បញ្ហា​ភេរវកម្ម​ឆ្លង​ព្រំដែន ហើយ​ភាគី​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ទៅ​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Sartaj Aziz ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ​ការបរទេស បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង Islamabad ថា លោក​នឹង​ពិភាក្សា​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​នេះ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​លោក Salahuddin Rabbani រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នៅ​ក្នុង​ទីក្រុង Islamabad នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​

លោក​បាននិយាយ​ថា លោក Rabbani បាន​បញ្ជាក់​ថា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​១០ ឬ​ហៅ​ថា ECO ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​អាហ្វហ្គានីស្ថាន​ដទៃទៀត។

លោក Aziz បាន​ថ្លែង​បន្ត​ថា ភាគី​ទាំង​២​យល់​ឃើញ​ថា អំពើ​ភេរវកម្ម​គឺ​ជា​សត្រូវ​រួម ហើយ​បាន​ព្រមព្រៀង​គ្នា​ថា ពិត​ជា​មាន​តម្រូវការ​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា។

ទំនាក់ទំនង​ទ្វេភាគី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង Islamabad និង​រដ្ឋាភិបាលក្រុង Kabul បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​បាន​ផ្តល់​ទីជម្រក​ដល់​ក្រុម​សកម្មប្រយុទ្ធ​ដែល​ប្រឆាំង​នឹង​រដ្ឋ​និង​ឧបត្ថម្ភ​ដល់​ការវាយប្រហារ​ភេរវកម្ម​ទៅ​លើ​ទឹកដី​របស់​ពួកគេ​រៀង​ខ្លួន៕