គ្រូ​បង្រៀន​ម្នាក់​លាក់​ខ្លួន​ក្រោយ​ត្រូវ​កាត់​ទោស​រឿង​រិះគន់​សំណង់​ស្ដូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ប៉ៃលិន​

រូប​ឯកសារ៖ ការ​រៀប​ចំ​ចង​ទង់​ជាតិ​កម្ពុជា​ និង​ទង់ជាតិ​វៀតណាម​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ ត្រាន់​ ដាយ​ក្វាង​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​

គ្រូ​បង្រៀន​បឋមសិក្សា​មួយ​រូប​នៅ​ខេត្ត​ប៉ៃលិន​និយាយ​ថាលោក​មិន​សុខ​ចិត្ត​នឹង​ការ​កាត់​សេចក្តី​របស់​តុលាការ​ខេត្ត​ប៉ៃលិន​ដែល​កាត់​ទោស​ឲ្យ​លោក​ជាប់​ក្នុង​ពន្ធនាគារ​១ឆ្នាំ​បន្ទាប់​ពី​លោក​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ទៅ​លើ​ការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀត​ណាម​នៅ​ខេត្ត​ភាគ​ខាង​លិច​នេះកាល​ពី​ឆ្នាំ​២០២០។​

កាលពី​ថ្ងៃ​ទី​៧​ខែ​មេសា ​ឆ្នាំ​២០២១​ ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​បាន​សម្រេច​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ឲ្យ​លោក​យួង សូដា​មាន​ពិរុទ្ធ​ភាព​ពី​បទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ប្រព្រឹត្ត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៦​ខែ​កញ្ញា​ឆ្នាំ​២០២០។​នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​លោក​ហ៊ុយ ទីហួ​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ចុះថ្ងៃ​ទី​៩​ខែ​មេសា​ ឆ្នាំ​២០២១។​

លោក​យួង សូដា ​វ័យ​២៤ឆ្នាំ​ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា៖​«ស្រណោះ​ជាតិ​ខ្មែរ»​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ពី​ទី​កន្លែង​សុវត្ថិភាព​ដែល​លោក​កំពុង​គេច​ខ្លួន​ថា​ លោក​បាន​ស្វះស្វែង​រក​មេធាវី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ប្តឹង​ទាស់​នឹង​សាល​ក្រម​របស់​តុលាការ​ខេត្ត​ប៉ៃលិន​ដែល​លោក​យល់​ថា​ អយុត្តិធម៌​សម្រាប់​លោក​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ឈឺ​ឆ្អាល​បញ្ហា​សង្គម។​

«ប្តឹង​ឧទ្ធរណ៍​សិន​ដើម្បី​ពន្យារ​សាល​ក្រម​ហ្នឹង​កុំ​ឲ្យ​ចូល​ស្ថាពរ​សិន។​ ហើយ​អារឿង​ថា​ តើ​ថ្ងៃ​មុខ​ទៀត​យ៉ាង​ម៉េច​ ខ្ញុំ​កំពុង​តែ​គិត​ដែរ»។​

សេចកី្ត​ជូន​ដំណឹង​របស់​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិនលោក​ ហ៊ុយ ទីហួ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​«ផ្តន្ទាទោស​ជន​ជាប់​ចោទ​ឈ្មោះ​យួង សូដា...​ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​១ឆ្នាំ។​សាលក្រម​នេះ​ជំនុំ​ជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩​ខែ​មីនា​ ឆ្នាំ​២០២១​និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៧​ ខែ​មេសា​ឆ្នាំ​២០២១​ កំបាំង​មុខ​ជន​ជាប់​ចោទ»។​

សេចក្តី​ជូន​ដំណឹង​បន្ថែម​ថា៖​«សាមីខ្លួន​មាន​សិទ្ធិ​ចូល​មក​ប្តឹង​ទាស់​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​គិត​ពី​ថ្ងៃ​ទទួល​ដំណឹង​និង​បន្ថែម​រយៈ​ពេល​១​ខែ​ទៀត​ សម្រាប់​ប្តឹង​ឧទ្ធរណ៍​គិត​ពីថ្ងៃ​ផុត​រយៈ​ពេល​ប្តឹង​ទាស់»។​

លោក​យួង សូដា​ គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​អូរខ្ទីងមាសសង្កាត់​អូរតាវ៉ៅ​ ក្រុង​ប៉ៃលិន​ខេត្ត​ប៉ៃលិន​ និយាយ​ថាតុលាការ​បាន​ចាត់​ការ​រឿង​ក្តី​លោក​ស្ងាត់ៗ​ដោយ​មិន​ឲ្យ​ខ្លួន​លោក​ឬ​ក៏​គ្រួសារ​សាច់​ញាតិ​លោក​ដឹង​ខ្លួន​ជាមុន​នោះ​ទេ។​

លោក​ថា​មិន​យល់​ពី​វិធានការ​ស្ងាត់​ស្ងៀម​របស់​តុលាការ​ចំពោះ​អ្វីដែល​លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​តាំង​ពី​ឆ្នាំ​២០២០​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​សួរ​អំពី​ចេតនា​នៅ​ពីក្រោយ​ការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម​ដោយ​ថា​លោក​ទើប​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា​អំពី​ការ​កាត់​ទោស​លោក។​

«កាល​ហ្នឹង​ខ្ញុំ​សរសេរ​ថា​អ្នក​ប៉ៃលិន​ ទំនេរៗ​ជិះ​កាត់​ស្ទឹង​តារាប​ផង​ហើយ​ងាក​ទៅ​ទិស​ខាង​លិច។​ ឥឡូវ​នេះ​យើង​មាន​ស្តូប​សឹង​ខេត្ត​ក្រុង​ហើយ​ ហើយ​សង្ឃឹម​ថា​ថ្ងៃខាង​មុខ​យើង​អាច​ប្រហែល​ជា​មាន​ទង់​ជាតិ​ពីរ​ ដូច​នៅ​ប្រទេស​ឡាវ​ដែរ​...»។

លោក​បន្ថែម​ថា​៖ «ដូច​ដែល​ខ្ញុំបាន​ដាក់​ចម្ងល់​ហ្នឹង​ថា​ ហេតុអី​បាន​ជា​ស្តូប​ហ្នឹង​ហាក់​ដូច​ជា​មាន​ការ​មមាញឹក​ក្នុង​ការ​ធ្វើ​រហូត​ដល់​គ្រប់​ខេត្ត​ក្រុង?​ថា​តើ​ស្តូបហ្នឹង​គេ​ធ្វើ​ក្នុង​រូបភាព​អី?​ ក្នុង​ន័យ​អី?​ ខ្ញុំ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ពិចារណា​ហើយ​អាហ្នឹង​វា​ជា​តថភាព​សង្គម​ដែល​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ដែល​ចូលចិត្ត​លើក​យក​តថភាព​សង្គម​ហ្នឹង​លើក​យក​មក​បង្ហាញ​ដល់​អ្នកអាន​ឬ​ក៏​អ្នក​ដែល​ជា​ friend​[មិត្តភក្តិ]​ក្នុង​ហ្វេសប៊ុកតែ​ប៉ុណ្ណឹង​ឯង។​ ហើយ​បញ្ហា​វា​មិន​មែន​តែមួយ​ហ្នឹង​ទេ។​ខ្ញុំ​លើក​បញ្ហា​ជា​ច្រើន​ទៀត​ ប៉ុន្តែ​ដោយ​ឡែក​ ស្រាប់​ ស្រាប់តែ​ខ្ញុំ​លើក​បញ្ហា​ហ្នឹង​មួយ​គេ​ក៏​យក​អាហ្នឹង​ជា​ចំណុច​មួយ​ធ្វើ​ការ​ចោទ​ប្រកាន់​ខ្ញុំ​អ៊ីចឹង»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក ​ជា​ សា ​ព្រះ​រាជអាជ្ញា​រង​និង​ជា​អ្នក​នាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​រិះគន់​ថាតុលាការ​ច្រើន​តែ​ប្រើប្រាស់​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​មក​បំបិទ​សំឡេង​មតិ​រិះគន់​រដ្ឋាភិបាល​ឬ​បុគ្គល​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ជំទាស់។​

លោក​យិន​ម៉េងលី​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​បាត់ដំបង​និង​ប៉ៃលិន​ ថ្លែង​ថា​រដ្ឋាភិបាល​គួរ​ពិចារណា​លុបចោល​មាត្រា​៤៩៥​នេះ​ដែល​ហាក់​ដូច​ជា​បង្កើត​ឡើង​ដើម្បី​បំបិទ​សំឡេង​ពលរដ្ឋ។​

លោក​គ្មាន​ជំនឿ​ថា​គ្រូ​បឋម​សិក្សា​រូបនោះ​អាច​ឈ្នះ​ក្តី​នៅ​សាលា​ឧទ្ធរណ៍​នោះ​ទេ។​ ហេតុ​ដូច្នេះ​លោក​ទទូច​ឲ្យ​ស្ថាប័ន​តុលាការ​បញ្ចប់​ក្តីក្តាំ​នេះ​ហើយ​អនុញ្ញាត​ឲ្យ​គ្រូ​បង្រៀន​រូប​នោះ​បាន​ត្រឡប់​ទៅ​បំពេញ​ការងារ​ជា​ប្រក្រតី​ឡើង​វិញ។​

លោក​ថ្លែង​ថា៖ «យើង​សង្កេត​មើល​ឃើញ​ថា​មិន​សូវ​មាន​លទ្ធផល​ប្រែប្រួល​ទេ។​បើ​សាលាដំបូង​កំណត់​ម៉េច​ហើយ​សាលា​ឧទ្ធរណ៍​ច្រើន​តែ​តម្កល់ [ច្រើន]​តែ​តម្កល់។​ អ៊ីចឹង​ បាន​ឥឡូវ​យើង​ក៏ទទូច​ដែរ​សុំ​សូម​ឲ្យ​សាលា​ឧទ្ធរណ៍​ហ្នឹង​លោក​នេះ​ទៅ​កាត់​ព្យួរ​ទៅ​បើ​មិន​ទម្លាក់​បទចោទ​ចំពោះ​គ្រូ​បង្រៀន​ហ្នឹង។​យើង​ព្យួរ​ទៅ​ កុំ​ដាក់​ទោស​គុក​អី!​ទោស​ព្យួរ​ទៅ​វិញ​ទៅ!​វា​រាង​ធូរស្រាល​ដែរ​បាទ។​ ហើយ​ឲ្យ​គ្នា​ចូល​ទៅ​ប្រកប​នូវ​មុខ​អាជីព​ជា​គ្រូ​បង្រៀន​ឡើង​វិញ​ផង»។​

យ៉ាងណា​ក៏​ដោយ​ រដ្ឋ​លេខាធិការ​ក្រសួង​យុតិ្តធម៌​លោក​ ជិន ម៉ាលីន​ការពារ​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​ប៉ៃលិន​ដែល​បាន​កាត់​ក្តី​ទៅ​តាម​អង្គហេតុ​ដែល​បង្ក​ឲ្យ​មាន​បទ​ល្មើស។​

លោក​ថ្លែង​ថា៖ «រឿង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​វា​អត់​មាន​រឿង​ពេញ​និយម​មិន​ពេញ​និយម​ហ្អេ៎។​ សំខាន់​ទៅលើ​អំពើ​និង​សកម្ម​ភាព​ថា​តើ​មាន​ធាតុ​ផ្សំ​បង្កើត​បាន​ជា​បទល្មើស​ហ្នឹង​ដែរ​ឬអត់។​ បើ​វា​មាន​ធាតុ​ផ្សំ​បង្កើត​បាន​ជា​បទ​ល្មើស​ហ្នឹង​គេ​ចោទ​ពី​បទ​ហ្នឹង​ហើយ។​គេ​ទៅ​ចោទ​បទ​ផ្សេង​ម៉េច​កើត?»​

ការ​និយាយ​ស្តី​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ប្រទេស​វៀតណាម​ត្រូវ​រងការ​ឆ្លើយតប​មក​វិញ​ពី​អាជ្ញាធរ​កម្ពុជា​តាម​ផ្លូវ​តុលាការ​តួយ៉ាង​ដូច​ករណី​លោក​ រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព​មួយ​រូប​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក្រោយ​លោក​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​អំឡុង​ខែ​កក្កដា​ឆ្នាំ​២០២០៕