ក្រោយមានការរិះគន់ជាបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុកអំពីសំណង់កុដិ ចៅអធិការវត្តគិរីសាលវ័ន ហៅវត្តថ្មីក្នុងខេត្តកំពង់ចាម បានទទួលស្គាល់ថា មានការធ្វេសប្រហែសក្នុងការសាងសង់កុដិមួយនេះ ហើយយល់ព្រមក្នុងការកែសម្រួលឡើងវិញ។
មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម កាលពីថ្ងៃទី ៥ ខែមីនា ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសមួយថា សំណង់កុដិក្នុងវត្តមួយក្នុងភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ពិតជាបានសាងសង់ខុសពីរចនាបថខ្មែរនៅផ្ទៃខាងមុខ បន្ទាប់ពីការចុះត្រួតពិនិត្យ។ មន្ទីរបញ្ជាក់ថា ការសាងសង់កុដិនេះមិនបានសុំច្បាប់អនុញ្ញាតនោះទេ ហើយការងារសាងសង់បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨។
មន្ទីរធម្មការនិងសាសនា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «សាមីវត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា»។
ក្រោយមានការណែនាំពីមន្ទីរធម្មការ និងសាសនា ចៅអធិការវត្ត ព្រះអង្គ ប៊ន ស្រឿន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា សំណង់កុដិផ្ទៃខាងមុខពិតជាមិនសមស្របជាលក្ខណៈរបស់ខ្មែរមែន ដោយមូលហេតុមកពីការកែប្រែប្លង់ខុសពីរចនាបថដើមដែលបានសិក្សាជាមួយវិស្វករខ្មែរ។ ចៅអធិការបញ្ជាក់ថា វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា៕