មេដឹកនាំ​កោះប៉ាស៊ីហ្វិក​យល់ព្រម​បង្កើន​តួនាទី​របស់​ជប៉ុន​នៅក្នុង​តំបន់​ចំពេល​មាន​ការកើនឡើង​ឥទ្ធិពល​របស់​ចិន

រូបឯកសារ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងនៅក្នុង​កិច្ចប្រជុំកំពូលរវាងអាស៊ាននិងជប៉ុន នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

មេដឹកនាំ​នៃ​បណ្តា​ប្រទេស ​និង​តំបន់​កោះ​ប៉ាស៊ីហ្វិក​ចំនួន​ ១៨​ បាន​យល់ព្រម​លើ​តួនាទី​ពង្រឹង​បន្ថែម​របស់​ប្រទេស​ជប៉ុន​ក្នុង​ការអភិវឌ្ឍន៍​ក្នុង​តំបន់​ ខណៈពេល​ដែល​ប្រឆាំងនឹង​សកម្មភាព​បង្ខិតបង្ខំ​ណាមួយ​ ខណៈដែល​ទីក្រុង​តូក្យូ​ស្វែងរក​លទ្ធភាព​ធ្វើការ​ជាមួយ​នឹង​ប្រទេសកាន់តែ​ច្រើន​ ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន។ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ ​AP។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​កាលពី​ថ្ងៃព្រហស្បតិ៍​ ក្រុម​មេដឹកនាំ​បាន​ព្រមព្រៀងគ្នា​ថា ​ប្រទេស​ជប៉ុន​ផ្តល់​ការគាំទ្រ​ និង​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែ​ខ្លាំង​នៅ​លើ​ផ្នែកការប្រែប្រួល​អាកាសធាតុ ​សន្តិសុខ​ដែនសមុទ្រ​ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​វិស័យ​ផ្សេងៗ​ទៀត។

កិច្ចប្រជុំ​មេដឹកនាំ​កោះប៉ាស៊ីហ្វិក​ ដែល​បាន​ចាប់ផ្តើម​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន​ក្នុង​ឆ្នាំ ១៩៩៧​ បាន​ក្លាយជា​ឧបករណ៍​ការទូត​ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន​ដើម្បី​រារាំង​ឥទ្ធិពល​សន្តិសុខ​ និង​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​តំបន់៕