អគ្គលេខាធិការ​អង្គការ​អូតង់​ដែល​ជិត​ផុតអាណត្តិ​​ នឹង​ជួប​លោក Biden ​នៅ​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​​

រូបឯកសារ៖ ប្រធានាធិបតី​ Joe Biden (ឆ្វេង)​ថ្លែង​ជាមួយអគ្គលេខា​អង្គការ​អូតង់​ លោក​ Jens Stoltenberg​ អំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​កាលពីថ្ងៃទី​២៩ មិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ ​មាន​គម្រោង​នឹង​ជួប​ជា​មួយ​អគ្គលេខា​អង្គការ​អូតង់​ លោក​ Jens Stoltenberg​ នៅ​ក្នុង​សេតវិមាននៅ​ថ្ងៃ​ចន្ទ​នេះ​ ស្រប​ពេល​ការ​ព្យាយាម​ដើម្បី​រក​អ្នកស្នង​តំណែងជំនួស​លោកកំពុង​មាន​ការ​កើន​ឡើង​ខ្លាំង។​

ស្រប​ពេល​ដែល​សេតវិមាន​និយាយ​ថា​ របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​ នឹង​ពិភាក្សា​រឿងកិច្ចប្រជុំ​កំពូល​ របស់អង្គការ​នេះ​នៅខែក្រោយ​ ​ក្នុងរដ្ឋធានី​វិលនីញូស​ (Vilnius)​ ប្រទេស​លីទុយអានី​នោះ ​បញ្ហាថា​តើ​អ្នក​ណានឹង​កា្លយ​ជា​មេដឹកនាំថ្មី​របស់​អង្គការ​អូតង់ ក្នុង​អំឡុង​ពេល​ដ៏​លំបាកនៅ​ពេល​នេះ​ ក្នុង​រយៈពេល​៧៤​ឆ្នាំ​នៃ​ប្រវតិ្ត​របស់​ខ្លួននោះ​ នឹង​មិនមែន​ជា​រឿង​សង្ស័យហើយ​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​ នៅ​ពេល​ដែលសម្ព័ន្ធមិត្តរបស់​អង្គការ​អូតង់ កំពុងប្រឈមមុខនឹង​សង្គ្រាមរុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយក្រែននៅ​ឡើយ។

លោក​Stoltenberg ​ដែលជា​អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ន័រវេស​នោះ​ គឺ​ជាមេដឹកនាំ​របស់​អង្គការ​អូតង់​ដែល​យូរជាង​គេ​បង្អស់​ និងធ្លាប់បាន​ពន្យារ​អាណត្តិនៃ​ការ​ដឹកនាំ​របស់​លោក​អស់៣ដងរួច​មក ​ហើយ ​តាំង​ពី​លោក​ក្លាយ​ជា​មេដឹកនាំ​របស់​អង្គការ​នេះតាំង​ពី​ឆ្នាំ​២០១៤​មក។​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ អ្នក​នាំពាក្យ​របស់​លោកStoltenberg ​ធ្លាប់​បាន​និយាយ​ថា​ លោកStoltenberg ​នឹង​ចាក​ចេញ​ពី​តំណែង​របស់​លោកនៅ​ពេលអាណត្តិដឹកនាំ​លើក​នេះ​ផុត​កំណត់​នៅ​ខែ​តុលា​ខាង​មុខ​។​ ​

លោក​Stoltenberg ​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​ ក្នុង​ការ​ចាត់ចែងដឹកនាំទំនាក់ទំនងដ៏​រកាំរកូស​រវាងអតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ជុំវិញ​ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ ការ​ដកកងទ័ព​អង្គការ​អូតង់ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ក្នុង​ខែ​សីហា​ ឆ្នាំ​២០២១​ និង​ការ​គ្រប់គ្រង​ការឆ្លើយតប​របស់ក្រុម​សម្ព័ន្ធមិត្ត​ លើ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេសអ៊ុយក្រែនជា​ដើម។​ មតិ​របស់​លោក​អំពី​អ្នកស្នង​តំណែង​លោក​មាន​ទម្ងន់​ ហើយ​លោក​ Biden ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពិគ្រោះ​ជាមួយ​លោក។

អ្នក​ដែល​ត្រូវ​ចូល​ជំនួស​លោក Stoltenberg នឹង​ប្រឈមនូវ​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​មួយ​ ក្នុង​ការពារ​សន្តិសុខដល់​ប្រជាជនប្រមាណ​១ពាន់លាន​នាក់​ក្នុង​ប្រទេស​ចំនួន​៣១​ និង​កំពុង​តែ​កើន​ឡើង។​ អ្នក​ស្នង​តំណែងថ្មី​របស់​អង្គការ​អូតង់ ត្រូវ​តែ​ចាត់ចែងធ្វើ​សកម្មភាព​ប្រកប​ដោយតុល្យភាពដ៏​តឹង​តែង​មួយ ​ក្នុង​ការ​គាំទ្រកងកម្លាំង​អ៊ុយក្រែន​ ខណៈ​ពេលត្រូវ​ទប់ស្កាត់​ធ្វើ​យ៉ាងណា​មិន​ឱ្យ​ជម្លោះ​នេះ​ រីករាល​ដាល​ដល់​ទឹកដី​របស់សមាជិក​ណា​មួយ​នៃ​អង្គការ​អូតង់នោះ​ឡើយ​ ព្រោះការរាល​ដាល​នៃ​សង្គ្រាម​អ៊ុយក្រែន​ចូល​ទៅក្នុងទឹកដី​របស់ប្រទេស​ណា​មួយ​ ដែលជា​សមាជិក​របស់​អង្គការ​អូតង់​នោះ​ នឹង​នាំ​ទៅ​ដល់​ការ​ប្រើប្រាស់​មាត្រា​៥របស់​អង្គការ​អូតង់ ដែល​បង្កើត​ឱ្យ​មាន​ការ​ការពារ​ជា​រួម​មួយ​ ហើយ​ដែល​អាច​ក្លាយទៅ​ជាឆ្នួន​ផ្ទុះ​នៃ​សង្គ្រាម​លោក​លើក​ទី​៣​ផង​ដែរ៕