ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កាន់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បណ្តេញ​ពី​តំណែង​ថ្លែង​ថា​«រន្ធត់​និង​តក់​ស្លុត‍»​​នឹង​សម្តី​របស់​លោក​ ត្រាំ

លោក​ស្រី Marie Yovanovitch អតីត​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន ធ្វើ​សក្ខីកម្ម​​នៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃទី​១៥ វិច្ឆិកា ២០១៩ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទម្លាក់ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក​ស្រី ​Marie Yovanovitch ​អតីត​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ បាន​ថ្លែង​នៅ​ពេល​ផ្តល់​សក្ខីកម្ម​កាលពីថ្ងៃ​សុក្រ​ទៅ​កាន់​រដ្ឋសភា​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ត្រាំ​ចេញ​ពី​តំណែង។

លោក​ស្រី​ថ្លែង​ថា លោកស្រី​មាន​អារម្មណ៍​«រន្ធត់‍​និង​តក់​ស្លុត» ​នឹងសម្តី​របស់​លោក ត្រាំ ដែល​បាន​និយាយ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskiy។

លោកស្រី​បាន​ថ្លែង​ប្រាប់​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​របស់​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា​អាមេរិក ​Capitol Hill ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ខ្ញុំ​មិន​ដឹង​គិត​យ៉ាង​ម៉េច​នោះ​ទេ ប៉ុន្តែ​ខ្ញុំបារម្ភ​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​ជា​ការ​គំរាម​កំហែង​មួយ‍»។

សក្ខីកម្ម​របស់​លោក​ស្រី​គឺ​ស្រប​ទៅ​នឹង​សក្ខីកម្ម​សម្ងាត់​ដែល​អ្នក​ស្រី​បាន​ផ្តល់​ឲ្យ​កាលពី​ខែ​មុន​ នៅ​ពេល​ដែល​លោក​ស្រី​បាន​ថ្លែង​ថា​ លោក​ស្រី​មាន​អារម្មណ៍​ថា​«រង​ការ​គំរាម​កំហែង‍» ហើយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោកស្រី ​បន្ទាប់​ពី​លោក ត្រាំ ​បាន​ថ្លែង​ថា «លោកស្រី​នឹង​ត្រូវ​ឆ្លងកាត់​រឿង​មួយ​ចំនួន‍»។

លោកស្រី ​Yovanovitch ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ ទី២៥ ខែ​កក្កដា​ រវាង​លោក ត្រាំ ជាមួយ​នឹង​លោក ​Zelensky ​ដែល​បាន​បង្ក​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ប្តឹង​ទម្លាក់​រូប​លោក​ បន្ទាប់​ពី​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ​រូប​បាន​ដាក់​ពាក្យ​បណ្តឹង។ ​បើ​យោង​តាម​ការ​សង្ខេប​មួយ​របស់​សេតវិមាន​ពាក់ព័ន្ធ​នឹង​ការ​សន្ទនារ​តាម​ទូរស័ព្ទ​នោះ ​លោក ត្រាំ បាន​ថ្លែង​ថា លោកស្រី​ Yovanovitch ​គឺ​ជា ‍«ដំណឹង​អាក្រក់‍»។

លោក​ ត្រាំ ក្រោយ​មក​ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ​Twitter រិះគន់​លោកស្រី Yovanovitch ​ម្តង​ទៀត​ថា៖ «ទីណា​ដែល​លោកស្រី ​Marie Yovanovitch ទៅ​ ទី​នោះ​នឹង​ប្រែ​ក្លាយ​ជា​អាក្រក់‍»។

លោក ​Adam Schiff​ ប្រធាន​គណកម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​និយាយ​កាត់​ពេល​លោកស្រី​អាន​សារ​ Twitter ​របស់​លោក ត្រាំ ហើយ​បាន​ស្នើ​ឲ្យ​លោកស្រី​ធ្វើ​ការ​ឆ្លើយ​តប។ លោកស្រី ​Yovanovitch​ បាន​ឈប់​មួយ​ភ្លែត​មុន​នឹង​និយាយ​ថា «វា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់‍។ ខ្ញុំ​មិន​អាច​ដឹង​ថា លោក​ប្រធានាធិបតី​កំពុង​ព្យាយាម​ធ្វើ​អ្វី​នោះ​ទេ ​ប៉ុន្តែ​ផល​ប៉ះពាល់​នឹង​គួរ​ឲ្យ​ខ្លាច​ណាស់‍»។​

លោក ​Schiff បាន​ឆ្លើយ​តប​ថា៖ «ពួក​យើង​មួយ​ចំនួន​នៅ​ទីនេះ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍​ភ័យ​ខ្លាច​របស់​សាក្សី‍»។

ការ​វាយ​ប្រហារ​តាម​បណ្តាញ​សង្គម​ Twitter​ របស់​លោក ត្រាំ បាន​ធ្វើ​ឲ្យ​លោកស្រី Liz Cheney ដែល​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ជាន់​ខ្ពស់​ទី៣​មក​ពី​គណបក្ស​សាធារណរដ្ឋ មាន​ការ​ខឹង​សម្បា។

លោកស្រី​បាន​ថ្លែង​ថា លោក ត្រាំ ខុស​ហើយ។ ហើយ​លោកស្រី​ថ្លែង​ថា លោកស្រី Yovanovitch គឺ​ជា​បុគ្គល​មួយរូប​ដែល​បាន​បំរើ​ដល់​សាធារណជនអាមេរិកាំង​រាប់​ទសវត្សរ៍​មក​ហើយ ហើយ​លោកស្រី​គិត​ថា​ លោក​ប្រធានាធិបតី​មិន​គួរ​ធ្វើ​ដូច្នេះ​នោះ​ទេ‍»។

សេតវិមាន​បន្ទាប់​មក​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ធ្វើ​ការបដិសេធ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​គំរាម​កំហែង​នោះ៕