តុលាការកំពូលនៃប្រទេសថៃ បានសម្រេចធ្វើការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តី Yingluck Shinawatra លើការពាក់ព័ន្ធរបស់លោកស្រីនៅក្នុងការចាត់ចែងមិនបានល្អនូវកម្មវិធីស្រូវអង្ករដែលផ្តល់ប្រាក់ឧបត្ថម្ភដោយរដ្ឋាភិបាលដែលបានធ្វើឲ្យប្រទេសខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។
យោងទៅតាមសេចក្តីថ្លែងការណ៍របស់តុលាការ បានប្រាប់ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការចៅក្រមមួយបានសម្រេចថា រឿងក្តីនេះត្រូវធ្លាក់ចូលក្នុងយុត្តាធិការរបស់តុលាការ។ ការធ្វើសាវនាការលើកដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា។ ប្រសិនបើរកឃើញថាមានកំហុស លោកស្រី Yingluck អាចជាប់គុករហូតដល់១០ឆ្នាំ។
កាលពីខែកុម្ភៈ ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោកស្រី Yingluck ពីការធ្វេសប្រហែសភារៈកិច្ចដើម្បីពិនិត្យកម្មវិធីស្រូវអង្ករដែលបានបង់ប្រាក់ឲ្យពួកកសិករលើតម្លៃទីផ្សារ។ ក្រុមប្រឆាំងនឹងលោកស្រី និយាយថា កម្មវិធីនោះជាប៉ុនប៉ងដើម្បីបានទទួលការគាំទ្រខាងនយោបាយពីកសិករ។
លោកស្រី Yingluck បានត្រូវបណ្តេញចេញពីដំណែងដោយបញ្ជាតុលាការនៅខែឧសភា ឆ្នាំ២០១៤ ប៉ុន្មានថ្ងៃមុនពេលពួកយោធាបានដណ្តើមអំណាច។ ចាប់តាំងពីពេលនោះមក អង្គការនិតិបញ្ញត្តិដែលតែងតាំងដោយក្រុមយោធា បានប្តឹងចោទប្រកាន់លោកស្រីនៅមុខតុលាការ ហើយបានហាមឃាត់លោកស្រីមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
អតីតនាយករដ្ឋមន្រ្តីរួបនេះបានអះអាងថា រឿងក្តីប្រឆាំងនឹងលោកស្រី ជាហេតុផលខាងនយោបាយ និងបានទទូចថា កម្មវិធីស្រូវអង្ករដែលផ្តល់ប្រាក់ឧបត្ថម្ភដោយរដ្ឋាភិបាលបានផ្តល់ប្រយោជន៍ដល់កសិករថៃ។
លោកស្រី Yingluck ជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ខ្លួនលោក ក៏ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធានៅឆ្នាំ២០០៦លើបទចោទប្រកាន់ពីការពុករលួយ។លោក Thaksinបានរត់គេចខ្លួនពីប្រទេសថៃនៅឆ្នាំ២០០៨ នៅពេលដែលលោកប្រឈមនឹងការកាត់ទោសឲ្យជាប់គុក២ឆ្នាំលើបទពុករលួយ។ ក៏ប៉ុន្តែលោក Thaksin និងគណបក្សភឿថៃ នៅតែមានប្រជាប្រិយភាព ជាពិសេសនៅក្នុងតំបន់ជនបទ៕