គណបក្ស NLD នៅ​មីយ៉ាន់ម៉ា ទាមទារ​ឲ្យ​យោធា​ដោះលែង​អ្នកស្រី Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត

អ្នកគាំទ្រគណបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) កាន់រូបអ្នកស្រី Aung San Suu Kyi ក្នុងពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី Aung San Suu Kyi និង​មេដឹកនាំ​ផ្សេង​ទៀត​ដែល​យោធា​បាន​ឃុំ​ខ្លួន ដោយ​បាន​ហៅ​រដ្ឋប្រហារ​កាលពី​មួយ​ថ្ងៃ​មុន​ថា​ជា «ស្នាម​ប្រឡាក់» នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យោធា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Suu Kyi ដែល​ជា​មេដឹកនាំ​របស់​ប្រទេស​មីយ៉ាន់ម៉ា រួម​ជាមួយ​នឹង​លោក​ប្រធានាធិបតី Win Myint ផងដែរ ត្រូវ​បាន​យោធា​ឃុំ​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។

យោធា​បាន​បន្តុប​អតីត​នាយ​ឧត្តមសេនីយ​ម្នាក់​ជា​ប្រធានាធិបតី ហើយ​បាន​ប្រគល់ «អំណាច​នីតិ​បញ្ញត្តិ អំណាច​តុលាការ និង​អំណាច​នីតិ​ប្រតិបត្តិ» ទៅ​ឲ្យ​អគ្គមេបញ្ជាការ​យោធា​លោក Min Aung Hlaing ដោយ​បាន​បង្វិល​ប្រទេស​ឲ្យ​វិល​ទៅរក​ការ​គ្រប់គ្រង​តាម​បែប​យោធា​ដោយ​ផ្ទាល់​វិញ បន្ទាប់ពីប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​ពិសោធន៍​ជាមួយ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជិត ១០ ឆ្នាំ​មក។

កន្លង​មក មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណា​មួយ​អំពី​ទីកន្លែង​ឃុំ​ខ្លួន​របស់​អ្នកស្រី Suu Kyi នៅ​ឡើយ​ទេ ចាប់​តាំងពី​យោធា​បាន​ដណ្តើម​គ្រប់គ្រង​អំណាច​មក ទោះបីជា​ប្រភព​របស់​គណបក្ស NLD បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ពួកគេ​ជឿ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រី Suu Kyi កំពុង​ស្ថិត​ក្រោម «ការ​ឃុំឃាំង​ក្នុង​ផ្ទះ» នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ​ក៏ដោយ។

នៅ​ថ្ងៃ​អង្គារ​នេះ គណបក្ស NLD របស់​អ្នកស្រី Suu Kyi បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំងអស់​ចាប់​តាំងពី​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​មក។

គណបក្ស​នេះ​បាន​បញ្ជាក់​នៅ​លើ​ឯកសារ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​ថា៖ «ចូរ​ដោះលែង​អ្នក​ឃុំ​ខ្លួន​ទាំង​អស់ រួម​ទាំង​លោក​ប្រធានាធិបតី Win Myint និង​ទីប្រឹក្សា​រដ្ឋ​របស់អ្នកស្រី Suu Kyi ផងដែរ»។

គណបក្ស​នេះ​ក៏​បាន​ទាមទារ​ឲ្យ​យោធា «ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២០» ផងដែរ៕