អតីតមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi ត្រូវបានគេបញ្ជូនពីពន្ធនាគារទៅដាក់ឃុំក្នុងផ្ទះដែលជាវិធានការការពារសុខភាពដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់របបយោធាមីយ៉ាន់ម៉ា។
នៅថ្ងៃពុធនេះ របបយោធាមីយ៉ាន់ម៉ាបានផ្ដល់ការលើកលែងទោសដល់អ្នកទោសជាង ៣.០០០ នាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសប្ដាហ៍នេះ។
អ្នកស្រី Suu Kyi វ័យ ៧៨ ឆ្នាំ និងលោក Win Myint វ័យ ៧២ ឆ្នាំ ដែលជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ានៅក្នុងរដ្ឋាភិបាលរបស់អ្នកស្រី Suu Kyi ស្ថិតក្នុងចំណោមអ្នកទោសវ័យចំណាស់និងមានសុខភាពមិនល្អដែលត្រូវបញ្ជូនចេញពីពន្ធនាគារដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ទោ Zaw Min Tun ដែលថ្លែងប្រាប់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីល្ងាចថ្ងៃអង្គារ។
វិធានការនេះមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការផ្ទេរអ្នកស្រី Suu Kyi នេះបានធ្វើឡើងនៅចំពេលដែលយោធាមីយ៉ាន់ម៉ាបានរងបរាជ័យធំៗជាបន្តបន្ទាប់នៅក្នុងការប្រយុទ្ធនឹងក្រុមយុទ្ធជនតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសម្ព័ន្ធមិត្តរបស់ក្រុមយុទ្ធជនទាំងនោះនៅក្នុងកងកម្លាំងក្រុមឧទ្ទាមជាតិសាសន៍ភាគតិច។
ជម្លោះនៅទូទាំងប្រទេសនេះបានចាប់ផ្ដើមបន្ទាប់ពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Suu Kyi ចេញពីអំណាចកាលពីខែកុម្ភៈឆ្នាំ ២០២១ ដោយចាប់អ្នកស្រី Suu Kyi ដាក់ឃុំនិងចាប់ផ្ដើមបង្ក្រាបលើការតវ៉ាអហិង្សានានាដែលចង់ឱ្យប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅរកការដឹកនាំបែបប្រជាធិបតេយ្យវិញ។
អ្នកស្រី Suu Kyi កំពុងបំពេញទោសជាប់ពន្ធនាគារ ២៧ ឆ្នាំក្រោមការផ្ដន្ទាទោសព្រហ្មទណ្ឌជាច្រើន។ អ្នកស្រីត្រូវគេដាក់ឃុំនៅក្នុងផ្នែកដែលសាងសង់ឡើងជាពិសេសនៃពន្ធនាគារចម្បងនៅក្នុងរដ្ឋធានីណៃពិដោ ដែលនៅទីនោះ ក្រសួងឧតុនិយមរបស់មីយ៉ាន់ម៉ាបានបញ្ជាក់ថាសីតុណ្ហភាពបានឡើងដល់ ៣៩ អង្សាសេនៅរសៀលថ្ងៃអង្គារ។
លោក Win Myint ជាប់ពន្ធនាគារ ៨ ឆ្នាំនៅក្នុងក្រុង Taungoo ក្នុងតំបន់ Bago នៃប្រទេសមីយ៉ាន់ម៉ា៕