គណបក្សនយោបាយចំនួនបួនត្រូវបានបង្កើតឡើងក្នុងពេលថ្មីៗនេះប៉ុន្តែប្រហែលជានឹងមានការពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងគណបក្សធំៗដែលកំពុងមានឥទ្ធិពលក្នុងឆាកនយោបាយនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ។
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាអង្គការស្រាវជ្រាវគោលនយោបាយមើលឃើញថា កត្តាគោលនយោបាយជាន់គ្នា រូបមន្តបោះឆ្នោតដ៏ស្មុគស្មាញ ធនធានមនុស្សនិងធនធានហិរញ្ញវត្ថុនឹងក្លាយជាចំណុចរាំងស្ទះដល់ការឈានឡើងរបស់គណបក្សទាំងនោះ។
«បើតាមការទាយគណបក្សទើបបង្កើតថ្មីមួយចំនួនប្រហែលជាមិនអាចបន្តឈានរហូតដល់ការឈរឈ្មោះ បំពេញបែបបទដើម្បីដាក់បេក្ខជនឈរឈ្មោះនៅក្នុងការបោះឆ្នោត២០១៧ ២០១៨នេះទេ។ ជាទូទៅយើងឃើញមានគណបក្សចាប់ផ្តើមបង្កើតប៉ុន្តែដល់ពេលបោះឆ្នោតគឺការដាក់បេក្ខជនគឺជាការប្រឈមមួយហើយបញ្ហាមួយទៀតទាក់ទងនឹងការគ្រប់គ្រងថវិកា បញ្ហាពាក់ព័ន្ធធនធានមនុស្ស ពាក់ព័ន្ធរចនាសម្ព័ន្ធបក្ស សុទ្ធតែជារឿងប្រឈមនៃគណបក្សតូចៗទាំងអស់»។
គណបក្សដែលទើបបានបង្កើតនៅក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ និងគណបក្សខ្មែរសាមគ្គី។
រូបមន្តបែងចែកអាសនៈនាពេលបច្ចុប្បន្នគឺយកមធ្យមភាគខ្ពស់បំផុត ដែលលោក អ៊ូ វីរៈយល់ថាបើសិនជាយករូបមន្តដែលអង្គការសហប្រជាជាតិធ្លាប់ប្រើកាលពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ គឺយកសំណល់ទៅ បែងចែកឱ្យគណបក្សមិនទាន់បានអាសនៈគឺគណបក្សតូចៗអាចមានលទ្ធភាពទទួលបានអាសនៈ។
ការដាក់ចេញនូវគោលនយោបាយនៅតែជាបញ្ហាដែលគណបក្សនយោបាយក្នុងប្រទេសកម្ពុជាទាំងថ្មីនិងចាស់ជួបប្រទះនិងពិបាកជម្នះបាន។ នេះបើតាមការបញ្ជាក់របស់លោកអ៊ូ វីរៈ។
លោកយល់ថាគណបក្សទាំងនោះមានតែសារនយោបាយដែលតម្រូវតាមចិត្តអ្នកបោះឆ្នោតជាជាងគោលនយោបាយពិតប្រាកដហើយហាក់ដូចជាមានលក្ខណៈជាន់គ្នារវាងគណបក្សនយោបាយចាស់និងនយោបាយថ្មីៗ។
លោកបានបន្ថែមថា៖
«ទាក់ទងនឹងសារនយោបាយនេះអត់ទាន់មានអ្នកណាមួយចិត្តសឿងទេ។ ឧទាហរណ៍គេសួរកសិករ ថាដើម្បីជួយកសិករធ្វើម៉េច? ចម្លើយភាគច្រើនទាំងអស់គ្នាថាចង់ជួយកសិករគឺជួយឱ្យធ្វើកសិកម្មបានផលជាងមុន ។ នេះជាចម្លើយ...ប៉ុន្តែតាមពិតគឺអត់អញ្ចឹងទេកសិករខ្លះគាត់អត់ចង់ឱ្យកូនគាត់ធ្វើកសិកម្មទេ គាត់ចង់ឱ្យកូនគាត់ធ្វើការនៅធនាគារ»។
គណបក្សនយោបាយថ្មីខ្លះក៏នៅតែលើកឡើងពីចំណុចជាតិនិយមដែលគណបក្សចាស់ធ្លាប់លើកឡើងជាច្រើនដូចជាបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាមនិងទឹកដីដែលបានបាត់បង់ជាដើម។
លោក វីរៈ យល់ថាគណបក្សនយោបាយថ្មីគួរតែមានសារនយោបាយថ្មីដែលខុសប្លែកពីគណបក្សមុនៗដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតបាន៖
«សារនយោបាយខ្លះគឺជាសារនយោបាយដោយផ្ទាល់បានន័យថា យើងឃើញប្រជាពលរដ្ឋជាកសិករដល់យើងចង់ជួយគាត់គឺជួយគាត់ឱ្យបានកសិផលច្រើនជាងមុនប៉ុន្តែសារនយោបាយខ្លះគឺមិនមែនជាការគិតចំត្រង់ៗគឺជាសារនយោបាយមួយជាទស្សនវិស័យដែលមិនគិតចំត្រង់ប៉ុន្តែអាចទាក់ទាញផងដែរហើយគណបក្សតូចៗគាត់មានឱកាសក្នុងការដែលគាត់អាចលេចធ្លោបានបើសិនជាគាត់មានសារនយោបាយដែលអាចច្នៃប្រឌិតជាសារនយោបាយដែលបានឃោសនា៤ ឬ ៥អាណត្តិកន្លងមកហើយ»។
យ៉ាងណាក៏ដោយលោកយល់ថាការមានគណបក្សនយោបាយច្រើនជាការផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតកាន់តែមានជម្រើសច្រើនបើទោះបីជារូបមន្តបែងចែកអាសនៈនាពេលបច្ចុប្បន្នហាក់ដូចជាធ្វើឱ្យពួកគេមើលទៅដូចជាអ្នកមកបំបែកសំឡេងពីគណបក្សដែលមកប្រកួតនឹងបក្សកាន់អំណាចក៏ដោយ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅ ឆ្នាំ២០១៧និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨៕