អង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបបានអំពាវនាវនៅថ្ងៃសុក្រនេះឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការជួញដូរមនុស្ស ក្នុងពេលដែលមានវិបត្តិជំងឺកូវីដ១៩ជាសាកល។
លោក Valiant Richey តំណាងពិសេសអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដោយសហការជាមួយនឹងប្រទេសអាល់បានី ដែលជាប្រធានប្តូរវេន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយពីទីក្រុងវីយែនថា៖ «ជាក់ច្បាស់ណាស់នៅពេលដែលសហគមន៍ពិភពលោករបស់យើងធ្លាក់ចូលក្នុងវិបត្តិដ៏ធំដូចនេះ គឺកាតព្វកិច្ចរបស់យើងប្រយុទ្ធនឹងការកេងប្រវ័ញ្ចពលរដ្ឋរងគ្រោះនៅតែខ្លាំងក្លា»។
ជនរងគ្រោះដោយការជួញដូរមនុស្សប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងដោយសារតែអ្នកជួញដូរកាន់តែសាហាវជាងមុនហើយប្រើប្រាស់ទម្រង់នៃការកេងប្រវ័ញ្ចថ្មីៗដើម្បីរក្សាប្រាក់ចំណូលរបស់ពួកគេ។ នេះបើតាមការបញ្ជាក់នៅសេចក្តីថ្លែងការណ៍នោះ និងបានបន្ថែមថា «ក្នុងគ្រាដែលធនធាននានាត្រូវបានបង្វែរទៅដោះស្រាយបញ្ហាសុខាភិបាល ពលរដ្ឋរងគ្រោះដែលរស់ក្នុងស្ថានភាពផុយស្រួយស្រាប់កំពុងតែជួបហានិភ័យកាន់តែខ្លាំងជាងមុនក្នុងការធ្លាក់ចូលក្នុងស្ថានភាពត្រូវគេកេងប្រវ័ញ្ច»។
ក្នុងអំឡុងពេលមានវិបត្តិពិភពលោកកម្រិតនេះ ស្ត្រី និងកុមារ ដែលមាន៩០ភាគរយនៃជនរងគ្រោះដោយសារការកេងប្រវ័ញ្ចផ្លូវភេទ និងកុមារចំណាយពេលជាច្រើនម៉ោងតាមអ៊ីនធឺណិតដោយសារតែសាលារៀនបានបិទគឺកាន់តែធ្វើឱ្យពួកគេងាយរងគ្រោះ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «ក្នុងករណីជួញដូរសរីរាង្គកាយមនុស្ស គឺផលប៉ះពាល់នៃជំងឺកូវីដ១៩កាន់តែគួរឱ្យព្រួយបារម្ភដោយសារតែការជួញដូរនេះមានទម្រង់អាក្រក់បំផុតប៉ុន្តែត្រូវបានគេយកចិត្តទុកដាក់តិចតួចបំផុត»៕