កសិករដាំដំណាំបន្លែសរីរាង្គចង់ឃើញប្រជាពលរដ្ឋខ្មែរប្រើប្រាស់ផលិតផលរបស់ពួកគេឲ្យបានច្រើនឡើងថែមទៀត ដែលជាប្រយោជន៍ដើម្បីពង្រីកការដាំបន្លែដែលមិនប្រើសារធាតុគមីនាំឲ្យប៉ះពាល់ដល់សុខភាព។
ឈរនៅក្នុងកន្លែងដាំបន្លែសាឡាត់ និងប៉េងប៉ោះ ដែលមិនប្រើថ្នាំគីមី អ្នកស្រី ឯម រីម វ័យ៥៨ឆ្នាំ ជាកសិករនៅក្នុងឃុំក្រហែង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ និយាយថា ការដាំដំណាំបន្លែសរីរាង្គមិនប្រើថ្នាំគីមី គឺមានការលំបាក និងត្រូវមានភាពអត់ធ្មត់ ធៀបនឹងការដាំបន្លែប្រើថ្នាំគីមី ដែលងាយទទួលផល តែបង្ករគ្រោះថ្នាក់ដល់សុខភាព។ អ្នកស្រីសើ្នសុំឲ្យអ្នកទទួលទានបន្លែងាកមកគាំទ្រការហូបបន្លែសរីរាង្គ។ អ្នកស្រីនិយាយថា៖
«ចង់ ចង់ឲ្យគាត់ទិញឲ្យច្រើន ព្រោះអ្វីដាំពិបាកណាស់ ហើយចង់ឲ្យគាត់ជួយទិញឲ្យច្រើន គាំទ្រឲ្យច្រើន»។
អ្នកស្រីរៀបរាប់ពីភាពខុសគ្នានៃការដាំបន្លែសរីរាង្គ និងបន្លែប្រើថ្នាំគីមីថា៖
«ដាំបន្លែសរីរាង្គពិបាក ពិបាកវាក្រធំ បើយើងដាំដាក់ជីគីមី វារហ័សធំ វារហ័សស្ទុះ។ នេះ យើងយ៉ាប់ក្នុងការថែ ព្រោះអ្វីវាអត់មានជី ជីគីមីហ្នឹងវារៀងពិបាកជាង»។
អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីកំពុងដាំបន្លែលើផ្ទៃដីទំហំ១០អា នឹងត្រូវផ្គត់ផ្គង់ទៅទីផ្សារតាមរយៈអង្គការកសិកម្មមួយ ឈ្មោះសេដាក ទៅតាមតម្រូវការនៃអ្នកទទួលទានបន្លែសរីរាង្គ។ អ្នកស្រី និងក្រុមដាំបន្លែមានគ្នាប្រមាណ១០នាក់ ត្រូវផ្គត់ផ្គង់ក្នុងចន្លោះពី១៥គីឡូក្រាមទៅដល់៦០គីឡូក្រាម ក្នុងរយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍។ ចំនួននៃការផ្គត់ផ្គង់មានការប្រែប្រួលទៅតាមអ្នកផ្គត់ផ្គង់បន្លែដូចគ្នានេះ នៅក្នុងឃុំរបស់អ្នកស្រី។ អ្នកស្រីបានលះបង់ចោលការដាំបន្លែដោយប្រើជីគីមីនៅឆ្នាំ២០០៧ ហើយងាកមកដាំបន្លែសរីរាង្គចាប់ពេលនោះមក។ អ្នកស្រីនិយាយថា ការដំាបន្លែដោយប្រើជីគីមីធ្វើឲ្យប៉ះពាល់សុខភាព ហើយតម្លៃដែលបានមកក៏មានតម្លៃថោកផងដែរ។
ប្រជាកសិករខ្មែរដាំដុះបន្លែសរីរាង្គនេះនៅក្នុងខេត្តចំនួនបួន រួមមានខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងសៀមរាប។ ចំនួនកសិករដែលដាំដំណាំនេះគឺមានប្រមាណ២៥០នាក់។ នៅខេត្តដទៃ ដូចជាខេត្តកំពត ព្រៃវែង មណ្ឌលគិរី និងខេត្តក្រចេះ ប្រជាកសិករខ្មែរចំនួនជិត២,០០០នាក់ ក៏បានដាំស្រូវសរីរាង្គផងដែរ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម។ នេះបើតាមការបញ្ជាក់ពីលោក គាម មករាឌី ប្រធានផ្នែកបរិស្ថាន និងសុខភាពនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាសេដាក។
លោកថ្លែងប្រាប់ VOA ថា ការផ្លាស់ប្តូររបស់កសិករខ្មែរពីការដាំដុះដោយប្រើជីគីមី មកការប្រើជីធម្មជាតិ ក៏ដូចជាការយល់ដឹងពីសារៈសំខាន់នៃការទទួលទានបន្លែសរីរាង្គ នឹងជំរុញឲ្យមានការពង្រីកការដាំដុះបន្លែប្រភេទនេះកាន់តែច្រើនទៀតនៅក្នុងពេលអនាគត។
«មួយផ្នែកទៀត ឃើញថា កសិផលសរីរាង្គហ្នឹងគឺអតិថិជន ឬក៏អ្នកបរិភោគគឺគាត់បាន យល់ដឹងពីបញ្ហាគ្រោះថា្នក់នៃថ្នាំពុល និងជាតិគីមី។ អញ្ចឹងគាត់បានត្រៀមនូវការគាំទ្ររបស់គាត់ ដែលអាចដាក់ឲ្យតម្លៃសមស្រប ហើយនឹងអាចថា តម្លៃបន្ថែមសមស្របនឹងកម្លាំងពលកម្មរបស់អ្នកផលិត អញ្ចឹង។ អញ្ចឹងធ្វើឲ្យនិន្នាការនៃការដាំដុះតាមបែបធម្មជាតិ ឬក៏សរីរាង្គនេះ គឺមានតែការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចរកទៅកសិកម្មសរីរាង្គហ្នឹងកាន់តែធំទូលំទូលាយទៀតសម្រាប់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិដែរ»។
លោកបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មបានផ្តល់ការគាំទ្រក្នុងផ្នែកបច្ចេកទេសសម្រាប់ជំរុញការដាំដុះដំណាំសរីរាង្គនេះ។
«ខាងក្រសួងកសិកម្ម មន្ត្រីក្រសួងកសិកម្មក៏បានជួយជំរុញក្នុងការដាំដុះនូវបច្ចេកទេស ដែលមិនសូវប្រើប្រាស់ថ្នាំពុល និងជីគីមីហ្នឹងដែរ ឃើញថាគាត់មានការគាំទ្រដល់វិស័យកសិកម្មសរីរាង្គហ្នឹង»។
លោក វុន ចេម វ័យ៥៧ឆ្នាំ ដែលជាប្រជាកសិករដាំបន្លែសរីរាង្គនៅក្នុងខេត្តកំពង់ស្ពឺ បានប្រាប់VOA ផងដែរថា លោករំពឹងថា កូនៗរបស់លោកនឹងលះបង់អាជីពជាកម្មកររោងចក្រ ហើយត្រឡប់មកដាំបន្លែសរីរាង្គនេះនៅលើដីដំណាំរបស់លោក។ លោកនិយាយថា៖
«ខ្ញុំថា អាចដល់ថ្ងៃអនាគតទៅវា យើងចាស់ខ្លួនទៅ យើងអាចធ្វើការបម្រើរោងចក្រអត់បាន យើងអាចមកចាប់អាជីពហ្នឹងក៏ល្អដែរ។ ខ្ញុំចង់ទាមទារកូនមកធ្វើអញ្ចឹងវិញ ដល់ខ្ញុំ ដល់ចាស់ទៅ ដីចំការខ្ញុំហ្នឹង ចង់ឲ្យវាធ្វើអញ្ចឹង ព្រោះរបស់ខ្ញុំវាមាន អាងដំណក់ទឹកអីហើយស្រេច។ យើងហត់ថែទាំអីប៉ុណ្ណឹងឯង»។
លោកក៏ចង់ឃើញមានការពង្រីកទីផ្សារឲ្យកាន់តែធំឡើងថែមទៀត ដើម្បីលើកទឹកចិត្តដល់កសិករដទៃឲ្យមកដាំបន្លែសរីរាង្គនេះឲ្យកាន់តែច្រើនឡើង។ លោកថា ការដាំបន្លែនេះបានធ្វើឲ្យជីវភាពរបស់លោកមានភាពធូរធារផងដែរ។
«ចំណូលជីវភាពរបស់ខ្ញុំរាល់ថ្ងៃ ដូចថាវាអាច គេនិងឯង។ វាសមរម្យ វាមិនពិបាកពេក ហើយក៏មិនយ៉ាប់ពេកដែរ»។
លោកបញ្ជាក់ទៀតថា តម្លៃដែលបានមកពីការលក់បន្លែសរីរាង្គ និងបន្លែប្រើថ្នាំគីមីគឺមានភាពខុសគ្នា ដោយបន្លែសរីរាង្គទទួលបានតម្លៃខ្ពស់សមរម្យជាងបន្លែប្រើថ្នាំគីមីដែលសម្បូរនៅតាមទីផ្សារទូទៅ។
អង្គការសេដាក បានដាក់ឲ្យដំណើរការកន្លែងលក់បន្លែសរីរាង្គនេះនៅទីតាំង៨ផ្សេងៗគ្នានៅក្នុងទីក្រុងភ្នំពេញ និងនៅផ្សារណាត់ក្នុងខេត្តចំនួនបី គឺខេត្តត្បូងឃ្មុំ កំពង់ធំ និងសៀមរាប។ ផ្សារណាត់មួយទៀតដើម្បីផ្គត់ផ្គង់កសិផលធម្មជាតិនេះនឹងត្រូវបង្កើតនៅខេត្តព្រៃវែង ចាប់ពីខែមករាខាងមុខនេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីលោកឆាយ សុងលាង ប្រធានផលិតផលនៃផ្សារសហគមន៍កសិផលធម្មជាតិ។
លោកនិយាយពីភាពខុសគ្នានៃតម្លៃបន្លែសរីរាង្គ និងបន្លែប្រើថ្នាំគីមីថា៖
«ធៀបជាមួយនឹងទីផ្សារទាក់ទងនឹងស្ពៃក្តោប ឬក៏ផ្ការខាត់ណា គឺយើងទិញតម្លៃខ្ពស់ជាងទីផ្សារច្រើន ដោយសារយើងឲ្យតម្លៃ យកតម្លៃសិក្សាពីតម្លៃទីផ្សារលក់រាយហើយ យើងបូកនឹងចំនួនទឹកលុយហ្នឹងខ្ទង់ចំនួន១,២០០ទៀត ទាក់ទងស្ពៃក្តោប។ អញ្ចឹងឧបមាថា នៅក្នុងផ្សារវាតម្លៃ២,០០០[រៀល] អញ្ចឹងតម្លៃដែលយើងបូកឲ្យគាត់គឺ វាត្រូវបូក១,២០០ទៀត គឺ៣,២០០»។
លោកឲ្យដឹងថា ចំនួននៃការផ្គត់ផ្គង់បន្លែសរីរាង្គបានបន្តកើនឡើងផងដែរ ដោយកាលពីឆ្នាំ២០១៤ កសិករអាចផ្គត់ផ្គង់បានចំនួនតិចបំផុតគឺប្រមាណ១០០ទៅ២០០គីឡូក្រាម និងច្រើនបំផុតគឺ៦០០គីឡូក្រាមក្នុងមួយថ្ងៃ។
ក៏ប៉ុន្តែ ឆ្នាំនេះបរិមាណបានឡើងដល់១តោនក្នុងមួយថ្ងៃ បើចំខែដែលកសិករដាំបន្លែបានច្រើន។ លោកថា ខែដែលមានបន្លែផ្គត់ផ្គង់ច្រើនគឺពីខែធ្នូដល់ខែមេសា ដែលជាពេលវេលាដែលអាកាសធាតុអំណោយផលដល់ការដាំដុះ។
អ្នកជំនាញក្នុងវិស័យកសិកម្មក៏បាននាំមកកម្ពុជានូវបច្ចេកវិទ្យាដាំដុះបន្លែសរីរាង្គថ្មីៗផងដែរ។ បច្ចេកវិទ្យានោះគឺការប្រើប្រាស់ទឹកដាក់ក្នុងបំពង់ ដែលមានចោះរន្ធសម្រាប់ឲ្យបន្លែលូតលាស់ និងមានប្រើប្រាស់ជីផ្សំតែប៉ុណ្ណោះ៕