តុលាការ​​លើក​ពេល​សវនាការ​​លោក កឹម សុខា ដោយ​មិន​កំណត់​ពេល ​ខណៈ​បារម្ភ​​វីរុសកូរ៉ូណា

រូបឯកសារ៖ លោកកឹម សុខាមេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្រោយ​មាន​សំណើ​របស់​មេធាវី​លោក កឹម សុខា និង​មេធាវី​តំណាង​រដ្ឋាភិបាល​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ថា​ «ក្បត់​ជាតិ» សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​សវនាការ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ស្អែក​នេះ។

ក្រុម​មេធាវី​របស់​លោក កឹម សុខា និង​មេធាវី​តំណាង​រដ្ឋាភិបាល បាន​ដាក់​លិខិត​មួយច្បាប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ទៅ​តុលាការ ដោយស្នើ​សុំ​លើក​ពេល​សវនាការ​ដែល​គម្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា នៅ​ពេល​មាន​ការ​ប្រជុំ​មនុស្ស​ច្រើន។

បើ​តាម​ចំណារ​នៅ​លើ​លិខិត​ស្នើ​សុំ​ដែល ​VOA ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ លោក កូយ សៅ ប្រធាន​អង្គ​ជំនុំ​ជម្រះ បាន​សរសេរ​ថា៖ «ឯកភាពតាម​ពាក្យ​សុំ​ដោយ​ឲ្យ​ពន្យារ​ពេល​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​អំពី​កាល​បរិច្ឆេទ​សវនាការជាថ្មី»។

មេធាវី​មួយ​រូប​ដែលការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោកស្រី ​ម៉េង សុភារី​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកស្រី​ថា សវនាការ​លើ​សំណុំ​រឿង​របស់​លោក កឹម សុខា ត្រូវ​បាន​តុលាការ​លើក​ពេល​តាម​ពាក្យ​សុំ​របស់​មេធាវី​ទាំង​សង​ខាង រហូត​ដល់​មាន​ការ​ជូនដំណឹង​ថ្មី។

សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ពី​បទ«សន្និដ្ឋិភាព​ជាមួយ​បរទេស» ឬបទ​ក្បត់​ជាតិ ត្រូវ​បាន​ចាប់​ផ្តើម​កាល​ពី​១៥ ខែ​មករា ឆ្នាំ​២០២០ និង​ប្រកាស​ថា​អាច​ប្រើ​ពេល​រហូត​ដល់​ទៅ៣​ខែ។ ជា​ធម្មតា​សវនាការ​នេះ ដំណើរ​ការ​នៅ​ថ្ងៃពុធ និង​ព្រហស្បតិ៍ រៀងរាល់​ពីរ​សប្តាហ៍​ម្តង។

លោក​ កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេសក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ហៅ​ថា«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ទាំង​លោក​ កឹម សុខា ​និង​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕