គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរបូជាសពរបស់លោក ប៉ែន សុវណ្ណ នៅខាងមុខវត្តបទុមវតី នាថ្ងៃទី៦ ខែវិច្ឆិកានេះ ស្របពេលសាលារាជធានីភ្នំពេញ បដិសេធការស្នើសុំ ដោយលើកហេតុផលថា គណបក្សប្រឆាំងកំពុងព្យាយាមកេងចំណេញនយោបាយលើសាកសពរបស់តំណាងរាស្ត្ររបស់ខ្លួន។
លោក ប៉ែន សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ហើយលោកធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារនៅវៀតណាមអស់រយៈពេលជាង១០ឆ្នាំ។
លោកបានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ទី ២៩ ខែតុលា នេះ ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រុមអ្នកប្រវត្តិសាស្ត្រចាត់ទុកថា លោក ប៉ែន សុវណ្ណ គឺជាវីរជនមួយរូបដែលធ្វើពលីកម្មទាមទារសិទ្ធិសេរីភាពដល់ប្រជារាស្ត្រខ្មែរពីរបបខ្មែរក្រហម។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ ប្រាប់ VOA ថា សពរបស់លោក ប៉ែន សុវណ្ណ នឹងត្រូវដង្ហែពីខេត្តតាកែវមកតម្កល់នៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែតុលា នេះ។
លោកបន្ថែមថា ការដង្ហែនោះនឹងធ្វើឡើងដោយក្បួនរថយន្ត ដោយលោកថាលោកមិនទាន់អាចកំណត់ពីចំនួនអ្នកចូលរួមនៅឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិ នឹងដង្ហែសពលោក ប៉ែន សុវណ្ណ ពីវត្តថាន់ទៅបូជានៅខាងមុខវត្តបទុមវតី នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា។
លោកបន្ថែមថា បក្សប្រឆាំងបានជូនដំណឹងទៅសាលារាជធានីភ្នំពេញពីការស្នើសុំបូជាសពរបស់លោក ប៉ែន សុវណ្ណ រួចហើយ ហើយការបូជាសពនៅមុខវត្តបទុមវតី នៅតែប្រព្រឹត្តទៅតាមការកំណត់ ទោះសាលារាជធានីមិនអនុញ្ញាតក៏ដោយ។
«យើងសង្ឃឹម១០០% ដោយពីព្រោះគ្មានហេតុផលអីជំទាស់ទេបាទ»។
លោក យ៉ែម បុញ្ញឬទ្ធិ បន្ថែមថា លោកនឹងពិភាក្សាជាមួយក្រុមគ្រួសាររបស់លោក ប៉ែន សុវណ្ណ ជាបន្តដើម្បីរៀបចំកម្មវិធីលម្អិត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ VOA ថា ក្រុមការងារសាលារាជធានីសម្រេចមិនឲ្យគណបក្សសង្គ្រោះជាតិប្រារព្ធពិធីបូជាសពរបស់លោក ប៉ែន សុវណ្ណ នៅខាងមុខវត្តបទុមវតីនោះទេ។
លោកបន្តថា សួនច្បារមុខវត្តបទុមវតី ជាកន្លែងសាធារណៈសម្រាប់ប្រារព្ធពិធីរបស់ឥស្សរជនជាន់ខ្ពស់របស់ប្រទេស មិនមែនសម្រាប់តំណាងរាស្ត្រធម្មតានោះទេ។
«កាលណាគេមិនអនុញ្ញាតហើយ យើងមកធ្វើ យើងធ្វើម៉េចបាន? អាហ្នឹងមានតែតាមច្បាប់ហើយ ហើយយើងអាជ្ញាធររាជធានី យើងមិនអនុញ្ញាតហើយ លោកនៅតែធ្វើទៀត មានន័យថាយ៉ាងម៉េច? ហើយគាត់ឈរលើស្អីដែលគាត់ដាច់ខាតត្រូវតែធ្វើនៅសួនមុខវត្តបទុមហ្នឹង?»។
លោក មាន ចាន់ យ៉ាដា បន្ថែមថា ការជម្នះបូជាសពលោក ប៉ែន សុវណ្ណ នៅខាងមុខវត្តបទុមវតី គឺជាការធ្វើអាជីវកម្មលើសាកសពតំណាងរាស្ត្ររបស់ខ្លួន។
«បើសិនជាគាត់ក្នុងបំណងមួយដែលគេហៅបំណងអ្វីអាក្រក់ ក្នុងការធ្វើអាជីវកម្មលើសព លោក ប៉ែន សុវណ្ណ ហេតុអីក៏មិនធ្វើនៅតាកែវនោះទៅ? នៅកន្លែងគេហដ្ឋាន ជាកន្លែងដែលគាត់ទទួលមរណៈនៅកន្លែងហ្នឹង ហេតុអីយកមករាជធានីភ្នំពេញធ្វើអី? នេះជាសំណួរមួយដែលត្រូវសួរត្រលប់ទៅវិញ»។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ លើកឡើងថា សួនច្បារនៅខាងមុខវត្តបទុមវតី គឺជាកន្លែងសាធារណៈដែលមិនមានច្បាប់ចែងកំណត់ពីឋានៈរបស់បុគ្គលដែលអាចប្រារព្ធពិធីនៅទីនោះបាន ឬអត់នោះទេ។
លោកបន្ថែមថា ការសម្រេចរបស់សាលារាជធានីគឺជាការសម្រេចដែលខ្វះមូលដ្ឋាន និងជាការរើសអើងនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
«នៅពេលដែលមន្ត្រីបក្សកាន់អំណាចត្រូវការទីតាំងនោះដើម្បីបូជាសព គាត់អាចធ្វើបានដោយរលូន ក៏ប៉ុន្តែពីមន្ត្រីខាងបក្សប្រឆាំងវិញ មិនអាចធ្វើបាន។ ចំណុចទី២វាប៉ះពាល់ទៅដល់ការឲ្យតម្លៃឥស្សរជនដែលកំណត់ថាមានឋានៈខ្ពង់ខ្ពស់ជាទីបំផុត។ បើយើងមើលការចែងនៅក្នុងច្បាប់អ្នកតំណាងរាស្ត្រហ្នឹងហើយជាមន្ត្រីផុតលេខ អញ្ចឹងខ្ញុំគិតថាការដែលប្រើភាសាថាគ្រាន់តែជាអ្នកតំណាងរាស្ត្រមិនអាចបូជានៅកន្លែងនេះបាន ជាការមិនឲ្យតម្លៃអ្នកតំណាងរាស្ត្រនៅសង្គមកម្ពុជា»។
កន្លងមកពិធីបុណ្យសពរបស់មន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយចំនួន រួមមានលោក ជា ស៊ីម លោក ជា សុទ្ធ លោក សូ ឃុន និងភរិយារបស់លោក ជា ស៊ីម ជាដើម ប្រព្រឹត្តទៅនៅខាងមុខវត្តបទុមវតី ដោយមានការរៀបចំយ៉ាងអធឹកអធម៕