លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ប្រឈមមុខបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានី ភ្នំពេញនៅយប់ថ្ងៃអាទិត្យទី១៨ខែមករានេះ។
បើយោងតាមទំព័រហ្វេបុករបស់លោកសម សង្ស៊ីនិងលោកកឹម សុខាបានឲ្យដឹងថា លោកប៉ែន សុវណ្ណមានបញ្ហាស្ទះសរសៃឈាមនៅជិតបេះដូង និងក្នុងខួរក្បាល។ លោក ប៉ែន សុវណ្ណ សន្លាប់បាត់ស្មារតីហើយនៅពាក់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យនេះ គណបក្សសគ្រោងដឹកលោកទៅព្យាបាលនៅប្រទេសសិង្ហបុរី តាមយន្តហោះពិសេស។
លោកសម រង្ស៊ីនិងលោកកឹម សុខាបានទៅមើលលោកប៉ែន សុវណ្ណនៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។ លោកប៉ែន សុវណ្ណគឺជាអតីតនាយករដ្ឋមន្ត្រី ១៩៧៩-១៩៨១ មុនពេលលោកត្រូវរដ្ឋាភិបាលវៀតណាមចាប់យកទៅឃុំឃាំងពីបទប្រឆាំងនឹងនយោបាយរបស់វៀតណាមនៅប្រទេសកម្ពុជា ជាពិសេសរឿងជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។
ក្នុងផែនការដឹកលោកប៉ែន សុវណ្ណទៅព្យាបាលនៅប្រទេសសិង្ហបុរី តាមយន្តហោះពិសេសនេះ គណបក្សសង្គ្រោះជាតិធ្វើការអំពាវនាវឲ្យបងប្អូនជនរួមជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជួយរួមចំណែកក្នុងការព្យាបាលលោកប៉ែន សុវណ្ណ ដោយផ្តល់វិភាគទាន ដើម្បីជួយទប់ទល់ចំណាយដ៏ច្រើន។ វិភាគទានអាចផ្តល់តាមរយៈមន្ទីរសភាជាតិ ឬក៏តាមរយៈគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិនឹងរៀបចំកម្មវិធីទទួលវិភាគទាននេះនៅព្រឹកថ្ងៃច័ន្ទទី១៩ ខែមករានេះ៕