ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខ្មែរ​ប្រមូល​ខិត​ប័ណ្ណ​រិះគន់​ថា ថ្ងៃ​៧​ខែមករា​ជា​ថ្ងៃ​ឃាតករ​យួន​បន្ត​សម្លាប់​ខ្មែរ


លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​
លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​

អាជ្ញាធរ​ខ្មែរ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​រឹប​អូស​ខិត​ប័ណ្ណ​ជា​ច្រើន ​រាប់​រយ​សន្លឹក​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​បាច​កណ្តាល​ទី​ក្រុង​ភ្នំពេញ។ ​ស្រប​ពេល​និង​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៣៣​នៃ​ថ្ងៃ​ជ័យ​ជំនះ​៧​មករា។

ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​គឺជា​ថ្ងៃ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចាត់​ទុក​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ទាំង​ស្រុង​ចេញ​ពី​របប​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរក្រហម​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ហើយ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ដែល​បាន​រស់​រាន​មាន​ជី​វិត​ឡើង​វិញ។

ក៏ប៉ុន្តែ​នៅ​ក្នុង​ខិត​ប័ណ្ណ​ដែល​VOA ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ទទួល​ដែល​មាន​រូប​សញ្ញា​អង្គរវត្ត​កំពូល​បី​និង​មាន​ផ្កាយ​បី​ជា​សម្គាល់​ ព្រម​ទាំង​បាន​សរសេរ​អក្សរ​ថា​ «សំឡេង​ខ្មែរ​ជាតិ​និយម»​បាន​ដាក់​ចំណង​ជើង​ថា«ថ្ងៃ​៧​ខែមករា​ជា​ថ្ងៃ​ឃាដករ​យួន​បន្ត​សម្លាប់​ខ្មែរ​ជាលើក​ទី​ពីរ»។

ខិត​ប័ណ្ណ​នេះ​បាន​រៀប​រាប់​និង​វាយ​ប្រហារ​យ៉ាង​ខ្លាំងៗ​ទៅ​លើ​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​ទាមទារ​ឲ្យ​ឈប់​គាំទ្រ​របប​ថ្ងៃ​៧​ខែ​មករា​ ដោយ​សារតែ​ថ្ងៃ​៧​ខែមករា​បាន​ធ្វើ​ឲ្យ​ខ្មែរ​ស្លាប់​ជា​បន្តបន្ទាប់​ ដូច​ជា​លោក​ជា​ វិជ្ជា​ សម ប៊ុនធឿន​ និង​សកម្ម​ជន​គណបក្ស​សម រង្ស៊ី​ជា​ដើម។

ខិត​ប័ណ្ណ​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរប្រទះ​ឃើញ​នៅ​វេលា​ទៀប​ភ្លឺ​ឈាន​ដល់​ថ្ងៃ​សៅរ៍​នេះ​នៅ​មុខ​វត្ត​បុទម​ ផ្សារ​អូរឫស្សី​ និង​ទល់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នាវិមាន​ឯករាជ្យ។

គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រារព្ធ​ខួប​៧​ខែ​មករា​យ៉ាង​អធឹកអធម​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​របស់​ខ្លួន​កណ្តាល​ទី​ក្រុង​ភ្នំ​ពេញ។

លោក​ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដែល​បាន​ផ្ដួល​រំលំ​របប​ប៉ុល​ ពត​ ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​រស់​រាន​មាន​ជី​វិត​ទាន់​ពេល​វេលា​និង​អនាគត​ប្រកប​ទៅ​ដោយ​ក្តី​សង្ឃឹម។

គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រួម​មាន​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ ដោយ​បាន​ប្រឆាំង​ជំទាស់​ថ្ងៃ​៧​ខែមករា។

ពី​ប្រទេស​បារាំង​ លោក​សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង ​បាន​សរសេរ​តាម​សារ​អេឡិច​ត្រូនិក​ ឬ​អ៊ីមែល​មក​ថា ​មាន​តែ​ជន​ក្បត់​ជាតិ​ ឬ​ក៏ពួក​លក់​ខ្លួន​ឲ្យ​ជន​ក្បត់​ជាតិ​ ឬក៏​ការ​ចាញ់​ឃោសនា​ពួក​ជន​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ​ដែល​អបអរសាទរ​ថ្ងៃ​៧​មករា។

លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​សុទ្ធតែ​ជាឆាកល្ខោន​ដែល​យួន​បាន​រៀប​ចំ​ដើម្បី​បន្ត​យោ​បាយ​វាតទី​របស់​គេ។

គណបក្ស​សិទ្ធិមនុស្ស​វិញ​បាន​និយាថា​ថ្ងៃ​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​និង​ថ្ងៃជ័យ​ជំនះ៧​ខែកមរា​ឆ្នាំ​១៩៧៩​សុទ្ធ​តែ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ដោយ​គណបក្ស​កុម្មុយ​នីស្ត​វៀត​ណាម ​មក​លើ​គណបក្ស​កុម្មុយនីស្ត​ខ្មែរ​ទាំង​ពីរ​ក្រុម​ដែល​កើត​ចេញ​ពី​កុម្មុយនីស្ត​ ហូជីមីញ​តែ​មួយ។

លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ បច្ចុប្បន្ន​លោក​ជា​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ​ដោយ​សារ​តែ​ថ្ងៃ​៧​ខែមករា​បាន​ធ្វើ​ឲ្យ​បូរណ​ភាព​ទឹក​ដី​កម្ពុជាបាត់​បង់​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ផែន​ការ​ក៥។

«បាទ ​ខ្ញុំ​ឃើញ​ថា​ ៧​មករា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ បើ​និយាយ​ពី​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​នៅ​តែ​មាន​អញ្ចឹង។ ​ទី​១​គឺ​បាត់​បូរណ​ភាព​ទឹក​ដី​ បាត់​អធិបតេយ្យ​ភាព ​ប្រជាពលរដ្ឋ​បាត់​សិទ្ធិ​អំណាច​ ហើយ​ដី​ធ្លី​ ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​យួន​នោះ​គឺ​មានរាប់​សែន​ហិកតា​ទៅ​ហើយ»។

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋា​ភិបាល​ជុំវិញ​ថ្ងៃ៧​ខែមករា។

«និយាយ​បំភ្លៃ​ប្រវត្តិសាស្រ្ត។ ​បើ​គេ​និយាយ​ថ្ងៃ​៧​ខែមករា​ជាថ្ងៃ​របស់​កងទ័ព​វៀតណាម​មក​ឈ្លាន​ពាន​យើង​អាច​និយាយ​បាន​ថា​ នៅ​ពេល​ដែល​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​ចូល​ទៅ​ឈ្លាន​ពាន​នៅ​ប្រទេស​អ៊ីរ៉ាក់​ប្រជាជាតិ​អ៊ីរ៉ាក់​ម៉េច​មិននាំ​គ្នា​វាយ​ប្រហារ​សហ​រដ្ឋ​អាមេរិក​ថា​ ជា​អ្នក​ឈ្លាន​ពាន​ដែរ​ទៅ»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​សុំ​ការ​ឆ្លើយតប​ តែ​មិន​អាច​សុំ​ទំនាក់​ទំនង​បាន​ទេ​ នៅ​ថ្ងៃ​សៅរ៍​នេះ៕

XS
SM
MD
LG