ក្រុមជំទាស់​និង​អ្នក​សង្កេត​ការណ៍​រំពឹង​ថា​រកាំ​រកូស​ផ្ទៃក្នុង​សង្គ្រោះ​ជាតិ​នឹង​ផ្សះផ្សា​បាន​ដោយ​ងាយ

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និងលោក កឹម សុខា (ស្តាំ) ស្វាគមន៍អ្នកគាំទ្រគណបក្សក្នុងព្រឹត្តិការណ៍បាតុក​ម្មមួយនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។

ភាព​រកាំរកូស​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគូ​ប្រជែង​ខ្លាំង​បំផុត​ជាមួយ​គណបក្ស​កាន់​អំណាច​ បាន​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​ចុង​ក្រោយ​មួយ​ តែក្រុម​មន្ត្រី​និង​អ្នក​សង្កេត​ការណ៍​ខ្លះ​នៅតែ​មាន​សុទិដ្ឋនិយម​ថា​ ការ​ប្រេះឆា​នេះ​នឹង​នៅតែ​អាច​ផ្សះផ្សា​បាន។

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ ​បាន​និយាយ​ថា​គោលដៅ​រួម​នៃ​ការ​តស៊ូ​នយោបាយ​ទល់នឹង​គណបក្ស​កាន់​អំណាច​ ហើយនឹង​ផល​ប្រយោជន៍​ជាតិ​ស្រប​នឹង​ពាក្យ​ដែល​ហៅថា​ក្រុម​ប្រជាធិប​តេយ្យ​នោះ​ ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ការ​ប្រះឆា​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះជាតិ បាន​រួបរួមគ្នា​វិញ​ក្នុង​ពេល​ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ កំពុង​តស៊ូ​លើ​ឆាក​អន្តរជាតិ​ឲ្យ​មាន​ការ​គាំទ្រ​នយោបាយ​របស់​ខ្លួនផង​ តស៊ូ​ជាមួយ​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​ផង​ ទន្ទឹមគ្នា​នឹង​មាន​បន្ទុក​ថ្មី​ គឺ​ការ​មិន​ចុះ​សម្រុង​គ្នាខ្លះ​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​លោក​ សម រង្ស៊ី សហស្ថាបនិក​ក្រុម​ជំទាស់​ ត្រូវបាន​ក្រុម​គាំទ្រ​របស់​លោក​ជាច្រើន ​ជ្រើសរើស​លោក​កាលពី​ដើម​ខែធ្នូ​ ក្នុង​សន្និសីទ​ពិភពលោក​មួយ​ ក្នុង​រដ្ឋចរចា ​សហរដ្ឋ​អាមេរិក ​ឲ្យ​លោក​មក​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ជា​ប្រធាន​ស្តីទី ​ពេល​លោក​ កឹម សុខា​ កំពុង​ជាប់​ឃុំ​ឃាំង​ក្នុងផ្ទះ។

តែ​ការ​វិល​ចូល​មកវិញ​របស់​លោក ​សម រង្ស៊ី ​នេះ​បង្ក​ឲ្យ​មាន​មតិផ្ទុយ​គ្នា​កើតឡើង​ ដោយសារ​តែ​មាន​ការ​លើក​ឡើង​ពី​ក្រុម​ជិតស្និទ្ធ​នឹង​លោក ​កឹម សុខា​ ថា​ជា​ការ​ធ្វើ​ផ្ទុយ​ពីលក្ខន្តិកៈ​នៃ​គណបក្ស​សង្គ្រោះជាតិ។​

លោក ​ហ៊ីង សុខសាន្ត​ មន្ត្រី​ជំនិត​នឹង​លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ បាន​ថ្លែង​ថា៖​

«ធម្មតា​ទេ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ​ការ​រកាំ​រកូស​ ការ​ខ្វែង​គំនិត​គ្នា​វា​ជា​រឿង​មួយ​ដែល​ចៀស​មិន​ផុតទេ​ តែអ្វី​ដែល​យើង​រក្សា​បាន​នោះ​ គឺ​យើង​មិនចង់​ឲ្យមាន​ការ​បែក​បាក់​ពីព្រោះ​គណបក្ស​សង្គ្រោះជាតិ​រឹងមាំ​មកដល់​ពេលនេះ​ គឺ​តម្កល់​លើ​អ្វី​ដែល​មាន​ការ​សាមគ្គី​ភាព‍»។

លោក​បាន​អះអាង​បន្ត​ថា៖​

‍«ហើយ​យើង​បាន​ស្គាល់​ច្បាស់​ណាស់​បែកបាក់ ​គឺចាញ់ ​និង​បរាជ័យ ​ហើយ​ទាល់​តែ​យើង​មានការ​សាមគ្គី​បាន​យើង​ទទួល​បាន​ជោគជ័យ‍»។​

ទោះជា​យ៉ាងណា​លោក​ ហ៊ីង សុខសាន្ត​ បាន​រ៉ាយរ៉ាប់​ថា​ លោក​ កឹម សុខា​ ទទួល​រង​គ្រោះ​ឌុប​ពី​គណបក្ស​កាន់​អំណាច​ផង ​និង​ភាគី​ជាដៃ​គូគ្នា​ឯង​ ដែល​ប្រមាថ​ចំពោះ​ការ​ដែល​លោក ​កឹម សុខា ​កំពុង​តស៊ូ​នយោបាយ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ។ ​លោក​ថា​ លោក​មិន​គាំទ្រ​ការ​ធ្វើ​សន្និសីទ​ដែល​ប្រាសចាក​នឹង​លក្ខន្តិកៈ​គណបក្ស ​និង​យក​សេរីភាព​លោក​ កឹម សុខា​ ទៅភ្នាល់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែរ។

លោក​ ជា មាស ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំរដ្ឋ​ភេស៊ីលវីនៀ ​បានថ្លែង​ជំទាស់​ទៅនឹង​ការ​រៀប​ចំថ្មីៗ​ ហើយ​ចង់​ឃើញ​ការ​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏ទៃ​ដែល​មិន​ស្រប​ទៅនឹង​លក្ខន្តិកៈ​គណបក្ស​ដើម្បី​ឲ្យ​គណបក្ស​មាន​ការ​រួបរួម​គ្នា។

«អស់​លោក ​ឥស្សរជន​គណបក្ស​ហ្នឹង ​ឲ្យ​គាត់​មើល​លក្ខន្តិកៈ​និង​ធ្វើតាម​បទ​បញ្ជា​តាម​លក្ខន្តិកៈ​ដើម្បី​យើង​រក្សា​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​យើង​បាន​យូរអង្វែង ​ព្រោះ​យើង​ធ្វើ​គណបក្ស​ដើម្បី​យើង​ឈាន​ទៅ​រក​ការ​ផ្លាស់ប្តូរ​ក្នុង​របប​បច្ចុប្បន្ន​នេះ‍»។

លោក ​ជា មាស​ រំពឹង​ថា​ ការ​រង់​ចាំ​២៥ឆ្នាំ​ហើយ​ គណបក្ស​នេះ​ត្រូវ​រង់ចាំ​បន្តិច​ទៀត​ក៏មិន​អីដែរ​ ដោយ​លោក​រំពឹង​ថា ​គណបក្ស​សង្គ្រោះជាតិ​នឹង​មាន​វិធីសាស្ត្រ​ចរចា​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ និង​គណបក្ស​គ្រប់គ្រង​ប្រទេស។

ក្រុមន្ត្រី​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ ជា​ការ​ងាយ​ស្រួល​ក្នុងការ​រក​ដំណោះ​ស្រាយ​គឺ​ភាគី​ទាំងអស់​គោរព​លក្ខន្តិកៈ​គណបក្ស​ ជជែកគ្នា ​គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅមក បញ្ឈប់​ការ​វាយប្រហារ​ និង​លាបពណ៌​គ្នា។

លោក ​តាន់ វិបុល ​អ្នកតាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ម្នាក់​មក​ពី​រដ្ឋវីជីនៀ​បាន​អះអាង​ពី សុទិដ្ឋិនិយម​របស់​លោក​ថា ​ភាគី​ទាំង​សង​ខាង​នឹង​ផ្លាស់ប្តូរ​គំនិត​ ហើយ​បែរ​មក​ត្រូវ​គ្នា​វិញ។

«សង្ឃឹមថា​ការ​ប្រះឆា​រវាង​ផ្ទៃក្នុង​ហ្នឹង​ នឹង​អាច​រួបរួម​គ្នា​បាន​នៅក្នុង​រយៈពេល​ដ៏ខ្លី​ នៅ​ពេលណា​អ្នក​ទាំងអស់​គ្នា​យល់​ចិត្តគ្នា។ ​ឥឡូវ​ហ្នឹង​ដែលខ្ញុំ​សង្កេត​ឃើញ​គឺ​មិន​យល់​គ្នាទេ ​មិនមាន​ជារឿង​អីធំដុំ ​ដែល​ចូលគ្នា​មិនបាន​ទេ‍»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​យោង​ថា​ វាជា​ផលវិបាក​សម្រាប់​គណបក្ស​ជំទាស់​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ បើ​គ្មាន​ការ​ចុះ​សម្រុង​គ្នា។​ តែ​លោក ​សម រង្ស៊ី ​ដែល​ត្រូវជ្រើស​តាំង​ជាប្រធាន​ស្តីទី​បាន​អះអាង​ពី​សារៈសំខាន់​នៃ​ការ​រួបរួម​គ្នា។

«ឯកភាព​គ្នា​ ការ​រួបរួមគ្នា​ ជា​ធ្លុង​មួយ​គឺជា​លក្ខខណ្ឌ​ចាំបាច់​ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជ័យជម្នះ​លើ​គណបក្ស​លោក ​ហ៊ុន សែន។ ​អីចឹង​ហើយ​សូម​រំលឹក​ហើយ​សូម​ចងចាំ​ទាំងអស់​គ្នា​ ជំហរ​របស់​យើង​គឺ​សម រង្ស៊ី និង​កឹម សុខា ​ជា​មនុស្ស​តែមួយ​ទេ។​ អ្នកណា​វាយប្រហារ​កឹម សុខា ​ដូចវាយ​ប្រហារ​សម រង្ស៊ី ​អ្នក​វាយ​ប្រហារ​សម រង្ស៊ី ​ដូច​វាយប្រហារ​កឹម សុខា‍»។

លោក​ សម រង្ស៊ី ​បាន​ទទូច​ដល់​អ្នកគាំទ្រ​និង​សមាជិក​របស់​សង្គ្រោះជាតិ​កុំឲ្យ​ចូល​អន្ទាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

មេដឹកនាំ​ក្រុម​ជំទាស់​បច្ចុប្បន្ន ​មាន​បទពិសោធន៍​និង​ឆ្លងកាត់​បទពិសោធន៍​ដូចគ្នា​ចំពោះ​ការ​បំបែក​បក្ស​ ប្តូរ​ឈ្មោះ​គណបក្ស ​បក្សប្រហារ​និង​ការ​មិន​អាច​យក​ជ័យជម្នះ​បាន​លើ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។ ​លោក ​កឹម​សុខា ​ជាអតីត​មន្ត្រី​គណបក្ស​លោក ​សឺន សាន​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​សង្គម​បាន​ទទួល​អាសនៈ​១០​ ក្នុង​ពេល​បោះឆ្នោត ​អាណត្តិទី១ ​ហើយ​លោក​ សម រង្ស៊ី ​ជាអតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដែលមាន​អាសនៈ​ដល់​ទៅ​៥៨ ​កាន់កាប់​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

តែ​គណបក្ស​ទាំងពីរ​ត្រូវធ្លាក់​សំឡេង​ឆ្នោត​ក្រោម​ដៃ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​គេចាត់​ទុកថា​ ជា​បុរស​ខ្លាំង​កម្ពុជា​គឺ​មាន​ល្បិចកល​នយោបាយ​ច្រើន​ក្នុងការ​ផ្តួល​គូប្រជែង​នយោបាយ​ឲ្យ​រលាយ​គណបក្ស​នានា ឬ​ឈានដល់​សូន្យអាសនៈ ​ជាបន្ត​បន្ទាប់ ​ជាច្រើន​អាណត្តិ​ចាប់តាំង​ពីការ​បោះឆ្នោត​អាណត្តិ​ទី១ក្នុង​ឆ្នាំ​១៩៩៣​មក។

តែ​ចំពោះ​លោក​គុជ ច័ន្ទលី​ អ្នកវិភាគ​ក្នុង​រដ្ឋម៉ារីឡែន​វិញ ​លោក​បាន​អះអាង​ថា​ មាន​វិធី​ដដែលៗ​ដែល​ត្រូវគេ​ប្រើប្រាស់។​ នៅពេល​រាជ​រដ្ឋាភិបាល​កម្ពុជា ​មាន​សម្ពាធ​ច្រើន​ពី​បរទេស ​និង​ប្រជាពលរដ្ឋ​ខ្លួនឯង​ គេ​នឹង​ដោះលែង​លោក​កឹម សុខា​ ឲ្យ​លោក ​សម ​រង្ស៉ី​ ចូល​ស្រុកវិញ​ដើម្បី​បន្ធូរ​ស្ថានការណ៍​តានតឹង ​ក្នុង​ន័យ​បង្រួប​បង្រួម​ ផ្សះផ្សា​ជាតិ​តែ​គេ​នឹង​ធ្វើ​បញ្ហា​នេះម្តង​ទៀត​ពេលណា​រឿងរ៉ាវ​ស្ងប់ស្ងាត់​ទៅវិញ។

«ធ្វើ​នយោបាយ​បែប​នេះ​ជា​ការ​បណ្តោះ​អាសន្ន ​មួយ​រយៈ​តូច​ទេ ​ពីព្រោះ​ជំងឺ ​ពីព្រោះ​បញ្ហា​ដែល​កើតមាន​ក្នុង​ផ្ទៃនយោបាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វា​នៅតែ​មាន​អីចឹង​ហើយ​កាល​ណា​គេប្រើ​វប្បធម៌​សន្ទនា​ដោះស្រាយ​បញ្ហាហ្នឹង​បានមួយ​រយៈ​ហើយ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​ហើយ​ គណបក្ស​ប្រឆាំង​ស្ងប់ស្ងាត់​ហើយ​ គឺអ្វី​ដែលមាន​ចែង​ក្នុង​មាតិកា​នយោបាយ​នៃ​គណបក្ស​ប្រជាជន​ គេ​នឹង​ចាប់ផ្តើម​សើរើ​សារ​ឡើងវិញ​ធ្វើម្តង​ទៀត ​ធ្វើសារ​ជាថ្មី​ដូចជា​គេធ្លាប់​បាន​ធ្វើ»។

លោក​ ច័ន្ទលី​ បាន​សង្កត់ធ្ងន់​ថា៖

«ពីព្រោះ​ថា​នយោបាយ​ ការទាញ​បញ្ចូល​គណបក្ស​ប្រឆាំង​ទៅ​ស្រុកខ្មែរ​វិញក្តី​គ្រាន់តែ​ជាវិធី​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ងប់ស្ងាត់​មួយរយៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្លួនគេ​ផ្ទាល់​ខ្លួន​គេ​តែ​ប៉ុណ្ណឹង​ឯង​ មិនមែន​ជា​ការ​ដោះស្រាយ​ពិតប្រាកដ​សម្រាប់​វាសនា ​អនាគត​នៃ​ប្រទេស​ជាតិ​របស់​យើង​ទេ‍»។

លោក​ ហ៊ីង សុខសាន្ត​ នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ​ បាន​ដាក់​ជំនឿ​របស់​លោក​ទៅលើ​គណបក្ស​ជំទាស់​ដ៏ខ្លាំង ​និង​រឹងមាំ​មួយ​ដើម្បី​ជួយ​កែ​តម្រង់​ការ​ដឹកនាំ​រដ្ឋ​របស់​គណបក្ស​កាន់អំណាច​ ដើម្បី​ពលរដ្ឋ​ និង​សង្គម។

«ដូច្នេះ​បើយើង​អត់មាន​គណបក្ស​ប្រឆាំង​មួយ​ខ្លាំង​ទេ ​គឺ​គណបក្ស​កាន់​អំណាច​នឹង​ជិះសេះ​លែង​ដៃហើយ​ម៉្យាងទៀត​ប្រជាពលរដ្ឋ​ហ្នឹង​ នឹង​ទទួល​បាន​ផល​តិច​តួច​ណាស់​ពី​ការ​ដឹកនាំ​ជាតិពី​រដ្ឋាភិបាល។ ​ដូច្នេះ​ វាចាំ​បាច់​ណាស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ត្រូវ​តែ​មាន​គណបក្ស​ប្រឆាំង​មួយ​ដ៏រឹងមាំ ​ហើយ​ខ្លាំងក្លា​ មានការ​ឯកភាព​គ្នា​ហើយ​ឈាន​ទៅរក​ទៅ​ប្រកួត​ប្រជែង​មួយ​ដោយ​ស្មើភាព ​ស្មើមុខ​ ស្មើមាត់​ជាមួយ​គណបក្ស​កាន់​អំណាច‍»។​

សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​កំពុង​សិក្សា​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ និង​រៀបចំ​ច្បាប់​ដាក់​ទណ្ឌកម្ម​នានា​ដល់​បុគ្គល​ និង​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្រោយ​ពេល​ដែល​មាន​ការ​បង្រ្កាប​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ មុន​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដាឆ្នាំ​២០១៨។ ​

ក្រុម​ប្រទេស​មហា​អំណាច​បាន​ព្រមាន​ឲ្យ​មេដឹកនាំ​នយោបាយ​កម្ពុជា​ដោះស្រាយ​បញ្ហា​តានតឹង​នយោបាយ ​ហើយ​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ច​សង្គម៕