គណបក្ស​ជំទាស់​ដក​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត

ការ​លុប​ឈ្មោះ​​លោក​សម រង្ស៊ី​នេះ​​រារាំង​សិទ្ធិ​របស់​លោក​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥។

នៅ​ទីបញ្ចប់​លោក​សម រង្ស៊ី​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ដ្រ​ទេ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​បាន​ចុះបញ្ជី​គណបក្ស​និង​បេក្ខជន​តំណាងរាស្ត្រ ​កាលពី​រសៀល​ថ្ងៃសុក្រ​នេះ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ២០១៣​នេះ។

លោក​សម រង្ស៊ី ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ដោយសារ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទាក់ទង​ទៅ​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​និង​ការ​ប្រើប្រាស់​ឯកសារ​ផែនទី។

ការ​លុប​ឈ្មោះ​នេះ​រារាំង​សិទ្ធិ​របស់​លោក​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥។

ការ​ចុះ​បញ្ជី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ធ្វើឡើង​បី​ថ្ងៃ​ប៉ុណ្ណោះមុន​ការបិទ​បញ្ចប់​ទទួល​ពាក្យ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​ឈ្មោះ​បេក្ខជន។

លោក យ៉ែម បុញ្ញរិទ្ធ​តំណាង​មន្ត្រី​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ពន្យល់​ពី​ការ​ដក​ឈ្មោះ​លោក​សម រង្ស៊ី​ក្នុង​ការ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​និង​បញ្ជី​បេក្ខជន​នេះ។

«យើង​មិន​ដាក់​បេក្ខជន​គាត់​ទេ​ពីព្រោះ​ថា​យើង​រក​ឯកសារ​បញ្ជាក់​មិន​បាន។ លិខិត​បញ្ជាក់​ពី​សាលា​ឃុំ-សង្កាត់​បញ្ជាក់​ថា​ពិត​ជា​មាន​ឈ្នោះ​បោះឆ្នោត។ ហ្នឹង​ជា​កត្តា​មួយ​ដែល​យើង​មិន​អាច​ដាក់​បាន។គេ​លួច​លុបចោល​បាត់​ហើយ។ ក៏ប៉ុន្តែ​គាត់​នៅតែ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​យើង​ដដែល»។

លោក​សម រង្ស៊ី ​អ្នកតំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កំពង់ចាម​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ក្រោយ​ពេល​ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ រូប​លោក​ជាប់​ពន្ធនាគារ​ចំនួន​១០ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា ​វៀតណាម ​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ឆ្នាំ​២០០៩។

លោក​សម រង្ស៊ី ​គឺ​ជា​ក្បាល​ម៉ាស៊ីន​ប្រជាប្រិយ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស ​របស់​លោក​កឹម សុខា។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​បេក្ខជន​សរុប​ចំនួន​៣៨៧ ​សម្រាប់​មណ្ឌល​ឈរឈ្មោះ​ទាំង២៤​ខេត្ត​ក្រុង​នៅ​ទាំង​ប្រទេស​ក្នុង​នោះ​បេក្ខជន​ពេញសិទ្ធិ​មាន​ចំនួន​១២៣​នាក់។
លោក ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ឈ្មោះ​លោក សម រង្ស៊ី​ ត្រូវបាន​លុប​ចេញ​បន្ទាប់ពី​តុលាការ​បានចេញ​សាលក្រម​បញ្ជាក់​លោក សម រង្ស៊ី​មាន​ទោស​ហើយ​ការលុបឈ្មោះ​នេះ​គឺ​ធ្វើឡើង​ស្របតាម​គោលការណ៍​ច្បាប់។

«បើ​គ.ជ.ប.​មិន​លុបឈ្មោះ​ហ្នឹង​ចេញ​ទេវា​ខុសច្បាប់។ចឹ​ង​ការខុសច្បាប់​នឹងត្រូវ​ទទួល​ការរិះគន់»។

លោក អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​បញ្ជាក់​ថា​ការដែល​មិន​ដាក់ឈ្មោះ​លោក សម រង្ស៊ី​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ​មិនមែនជា​រឿង​ចម្លែក​ទេ។
«រឿង​នយោបាយ​នៅ​កម្ពុជា​អត់​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ​ដោយសារ​តែ​មិនមែន​តែ​រឿង​លោក សម រង្សី​ដែល​មិន​អាច​ចូលរួម​ឈរឈ្មោះ​បាន​ទេ​ [នៅមាន]​ បញ្ហា​គ.ជ.ប.​មិន​ឯករាជ្យ ​បញ្ហា​បញ្ជី​ឈ្មោះ ​បញ្ហា​បណ្តាញ​ប្រព័ន្ធ​សារព័ត៌មាន​ ដូច​ទូរទស្សន៍​នានា​ហ្នឹង​[ជាដើម]»។

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ​មាន​គណបក្ស​ចំនួន​៦ ​ហើយ​ដែល​បាន​ចុះបញ្ជី​និង​ដាក់​បេក្ខជន​តំណាងរាស្ដ្រ​ទៅកាន់ ​គ.ជ.ប.។ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចុងក្រោយ​គេ។ គណបក្ស​បួន​ក្នុង​ចំណោម​នេះ​ត្រូវបាន​ទទួលស្គាល់៕