កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកស៊ើបអង្កេតម្នាក់របស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការបោះឆ្នោតដោយសេរីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីការជួបប្រជុំខាងនយោបាយរបស់គណបក្សប្រឆាំងនៅទីនោះត្រូវបានគេវាយប្រហារដោយបានធ្វើឲ្យសមាជិកសភានៅមូលដ្ឋានម្នាក់រងរបួសក៏ដោយ។
ក្រុមមន្រ្តីនិយាយថា បុរសជាច្រើននាក់ប្រដាប់ដោយកាំបិតបានវាយប្រហារការប្រជុំខាងនយោបាយដែលបានធ្វើឡើងដោយគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យឬ NLD នៅក្នុងទីក្រុងរ៉ង់ហ្គូន (Yangon) កាលពីយប់ថ្ងៃព្រហស្បតិ៍។
លោក Naing Ngan Lynn ជាសមាជិកសភានៅមូលដ្ឋានដែលឈរឈ្មោះសម្រាប់អាសនៈនៅក្នុងសភាតំបន់បានចូលសម្រាកក្នុងមន្ទីរពេទ្យ ហើយបុរស២នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារនោះ។ ក្រុមមន្រ្តីនិយាយថា អ្នកវាយប្រហារយ៉ាងហោចណាស់ក៏២នាក់ដែរ ត្រូវបានចាប់ខ្លួន ហើយគោលបំណងនៃការវាយប្រហារនោះមិនទាន់បានដឹងនៅឡើយទេ។
ការវាយប្រហារ ទំនងបង្កើនការភ័យខ្លាចនៃអំពើហិង្សាមុនពេលការបោះឆ្នោតទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។ នេះជាការបោះឆ្នោតលើកទីមួយនៅក្នុងរយៈពេល២៥ឆ្នាំនៅក្នុងប្រទេសដែលកាលពីពេលមុនត្រួតត្រាដោយក្រុមប្រឹក្សាយោធា។
អ្នកសរសេររបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យមានការបោះឆ្នោតដោយសេរី មានភាពជឿទុកចិត្ត និងមានការចូលរួមពីគ្រប់គណបក្សទាំងអស់។
លោក Yanghee Lee អ្នកសរសេររបាយការណ៍ពិសេសបានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ការបោះឆ្នោតដែលនឹងធ្វើឡើងក្នុងរយៈពេលខ្លីនឹងក្លាយជាព្រឹត្តការណ៍ដ៏សំខាន់មួយក្នុងដំណើរការអន្តរកាលនៃលទ្ធិប្រជាធិបតេយ្យ»៕