គណបក្សនយោបាយចំនួន ៥ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការរកសំឡេងបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ខាងមុននេះ។
គណបក្សនយោបាយចំនួន ៥ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលនេះមានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងគ្រប់គ្រងប្រទេស គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
គណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀនរំពឹងថា នឹងទទួលបានអាសនៈមួយចំនួនពីការបោះឆ្នោតនេះ ខណៈសមាជិកមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
សមាជិកព្រឹទ្ធសភានីតិកាលទី ៥ និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា ប្រាប់វីអូអេថា ដំណើរការយុទ្ធនាការរបស់គណបក្សឆន្ទៈខ្មែរប្រព្រឹត្តទៅដោយរលូន និងអនុវត្តបាននូវរាល់ជំនួបជាមួយអង្គបោះឆ្នោតដែលមកពីគណបក្សភ្លើងទៀន ក៏ដូចជាផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សផងដែរ បើទោះបីជាមានបញ្ហាបចេ្ចកទេសមួយចំនួនរបស់គណៈកម្មាការបោះឆ្នោតខេត្តបាត់ដំបងក៏ដោយ។
លោកបន្ថែមថា គណបក្សឆន្ទៈខ្មែររំពឹងទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្តប្រមាណ ៥២ អាសនៈ និងស្រុក ខណ្ឌប្រមាណជាង ៣០០ អាសនៈ ក្នុងការបោះឆ្នោតអសកលមួយនេះ។
លោកថ្លែងថា៖ «បើយើងផ្អែកទៅតាមតួលេខ និងទិន្នន័យនៃសំឡេងឆ្នោតដែលយើងទទួលបានក្រោយការបោះឆ្នោតព្រឹទ្ធសភានោះ គណបក្សឆន្ទៈខ្មែរនឹងអាចទទួលបានក្រុមប្រឹក្សារាជធានី ខេត្តប្រមាណ ៥២ អាសនៈ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាស្រុកនៅទូទាំងប្រទេសប្រមាណជាង ៣០០ អាសនៈ ប៉ុន្តែប្រសិនបើតួលេខនៃអង្គបោះឆ្នោត ២.១៩៨ នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេសបោះឱ្យគណបក្សឆន្ទៈខ្មែរ ១០០% នោះយើងទទួលបានអាសនៈក្រុមប្រឹក្សាខេត្តរាជធានីប្រមាណជិត ១០០ អាសនៈ ហើយក្រុមប្រឹក្សាខេត្ត ស្រុក អាចបានជិតទៅដល់ ៦០០ អាសនៈ»។
អ្នកនយោបាយវ័យក្មេងរូបនេះសង្ឃឹមថា ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលមិនបានបោះឆ្នោតជូនគណបក្សឆន្ទៈខ្មែរ អាចនឹងត្រឡប់មកបោះឆ្នោតជូនគណបក្សវិញ ដើម្បីអាចឱ្យគណបក្សទទួលបានសំឡេងឆ្នោតច្រើន ក្នុងការបើកលំហលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់ក្រោមជាតិឱ្យបានទូលំទូលាយ។
លោក គង់ មុនីកា លើកឡើងទៀតថា នៅមុនការបោះឆ្នោតអសកលនេះមានការចាប់ខ្លួនបេក្ខជនគណបក្សឆន្ទៈខ្មែរនៅខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញជាដើម ជាបន្តបន្ទាប់ ហើយពួកគេទាំងនោះសុទ្ធតែជាបេក្ខជនលេខរៀងទី ១ ដល់ទី ៦ ដែលអាចបង្កផលប៉ះពាល់មួយចំនួនលើលទ្ធផលបោះឆ្នោត។
លោកថ្លែងថា៖ «ដូច្នេះការចាប់ខ្លួនរបស់ពួកគាត់វាបានបង្ហាញពីភាពមិនសូវសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងការបោះឆ្នោតនេះ ធ្វើឱ្យអង្គបោះឆ្នោត ធ្វើឱ្យបេក្ខជនមួយចំនួនមានការភ័យខ្លាច បារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ហើយមិនអាចបង្ហាញនូវឆន្ទៈរបស់ខ្លួនបានដោយសេរីនិងត្រឹមត្រូវ។ ដូច្នេះចង់មិនចង់ ខ្ញុំយល់ថា មានការជះឥទ្ធិពលមួយចំនួនមកលើលទ្ធផលនៃការបោះឆ្នោតខាងមុខនេះ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វីអូអេថា គណបក្សកម្លាំងជាតិ ដែលសមាជិកខ្លះត្រូវបានចាប់ខ្លួនផងដែរនោះ មានការរំពឹងថា នឹងទទួលបានអាសនៈមួយចំនួនសម្រាប់ការបោះឆ្នោតនេះ បើទោះបីគណបក្សមិនបានចុះឃោសនាទ្រង់ទ្រាយធំក៏ដោយ។
លោកថ្លែងថា៖ «ប៉ុន្តែគ្រាន់ថា វាយតម្លៃថាចំនួនប៉ុន្មាន យើងមិនអាចវាយតម្លៃបានទេ។ ប៉ុន្តែយើងនៅរំពឹងថានឹងនៅទទួលបានលទ្ធផល ហើយដូចជាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ហើយក្រុងយើងនឹងទទួលបានមួយចំនួន»។
បើតាមលោក រ៉ុង ឈុន ការឃាត់ ឬចាប់ខ្លួនមេដឹកនាំគណបក្សនយោបាយ និងសកម្មជនគណបក្សនយោបាយបានធ្វើឱ្យបរិយាកាសនៃដំណើរការបោះឆ្នោតទទួលរងផលប៉ះពាល់ ហើយមិនអាចធានាបានថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់នោះទេ។
យុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែឧសភា។ យុទ្ធនាការនេះត្រូវគេសង្កេតឃើញថា មិនមានសភាពអ៊ូអនោះទេ ព្រោះមានការដង្ហែក្បួនតាមដងផ្លូវបន្តិចបន្តួច និងមានការចាក់សារនយោបាយតាមឧបករណ៍បំពងសំឡេងនៅតាមទីស្នាក់ការគណបក្សមួយចំនួន ដូចជាគណបក្សកាន់អំណាច និងគណបក្សមួយចំនួនទៀតដែលបានចូលរួមប្រកួតប្រជែង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសុវត្ថិភាព សណ្តាប់ឆ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
លោកបន្តថា មិនមានគណបក្សនយោបាយណាមួយបានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មាធិការរាជធានី ខេត្ត រៀបចំការបោះឆ្នោតទេ។
លោកថ្លែងថា៖ «គ.ជ.ប. សូមលើកឡើងនូវសេចក្តីអំពាវនាវ សូមឱ្យគ្រប់ភាគីពាក់ព័ន្ធពិសេសគណបក្សនយោបាយ និងអ្នកគំាទ្រដែលធ្វើសកម្មភាពផ្ទាល់នៅក្នុងអំឡុងពេលនៃការឃោសនា សូមតម្កល់ភាពចាស់ទុំជាធំ អនុវត្តតាមក្រមសីលធម៌ ហើយនឹងច្បាប់ដែលបានចែងជាធរមាន ហើយសង្ឃឹមថា គណបក្សនយោបាយ និងភាគីពាក់ព័ន្ធនឹងសហការគ្នាបានល្អប្រសើរជាមួយនឹងមន្ត្រីរៀបចំការបោះឆ្នោត ជាមួយនឹងសន្តិសុខសម្រាប់ការបោះឆ្នោត និងអាជ្ញាធរដែនដីផងដែរ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់៥ ឆ្នាំម្តង ដែលអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតសរុបប្រមាណ ១២.០០០ នាក់។ អាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌមានចំនួន ៤.២០០ នៅទូទាំង ២៥ ខេត្ត រាជធានី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ចេញផ្សាយកាលពីកន្លងទៅ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភាលោក ញឿន រ៉ាដែន ប្រាប់វីអូអេថា គណបក្សហ៊្វុនស៊ិនប៉ិចបានរៀបចំយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមការជួបជុំ និងប្រមូលផ្តុំជាមួយនឹងការចុះផ្សាយសារជាសំឡេងរបស់ព្រះប្រធានគណបក្ស និងគោលនយោបាយមួយចំនួនរបស់គណបក្ស។
លោកថ្លែងថា៖ «យើងបានខិតខំហើយជាពិសេសអំពាវនាវទៅដល់បងប្អូនទាំងអស់ដែលជាក្រុមប្រឹក្សាបោះឆ្នោត ជាពិសេសជួយគណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សមួយដែលរួបរួមគ្នាកន្លងមក ហើយយើងបេ្តជ្ញាក្នុងការការពារបងប្អូន ហើយយើងសង្ឃឹមថា គណបក្សហ៊្វុនស៊ិនប៉ិចនៅតែជាគណបក្សរឹងមាំអាចជួយបងប្អូន ហើយនឹងទទួលបានអាសនៈមួយចំនួនផងដែរ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលដែលតាមដានការបោះឆ្នោតនៅកម្ពុជាប្រាប់វីអូអេថា ខុមហ្វ្រែលមិនបានតាមដានចំពោះការបោះឆ្នោតអសកលនេះទេ ប៉ុន្តែលោកថា ការចាប់ខ្លួន ឬការជាប់បណ្តឹងតុលាការរបស់សមាជិកគណបក្សជំទាស់មួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ជាពិសេសទៅលើអង្គបោះឆ្នោត។
បើតាមលោក កន សាវាង្ស ដើម្បីឱ្យការបោះឆ្នោតមួយប្រព្រឹត្តដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ភាគីពាក់ព័ន្ធទាំងអស់រួមមាន គ.ជ.ប. រដ្ឋាភិបាល និងតុលាការផងដែរនោះ គួរសម្រួលឱ្យមានការយោគយល់ផ្នែកនយោបាយ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែតែតួអង្គ គ.ជ.ប. មួយមិនគ្រប់គ្រាន់ទេ ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសរាជរដ្ឋាភិបាល ហើយខាងផ្លូវតុលាការហ្នឹងក៏ជាតួអង្គមួយដែលសំខាន់ដែរក្នុងការចូលរួមធានាឱ្យការបោះឆ្នោតមួយប្រព្រឹត្តទៅបានល្អ ជាពិសេសការយោគយល់ផ្នែកនយោបាយរវាងគណបក្សក្រៅរដ្ឋាភិបាល និងគណបក្សកាន់អំណាចដែលធ្វើម៉េចឱ្យផ្នែកនយោបាយហ្នឹងគឺថាមានការយោគយល់ មានការអត់ឱនគ្នានៅក្នុងដំណើរការនៃការប្រកួតប្រជែងធ្វើម៉េចឱ្យវាប្រព្រឹត្តបានល្អប្រសើរ»។
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕