បក្ស​ប្រឆាំង​សុំ​គ.ជ.ប​ពន្យា​រពេល​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​​ក្នុង​បរិវេណ​ក្រសួង​​មហាផ្ទៃ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​លើក​ពេល​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មីដោយសារប្រជា​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់។

ប៉ុន្តែ​មន្ត្រី​គ.ជ.ប​.បកស្រាយថា​ ការលើក​ពេល​អាចធ្វើបាន​តែ​ក្នុងតំបន់​ដែល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​តែ​ប៉ុណ្ណោះ។

មាន​ប្រជា​ពលរដ្ឋប្រមាណ​ជា​៣៣​ម៉ឺន​នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ខណៈ​ដែល​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​ចាស់​មាន​ចំនួន​ជាង​៩,៦​លាន​នាក់​ហើយ​ការចុះ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នេះ​ត្រូវ​ចាប់ផ្តើមពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​២០​ខែ​តុលា​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​បណ្តាញ​ផ្សព្វ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​គណបក្ស​សង្គ្រោះ​ជាតិបាន​សរសេរ​ថា ​ខ្លួន​ទាមទារ​ឲ្យ​គ.ជ.ប. ​«លើក​ពេល​ឬ​ពន្យារ​ពេល»​ពិនិត្យ​និងចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​«ពី​ព្រោះ​ប្រជា​ពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់»។

ទឹក​ជំនន់​បាន​រាតត្បាត​លើ​ខេត្ត​មួយ​ចំនួន​ជុំវិញ​ទន្លេ​មេគង្គនិង​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​និង​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣៩​នាក់រហូត​មកទល់​នឹង​ថ្ងៃ​ពុធនេះ។

លោក​យ៉ែម ​ប៉ុញ្ញឫទ្ធ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា​ សំណើ​របស់​គណបក្ស​ជំទាស់​ដោយសារ​មាន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​ទឹក​ជំនន់​នេះ។

«អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឡើង​ដោយសារ​តែ​មាន​ប្រធាន​សក្ត័​ជាក់​ស្តែង»។

​ប៉ុន្តែ​លោក​ទេព​ នីថា ​អគ្គ​លេខា​ធិការ​គ.ជ.ប​.មាន​ប្រសាសន៍​ថា​ សំណើ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

«ពី​ព្រោះ​ថា​ច្បាប់​បោះឆ្នោត​ចែង​ច្បាស់​ថា​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣១​ខែ​ធ្នូជា​រៀងរាល់​ឆ្នាំ។​ដូច្នេះ​បើយើង​កាត់​រយៈ​ពេល​ប្តឹង​តវ៉ា​ទៅ​ការចុះ​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់​ធ្វើ​ឡើង​ត្រឹមតែ​ពី​ថ្ងៃ​ទី​១​ដល់ថ្ងៃទី​២០​ខែ​តុលា​តែប៉ុណ្ណោះ»។

លោក​ទេព​ នីថា​ បញ្ជាក់​ថា​គ.ជ.ប.នឹង​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្តែង​តាម​តំបន់​ប៉ុន្តែ​មិន​អាច​លើក​ពេល​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នៅ​ទូទាំង​ប្រទេស​ទេ។

«ក្នុង​ករណី​ដែល​មាន​ទឹក​ជន់​នៅ​កន្លែង​ណា ​យើង​អត់​ចុះ​ឈ្មោះ​នៅ​កន្លែង​ហ្នឹង​ទេ​ហើយ​បន្ទាប់​មក​ទឹកស្រក​នៅ​កន្លែងណា​យើង​ត្រឡប់​ទៅ​កន្លែង​ហ្នឹង​វិញ។​ហើយ​ក្នុងករណី​ដែល​ចប់ថ្ងៃ​ហើយ​នៅ​មាន​សល់​ប្រជា​ពលរដ្ឋ​ដែល​មិន​បាន​ចុះ​ឈ្មោះ ​ដូច្នេះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាច​ស្នើ​តាម​រយៈ​លេខា​ធិការ​ដ្ឋាន​រៀបចំ​ការបោះ​ឆ្នោត​ដើម្បី​ឲ្យ​គ.ជ.ប ​អាច​ពន្យា​រ​ពេល​ជូន​មួយ​ថ្ងៃ​ឬពីរថ្ងៃ​ទៅ​តាម​កន្លែង​ជាក់​ស្តែង»។

​លោក​យ៉ង់​ គឹមអេង ​នាយក​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ដែល​តែង​តែ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​បាន​គាំទ្រ​សំណើ​របស់​គណបក្ស​ជំទាស់។​ហើយ​លោក​គិត​ថា​ការ​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះរយៈពេល​តិច​សម្រាប់​អ្នក​បោះឆ្នោត​ថ្មី​មិន​គ្រប់​គ្រាន់ទេ​ដោយសារ​តែ​ទឹក​ជំនន់​ខ្លាំង​អាច​ធ្វើឲ្យ​គាត់​បាត់បង់​ទឹក​ចិត្ត​សម្រាប់​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត។

«ថែម​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ​មិន​គ្រប់​គ្រាន់​ទេ​ពីព្រោះ​បើ​យើង​មើល​ទឹក​ជំនន់​នេះ​រហូត​មក​ដល់ថ្ងៃ​នេះ​មិន​ដឹង​ពេល​ណា​ស្រក»។

ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតបាន​ស្ថិត​ជា​ប្រធាន​បទ​នៃ​ការ​តវ៉ា​របស់​គណបក្ស​ជំទាស់​និង​សង្គម​ស៊ីវិល​យ៉ាង​ខ្លាំង​ក្លា។​គណបក្ស​ជំទាស់​និង​សង្គម​ស៊ីវិល​បាន​បរិហា​ថា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋមួយ​ចំនួន​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ពួក​គេ៕