អ្នកស្រីឡាក់ សុភាពបានបរាជ័យក្នុងការទាមទាររកយុត្តិធម៌នៅពីមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយសារតែមានកងកម្លាំងសន្តិសុខដែលឈរការពារទីស្នាក់ការគណបក្សបានព្យាយាមរុញច្រាន និងបណ្តេញអ្នកស្រីមិនឲ្យសម្តែងមតិនៅទីនោះ។
សាក្សីឃើញផ្ទាល់ភ្នែកបានអះអាងថា ការរារាំងនេះមិនមានការប៉ះទង្គិចរហូតដល់បង្កឲ្យមានរបួសនោះទេគឺគ្រាន់តែមានការរុញច្រាន និងមានសកម្មជនគណបក្សខ្លះបានស្រែករិះគន់អ្នកស្រីឡាក់ សុភាពអំពីរឿងជំពាក់ប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះ។
អ្នកស្រីឡាក់ សុភាពមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានទាំងអារម្មណ៍មួរហ្នងថា អ្នកស្រីមកតវ៉ានៅពីមុខទីស្នាក់ការរបស់គណបក្សនៅថ្ងៃនេះដោយសារតែគណបក្សបានបើកផ្លូវឲ្យអ្នកស្រីធ្វើការតវ៉ា។ អ្នកស្រីបានរិះគន់ថា ការបណ្តេញអ្នកស្រីចេញពីគណបក្សគឺជាការរំលោភច្បាប់ និងខុសលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។
លោកស្រីនិយាយថា៖ «ការរារាំងគឺជាអំពើផ្តាច់ការរបស់គណបក្សសង្គ្រោះជាតិតែម្តង។ ដោយសារការរារាំងនេះគេខ្លាចខ្ញុំបញ្ចេញឲ្យអ្នកសារព័ត៌មានគឺធាតុពិតគឺអ្វីដែលបានប្រព្រឹត្ត ហើយគេមិនឲ្យខ្ញុំបញ្ចេញឲ្យអ្នកសារព័ត៌មានទេ ហើយរាល់សារព័ត៌មានទាំងអស់គេបានបំបិទសិទ្ធិសេរីភាព»។
គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារនេះ បានសម្រេចបញ្ចប់សមាជិកភាពលោកស្រីឡាក់ សុភាពពីគណបក្ស និងពីសមាជិកគណៈកម្មាធិការនាយករបស់គណបក្ស បន្ទាប់ពីលោកស្រីបានធ្វើការចោទប្រកាន់ថា មានបញ្ហាពុករលួយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយដែលត្រូវបានចុះផ្សាយក្នុងទំព័រសារព័ត៌មាន។
ការសម្រេចរបស់គណៈកម្មាធិការវិន័យរបស់គណបក្សបានធ្វើឡើងក្នុងពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សបានទុកឱសានវាទដល់លោកស្រីឡាក់ សុភាពធ្វើការកែតម្រូវចំពោះការចោទប្រកាន់របស់លោកស្រីទៅលើថ្នាក់ដឹកនាំគណបក្សថា បានទទួលប្រាក់ចំនួន៤០លានដុល្លារសហរដ្ឋអាមេរិកពីគណបក្សប្រជាជនកម្ពុជា។
អ្នកស្រីឡាក់ សុភាព ដោយសារមិនសុខចិត្តនឹងការបណ្តេញចេញនេះ នៅថ្ងៃព្រហស្បតិ៍នេះ បានកៀងគរអ្នកគាំទ្ររបស់ខ្លួនមកតវ៉ានៅពីមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ តែត្រូវបរាជ័យ។
លោកអ៊ូ ច័ន្ទរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការតវ៉ាជាសិទ្ធិសេរីភាពរបស់លោកស្រីឡាក់ សុភាព។ ក៏ប៉ុន្តែប្រសិនបើអ្នកស្រីចង់មានការតវ៉ាបន្តទៀត គួរតែដាក់ពាក្យមកគណៈកម្មការអចិន្ត្រៃយ៍ដើម្បីឲ្យគណៈកម្មការនេះជាអ្នកសម្រេចចុងក្រោយ។
លោកនិយាយថា៖ «តម្លៃការតវ៉ារបស់គាត់ សម្តីសំដៅរបស់គាត់ ការលើកឡើងរបស់គាត់។ ខ្ញុំយល់ថា បន្តិចទៀតទៅ អ្នកសារព័ត៌មាន សារធារណៈជនលោកនឹងដឹងថា គាត់ជាមនុស្សបែបណាហើយ។ មួយថ្ងៃគាត់និយាយអញ្ចេះ មួយថ្ងៃគាត់និយាយអញ្ចុះ មិនដឹងជាគាត់ចង់និយាយអ្វីទេ យូរទៅ»។
លោកសឺន សែនករុណា មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការរារាំងដោយកងកម្លាំងសន្តិសុខរបស់គណបក្សសង្គ្រោះជាតិហាក់បីដូចជាមិនតុល្យភាពគ្នានិងការចង់បានរបស់អ្នកស្រីឡាក់ សុភាពទេ។ លោកបានបញ្ជាក់ថា គណបក្សគួរតែសម្រួលឥរិយាបទខ្លះ នៅពេលមានបញ្ហាបែបនេះកើតឡើង។
លោកនិយាយថា៖«អញ្ចឹងយើងឃើញថា ចលាចលរបៀបហ្នឹងវាអត់អាចគ្រប់គ្រងស្ថានការណ៍ និងឲ្យតម្លៃរបៀបម៉េចទេ។ ប៉ុន្តែយើងសុំប្រកាន់ជំហរមួយថា ការប្រើឥរិយាបទ រាល់ការបណ្តេញអ្នកយកព័ត៌មាន វាមិនសាកសមទេ គួរតែកែប្រែនៅចំណុចនេះ ហើយគួរតែមានការសម្រួលវិញ»។
ការបណ្តេញអ្នកស្រីឡាក់ សុភាពចេញពីសមាជិកគណៈកម្មាធិការនាយករបស់គណបក្សបានធ្វើឲ្យបញ្ចប់ជីវិតនយោបាយរបស់អ្នកស្រីពីគណបក្សប្រឆាំង បន្ទាប់ពីអ្នកស្រីធ្លាប់ប្រឡូកក្នុងឆាកនយោបាយអស់រយៈពេល២០ឆ្នាំ៕