ក្រសួងយុត្តិធម៌នៅថ្ងៃអង្គារនេះ មិនហ៊ានសម្រេចលើករណីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទេ ដោយបានទម្លាក់ការទទួលខុសត្រូវទៅលើតុលាការក្រុងភ្នំពេញ ដោយសារតែតុលាការបានចេញដីកាចាប់ និងសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។
ការសម្រេចនេះ បានធ្វើឡើងក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះមួយនៅក្រសួងយុត្តិធម៌ដើម្បីឆ្លើយតបនឹងលិខិតរបស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានសរសេរលិខិតមួយទៅក្រសួងយុត្តិធម៌តាមសំណើរបស់លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែលបានសរសេរលិខិត ទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួយអន្តរាគមន៍ ឱ្យមានការបញ្ចប់នីតិវិធី និង លើកលែងការចោទប្រកាន់មកលើលោក មាជ សុវណ្ណារ៉ា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាក់ទឹននឹងអំពើហិង្សានៅលើស្ពាននាគកាលពីថ្ងៃទី១៥ខែកក្កដា។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ក្រោយពីកិច្ចប្រជុំគណៈកម្មការថាក្រសួងយុត្តិធម៌បានសម្រេចចំនួនបីចំណុចធំៗទៅក្រសួងមហាផ្ទៃវិញហើយពាក់ព័ន្ធនឹងករណីលោកមាជ សុវណ្ណារ៉ា។
លោកនិយាយថា៖«ទីមួយគឺការចំណាត់ការឃាត់ខ្លួននិងឃុំខ្លួននេះរបស់តុលាការ គឺជាអំណាចរបស់តុលាការ។ ទីពីរ ជនដែលត្រូវចោទគឺលោក មាជ សុវណ្ណារ៉ា នេះលោកមានសិទ្ធិក្នុងការប្តឹងតវ៉ាសុំនៅក្រៅឃុំបណ្តោះអាសន្ន។ទីបីអំណាចនៃការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នឬមិនសម្រេចគឺជាឆន្ទានុសិទ្ធិរបស់តុលាការដែរ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
តុលាការក្រុងភ្នំពេញបានសម្រេចបដិសេធសំណើស្នើសុំឱ្យនៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំពីមេធាវីការពារជនជាប់ចោទ។
លោក ចាន់ ចេន មេធាវីការពារក្តីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថាក្នុងពេលឆាប់ៗខាងមុខនេះលោកនិងពិភាក្សាជាមួយកូនក្តីនិងក្រុមគ្រួសារដើម្បីប្តឹងទាស់ទៅកាន់សាលាឧទ្ធរណ៍ដើម្បីស្នើសុំកូនក្តីរបស់លោកឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
លោកមានប្រសាសន៍ថា៖«យើងនឹងដាក់ពាក្យទៅសាលាឧទ្ធរណ៍ដើម្បីឱ្យសាលាឧទ្ធរណ៍សម្រេចឡើងវិញពីព្រោះដោយហេតុថាការដែលឃុំខ្លួនកូនក្តីរបស់ខ្ញុំបាទ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនេះគឺជាការឃុំខ្លួនមិនត្រឹមត្រូវស្របច្បាប់តាមនីតិវិធីទេព្រោះដោយសារចៅក្រមដែលគេអាចរកជម្រើសនៃការឃុំខ្លួនវាទាល់តែកូនក្តីខ្ញុំគាត់មិនមានអាសយដ្ឋានច្បាស់លាស់ មិនមានមុខរបរការងារត្រឹមត្រូវ»។
លោក ស្រី Jamie Meach ភរិយាលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថាលោកស្រីនិងពិភាក្សាជាមួយស្វាមីដើម្បីដាក់ពាក្យទៅកាន់សាលាឧទ្ធរណ៍ស្នើសុំឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
លោកស្រីមានប្រសាសន៍ថាការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ាដោយអាជ្ញាធររដ្ឋាភិបាលជាការខុសច្បាប់និងជារឿងនយោបាយសុទ្ធសាធ។
លោកស្រីបញ្ជាក់ថា៖«តាមដែលខ្ញុំយល់ឃើញព្រោះការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា ដែលជាស្វាមីរបស់ខ្ញុំ។ ខ្ញុំគិតថាគឺជារឿងពាក់ព័ន្ធនឹងរឿងនយោបាយ។ មូលហេតុយើងបានចរចាគ្នាហើយថាគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនយើងបានចរចាគ្នាថាយើងឈប់ចាប់កាលពីថ្ងៃទី២២ខែកក្កដាកន្លងមកនេះ»។
លោកមាជ សុវណ្ណារ៉ា បេក្ខជនតំណាងរាស្ត្រលំដាប់ទី៣ និង ជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅនេះនៅតាមបណ្តោយផ្លូវព្រះ នរោត្តម ក្នុងខណៈពេលដែលលោកកំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីស្នាក់ការរបស់គណបក្ស។
លោកត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឃុំខ្លួន ក្នុងពន្ធនាគារព្រៃសក្នុងថ្ងៃតែមួយប៉ុណ្ណោះពីបទ៖ «ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា៕