បន្ទាប់ពីមានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាដែលសង្ស័យថា គណបក្សសង្គ្រោះជាតិមានផែនការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលនោះ មន្ត្រីជាន់គណបក្សប្រឆាំងបានថ្លែងបដិសេធ ដោយបញ្ជាក់ថា ការបង្កើតគណៈកម្មការស្រមោលទាំង១០ដែលមានលំនាំនីតិបញ្ញត្តិនោះ គឺដើម្បីពង្រឹងការងារបក្ស មិនមែនជាការបង្កើតរដ្ឋាភិបាលស្រមោលនោះទេ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតគណៈកម្មការទាំង១០របស់គណបក្សសង្គ្រោះជាតិ ដែលស្រដៀងគ្នានឹងគណៈកម្មការទាំង១០នៃសភាជាតិ មិនមែនជាការបង្កើតគណៈរដ្ឋមន្ត្រីស្រមោល ឬរដ្ឋាភិបាលស្រមោលដែលប្រទេសមានប្រព័ន្ធអាស្រ័យសភាផ្សេងទៀតកំពុងអនុវត្តន៍នោះឡើយ។
ការថ្លែងបញ្ជាក់របស់លោក សុន ឆ័យ ពីជំហរគណបក្សសង្គ្រោះជាតិ ដែលមិនទាន់មានផែនការបង្កើតរដ្ឋាភិបាលស្រមោលនេះ កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យសភាជាតិ បានប្រាប់ព្រឹត្តិប័ត្រព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃពុធនេះថា ការបង្កើតគណៈរដ្ឋមន្ត្រីស្រមោលណាមួយនោះ គឺជាសកម្មភាពខុសច្បាប់។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សជំទាស់ និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា គណបក្សសង្គ្រោះជាតិ មិនមានផែនការជាក់លាក់ណាមួយ ក្នុងការបង្កើតរដ្ឋាភិបាលស្រមោលនាពេលបច្ចុប្បន្ននេះឡើយ។
លោកថា គណៈកម្មការទាំង១០ ដែលទើបតែត្រូវបានបង្កើតឡើងនោះ គឺមានតួនាទីពង្រឹងសមត្ថភាពរបស់សមាជិកគណបក្សសង្គ្រោះជាតិដែលតម្រូវឲ្យមានការយល់ដឹងពីស្ថានភាពការងារដែលត្រូវបំពេញ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«យើងអត់បានរៀបចំរដ្ឋាភិបាលស្រមោលអីទេ។ យើងបានរៀបចំគណៈកម្មការ១០ ដើម្បីបំពេញការងារ រៀបចំ ដើម្បីធ្វើការស្រាវជ្រាវ ចងក្រងគោលនយោបាយរបស់គណបក្ស»។
លោកថ្លែងបន្តថា ផ្តើមចេញពីការបង្កើតគណៈកម្មការទាំង១០នេះ គណបក្សសង្គ្រោះជាតិ នឹងមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ដឹកនាំប្រទេស ប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោតនាឆ្នាំ ២០១៨។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិ បានប្រាប់ VOA ថា ទោះបីជាគណបក្សសង្គ្រោះជាតិ មិនបានត្រៀមបង្កើតគណៈរដ្ឋមន្ត្រីស្រមោលក៏ដោយ ក៏លោកនៅមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាគណៈកម្មការទាំង១០របស់គណបក្សជំទាស់ មានការងារ និងគោលបំណងដូចគ្នានឹងគណៈកម្មការទាំង១០ ដែលកំពុងដំណើរនៅរដ្ឋសភា។ លោកថា ការបង្កើតគណៈកម្មការទាំង១០របស់គណបក្សប្រឆាំង គឺពុំបានធ្វើឡើងដោយមានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ។
លោកបញ្ជាក់ថា៖
«ការបង្កើតនេះគឺ វាជាអង្គភាពមួយឬក៏ស្ថាប័នមួយដែលដូចស្ថាប័នរបស់រដ្ឋ អ៊ីចឹងវារដ្ឋពីរ ទៅអ៊ីចឹង បានសេចក្ដីថា រដ្ឋមួយនៅក្នុងរដ្ឋមួយ។ វាមិនអាចធ្វើអ៊ីចឹងកើតទេ ការងារមុខងារ ដូចគ្នាការងារដូចគ្នា ហើយគាត់បង្កើតឯកជនរបស់គាត់អត់មានច្បាប់អ៊ីចឹង ហើយតំណាងរាស្ត្ររបស់គាត់មានសិទ្ធិធ្វើអីទាំងអស់ ហើយគាត់មិនធ្វើ ហើយគាត់ទៅបង្កើតអាកន្លែងហ្នឹងធ្វើអី អីចឹង»។
លោកថ្លែងបន្តថា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងពិនិត្យលើភាពស្របច្បាប់នៃការបង្កើតគណៈកម្មការទាំង១០ របស់គណបក្សជំទាស់។ លោកបន្ថែមថា ប្រសិនបើមានការស្នើឲ្យបង្កើតគណៈរដ្ឋមន្ត្រីស្រមោលពីគណបក្សសង្គ្រោះជាតិ អ្នកនយោបាយគណបក្សទាំងពីរអាចចរចាគ្នាតាមវប្បធម៌សន្ទនា ដែលមិនទាន់បានបញ្ចប់នៅឡើយនោះ។
ប្រទេសដែលមានប្រព័ន្ធសភានិយម បានបង្កើតឲ្យមានគណៈរដ្ឋមន្ត្រីស្រមោល ឬរដ្ឋាភិបាលស្រមោល ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋ និងការពិភាក្សាអំពីគោលនយោបាយសម្រាប់ការអភិវឌ្ឍ។ នេះបើតាមការពន្យល់របស់លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុកនៅប្រទេសកម្ពុជា។ លោកនិយាយថា ការដាក់ដំណើរការគណៈរដ្ឋមន្ត្រីស្រមោល គឺមិនប៉ះពាល់ដល់ផ្លូវច្បាប់សម្រាប់ប្រទេសដែលមានប្រព័ន្ធសភា។
លោក អ៊ូ វីរៈ ពន្យល់ថា៖
«វាមានប្រយោជន៍ច្រើនមែនទែន នៅក្នុងការបង្កើតហ្នឹង ព្រោះអីធ្វើឲ្យការប្រកួតប្រជែងហ្នឹង វាមានលក្ខណៈ ស៊ីជម្រៅ ហើយវាមានលក្ខណៈ វាអត់ឈ្លោះគ្នា របៀបគ្រាន់តែឈ្លោះគ្នា វាមានលក្ខណៈស៊ីជម្រៅ»។
គណៈរដ្ឋមន្ត្រីស្រមោល គឺជាក្រុមនៃអ្នកនាំពាក្យជាន់ខ្ពស់ ដែលត្រូវបានជ្រើសរើសដោយ មេដឹកនាំ គណបក្សប្រឆាំង ដើម្បីធ្វើការឆ្លុះបញ្ចាំង គណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាល។ នេះបើយោងតាមការពន្យល់ដែលបានសរសេរក្នុងគេហទំព័រសភានៃចក្រភពអង់គ្លេស។
សមាជិកនីមួយៗ នៃគណៈរដ្ឋមន្ត្រីស្រមោលត្រូវបានតែងតាំងឲ្យដឹកនាំវិស័យនយោបាយសម្រាប់គណបក្សរបស់ខ្លួន ដើម្បីដាក់ជាសំណួរ និងតទល់សមភាគីរបស់ខ្លួននៅក្នុងគណៈរដ្ឋមន្ត្រី។ តាមរយៈមធ្យោបាយនេះ គណបក្សប្រឆាំងផ្លូវការ ប្រឹងប្រែងបង្ហាញខ្លួនថា ជារដ្ឋាភិបាលជំនួសកំពុងរង់ចាំ។
ថ្វីត្បិតតែលោក សុន ឆ័យ បានបញ្ជាក់ពីគោលជំហរគណបក្សជំទាស់ដែលថា មិនទាន់ត្រៀមបង្កើតរដ្ឋាភិបាលស្រមោលក្តី លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកនយោបាយណាដែលមានបំណងបង្កើតរដ្ឋាភិបាលស្រមោល ត្រូវពិនិត្យលក្ខខណ្ឌច្បាប់ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សភា មិនបានចែងពីការបង្កើតរដ្ឋាភិបាលស្រមោលនោះឡើយ។
យ៉ាងក៏ដោយលោកនាយឧត្ដមសេនីយ៍លើកឡើងថា គណបក្សជំទាស់ទំនងជាកំពុងប្រតិបត្តិការគណៈកម្មការទាំង១០របស់ខ្លួនតាមលំនាំរដ្ឋាភិបាលស្រមោល តែមិនបញ្ចេញឈ្មោះឲ្យចំប៉ុណ្ណោះ។
«ទុកជាគាត់មិនបង្កើតក៏គាត់បានអនុវត្តន៍ដែរ។ ឧទាហរណ៍ គណៈកម្មការនីមួយៗវាមាន១០ហើយណ៎ា។ នៅក្នុងហ្នឹងវាមានប្រធាន អនុប្រធាន ដូច្នេះ នៅក្នុងបក្សរបស់គាត់ ពេលគាត់ប្រជុំគាត់លើកឯកសារហ្នឹង ដូច្នេះគាត់មិនបង្កើត ក៏គាត់ធ្វើហើយ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានរំឭកដល់លោក ជាម ច័ន្ទនី អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដែលធ្លាប់ជាប់ក្នុងពន្ធនាគារ នៅពេលថ្លែងអំពីរដ្ឋាភិបាលស្រមោល។
កាលពីឆ្នាំ២០០៥ លោក ជាម ច័ន្ទនី ត្រូវបានជ្រើសរើសឲ្យទទួលបន្ទុកផ្នែកការពារជាតិ ដោយគណបក្សប្រឆាំង នៅគ្រាដែលគណបក្សនេះប៉ុនប៉ងបង្កើតរដ្ឋាភិបាល។ លោកត្រូវបានចោទប្រកាន់ពីបទ ការនាំបំបះបំបោរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទលោកពីការកេណ្ឌកងទ័ព ស្រមោល ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ទោះជាយ៉ាងណា លោក សុន ឆ័យ បញ្ជាក់ជាច្រើនដងថា គណបក្សសង្គ្រោះជាតិមិនបានត្រៀមបង្កើតរដ្ឋាភិបាលស្រមោលនោះទេ ហើយអ្វីដែលគណបក្សជំទាស់ចង់បាននោះ គឺការវិលត្រឡប់មកសភាពធម្មតាវិញនៃនយោបាយខ្មែរ៕