នៅព្រឹកថ្ងៃអង្គារនេះ គណបក្សសង្គ្រោះជាតិបានប្រកាសពីការរំពឹងទុករបស់ខ្លួនថា ស្ថានការណ៍នយោបាយនៅកម្ពុជានឹងមានភាពធូរស្រាលឡើងវិញ មុនការបោះឆ្នោតឆ្នាំ២០១៨ ហើយថា លោក សម រង្ស៊ី និងលោក កឹម សុខា នឹងអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា ការរំពឹងរបស់គណបក្សសង្គ្រោះជាតិនឹងមិនអាចក្លាយជាការពិតនោះទេ។
គណបក្សសង្គ្រោះជាតិរំពឹងថា ស្ថានការណ៍នយោបាយនៅកម្ពុជានឹងមានភាពប្រសើរឡើងនៅមុនការបោះឆ្នោតឆ្នាំ២០១៨ ហើយ លោក កឹម សុខា និងលោក សម រង្ស៊ី នឹងអាចចូលរួមបោះឆ្នោតបាន តាមរយៈការដាក់សម្ពាធពីអន្តរជាតិ និងបទពិសោធន៍នយោបាយនៅកម្ពុជាពេលកន្លងមក។ នេះបើតាមការលើកឡើងរបស់លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា» ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិកាលពីព្រឹកថ្ងៃអង្គារនេះ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងបញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើខុសច្បាប់ក្នុងការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងធ្វើទុក្ខបុកម្នេញតំណាងរាស្រ្ត និងសមាជិកផ្សេងៗទៀតរបស់គណបក្សនេះ ជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។ លោកថា សកម្មភាពខុសច្បាប់ទាំងនោះតែងកើតមានជារឿយៗនៅមុនការបោះឆ្នោត។ ទោះជាយ៉ាងណាលោក សុន ឆ័យ បន្ថែមថា គណបក្សសង្គ្រោះជាតិនៅតែរំពឹងថា ស្ថានការណ៍នយោបាយនៅកម្ពុជាមុនការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ នឹងមានភាពល្អប្រសើរឡើង តាមរយៈការដាក់សម្ពាធពីមជ្ឈដ្ឋានអន្តរជាតិ ការចូលរួមរបស់ប្រជាពលរដ្ឋ និងតាមរយៈបទពិសោធន៍នយោបាយនាពេលកន្លងមក។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សជំទាស់បញ្ជាក់ក្នុងន័យដើមថា៖ «ការតស៊ូមតិ ការសម្តែងនៃការតទល់សភាពការណ៍ខ្មែរសព្វថ្ងៃ ពីសំណាក់សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋយើង ហាក់ដូចជាមានភាពខ្លំាងក្លាជាងពេលមុនៗទៅទៀត។ ដូច្នេះយើងជឿជាក់ថា យើងនឹងអាចរកវិធីដើម្បីសម្រួលស្ថានភាព ដើម្បីបង្កបរិយាកាសឲ្យខ្មែរចេះរួបរួមគ្នា ឲ្យការបោះឆ្នោតឆ្នាំ២០១៨ នោះមានសេរី និងយុត្តិធម៌ អាចទទួលយកបាន។ ដូច្នេះ យើងមានជំនឿបែបហ្នឹងដោយសារការពិសោធន៍ផងដែរ»។
លោក សុន ឆ័យ បន្ថែមថា ដើម្បីឲ្យមានភាពផ្លាស់ប្តូរការដឹកនាំតាមបែបប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរចូលរួមក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ។
លោកកឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ត្រូវបានសមត្ថកិច្ចសម្រុកចូលក្នុងផ្ទះចាប់ខ្លួនលោកទាំងកណ្តាលយប់ កាលពីថ្ងៃទី៣ ខែកញ្ញា ដោយចោទថាលោក ឃុបឃិតជាមួយបរទេសបង្កើតគ្រោងការសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ប្រធានបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងអំពើក្បត់ជាតិ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញា។
មុនការចាប់ខ្លួន និងចោទប្រកាន់លោក កឹម សុខា ក៏មានតំណាងរាស្រ្តសមាជិក និងសកម្មជនបក្សប្រឆាំងប្រមាណជាជាង២០នាក់ផ្សេងទៀត ក៏កំពុងរងការចោទប្រកាន់ កាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ចាប់ពីដើមឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ន ក្រោមបទល្មើសផ្សេងៗគ្នា។
ស្របគ្នានោះដែរ អតីតប្រធានគណបក្សជំទាស់ លោក សម រង្ស៊ី បាននិងកំពុងរស់ក្នុងការនិរទេសខ្លួនឯបរទេស បន្ទាប់ពីមានបណ្តឹងជាច្រើនប្រឆាំងនឹងរូបលោក។ លោក សម រង្ស៊ី បានសម្រេចចិត្តលាលែងពីតំណែងប្រធានគណបក្សជំទាស់ភ្លាមៗកាលពីដើមឆ្នាំ២០១៧នេះ ដើម្បីចៀសវាងការរំលាយគណបក្សជំទាស់ចោលតាមវិសោធនកម្មច្បាប់នៃគណបក្សនយោបាយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចប្រាប់ VOA ថានៅកម្ពុជាមិនមានភាពតានតឹងផ្នែកនយោបាយណាមួយនោះទេ ហើយថា ការចរចា ឬសម្របសម្រួលណាមួយដើម្បីអាចអនុញ្ញាតឲ្យអតីតមេបក្សប្រឆាំង និងមេបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពេលបច្ចុប្បន្នបានចូលរួមបោះឆ្នោតនោះ ក៏មិនមានដែរ។ លោកបន្ថែមថា ការរំពឹងរបស់គណបក្សសង្គ្រោះជាតិ គឺជាការលើកឡើងរបស់ពួកគេ ប៉ុន្តែលោកថា ស្ថានការណ៍នយោបាយកាលពីអតីតកាល និងក្នុងពេលបច្ចុប្បន្នមានស្ថានភាពខុសគ្នា។
លោកមានប្រសាសន៍ថា៖ «សូមជម្រាបជូនថាឆ្នាំ២០១៣ ហើយឆ្នាំ២០១៨វាខុសគ្នា ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពផ្លូវច្បាប់ ដូច្នេះអត់មានទេ ពីមុនមកវានៅមានឥទ្ធិពលនៃវប្បធម៌សន្ទនា ឥលូវដោយសារ សម រង្ស៊ី ក្បត់នឹងវប្បធម៌សន្ទនា ដូច្នេះមិនអាចបកក្រោយយកព្រឹត្តិការណ៍ឆ្នាំ២០១៣ មកប្រៀបធៀបជាមួយឆ្នាំ២០១៨បានទេ»។
លោក សុខ ឥសាន បន្ថែមថា សហគមន៍អន្តរជាតិមួយចំនួនបានបញ្ចេញមតិដោយបង្ហាញពីការបារម្ភលើស្ថានភាពនយោបាយរបស់កម្ពុជា គឺជាការលូកដៃចូលអធិបតេយ្យភាពរបស់កម្ពុជា។
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា នារសៀលថ្ងៃអង្គារនេះថា ការដែលរដ្ឋាភិបាលកម្ពុជាមិនខ្វល់ពីការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិលើស្ថានការណ៍នយោបាយនៅកម្ពុជា គឺជាកំហុសដ៏ធំមួយ និងថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យខ្លួនក្លាយជាប្រទេសដែលឯកោបន្តិចម្តងៗ។ លោកបន្ថែមថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំខាងមុខទៀត នឹងត្រូវប្រឈមជាមួយបញ្ហាច្រើន។
លោកបញ្ជាក់ថា៖ «កម្ពុជាបានធ្វើយ៉ាងល្អក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះក្នុងវិស័យសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែសម្រាប់២០ឆ្នាំទៅមុខទៀតនឹងមានជួបបញ្ហាប្រឈមច្រើន។ សេដ្ឋកិច្ចរបស់កម្ពុជានឹងមានការផ្លាស់ប្តូរច្រើន ដែលយើងត្រូវធ្វើការទាក់ទាញបច្ចេកវិទ្យាដែលទំនើប ដើម្បីតាមទាន់ប្រទេសក្នុងអាស៊ានដូចជាថៃ និងប្រទេសវៀតណាមជាដើម។ នៅពេលហ្នឹងឯងដែលបច្ចេកវិទ្យារបស់អាមេរិកមានសារសំខាន់យ៉ាងខ្លាំង។ អញ្ចឹងវាជាកំហុសធ្ងន់ធ្ងរមួយដែលគេអាចសន្និដ្ឋានថាអាចព្រងើយកន្តើយបានចំពោះសហគមន៍អន្តរជាតិដែលធ្លាប់ជួយកម្ពុជារហូតដល់ខែមុននេះ»។
ស្ទើតែជារៀងរាល់មុនការបោះឆ្នោត គេតែងឃើញស្ថានការណ៍នយោបាយហាក់មានភាពតានតឹង រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា តែក្រោយមកភាពតានតឹងទាំងនោះក៏មានភាពធូរស្រាលវិញជាធម្មតា តាមរយៈការចរចារ និងយោគយល់រវាងគណបក្សនយោបាយធំៗ។ តួយ៉ាងដូចស្ថានការណ៍នយោបាយមុនការបោះឆ្នោតឆ្នាំ២០១៣ ដែលនៅពេលនោះលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងត្រូវបានចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារនិងបាននិរទេសខ្លួនទៅនៅបរទេសមួយរយៈ។ ក្រោយមកក៏មានការសម្របសម្រួល និងចរចានយោបាយរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង រហូតដល់មានដំណោះស្រាយនិងអាចធ្វើឲ្យ លោក សម រង្ស៊ី ចូលមកកម្ពុជាវិញមុនការបោះឆ្នោត។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លើកឡើងថា យោងលើស្ថានការណ៍នយោបាយកម្ពុជាដែលកំពុងមានភាពតានតឹងក្នុងពេលបច្ចុប្បន្ន ហាក់ពិបាកនឹងមានភាពធូរស្រាលដូចការបោះឆ្នោតអាណត្តិមុនៗ។ លោកបន្ថែមថា គណបក្សកាន់អំណាចចង់ឲ្យគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា មានភាពចុះថយឥទ្ធិពលដែលកំពុងមានការគាំទ្រច្រើន តាមរយៈការផ្លាស់ប្តូរមេដឹកនាំគណបក្សរបស់ពួកគេ។
លោក សូ ចន្ថា បន្ថែមថា ការដោះស្រាយបញ្ហានយោបាយដែលកំពុងតានតឹងនេះ នឹងអាចធ្វើទៅបានលុះត្រាតែមានការចូលរួមពីអន្តរជាតិ និងគណបក្សនយោបាយធំៗទាំងពីរជ្រើសយកផ្លូវចរចាដោយសន្តិវិធី និងគិតប្រយោជន៍ជាតិជាធំ។
លោកមានប្រសាសន៍ថា៖
«នៅក្នុងកាលៈទេសៈនេះខ្ញុំគិតថាសម្ពាធពីអន្តរជាតិជាផ្នែកមួយដែលជំរុញឲ្យគណបក្សនយោបាយ នៅកម្ពុជា ជាពិសេសគណបក្សដែលមានអាសនៈក្នុងសភាហ្នឹងអាចងាកមកជិតគ្នា ហើយនិងអាចនឹងឈានទៅដល់ការពិភាក្សាគ្នាដើម្បីធ្វើឲ្យកម្តៅនយោបាយថយចុះមុនការបោះឆ្នោតហ្នឹង។ ខ្ញុំគិតថាគ្មានជម្រើសអីដែលល្អជាងការដែលជជែកគ្នានោះទេ»។
ក្រោយការចាប់ខ្លួនមេបក្សជំទាស់ដ៏ធំនៅកម្ពុជា សហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ អូស្ត្រាលី អង់គ្លេស និងអង្គការអន្តរជាតិធំៗ បានប្រតិកម្មជាបន្តបន្ទាប់ប្រឆាំងទៅនឹងការចាប់ខ្លួនសមាជិកសភាក្នុងអភ័យឯកសិទ្ធិទាំងកណ្តាលយប់។ ពួកគេក៏បានសម្តែងក្តីបារម្ភចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា និងបានចោទសួរចំពោះការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងពេលបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ។
ទោះជាយ៉ាងណា ការបារម្ភនេះត្រូវបានច្រានចោល ដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងបានរំឭកដល់អគ្គរដ្ឋទូតទាំងអស់ឲ្យគោរពឯករាជ្យ អធិបតេយ្យភាព អព្យាក្រឹត្យ និងច្បាប់កម្ពុជា និងកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសក្បត់ជាតិ ដែលត្រូវចាត់ការដោយតុលាការ៕