ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ជួប​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប និយាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន កាល​ពី​ថ្ងៃ​ចន្ទ បាន​ជួប​ជាមួយ​តំណាង​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដោយ​បាន​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

ជំនួប​នេះ​ធ្វើ​ឡើង​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដោយ​មាន​មន្រ្តី​គណបក្ស​ប្រឆាំង​នេះ រួម​មាន​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស លោក លី សុធារ៉ាយុត្តិ អគ្គលេ​ខាធិការ លោក ហុង សុខ​ហួរ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះ​ឆ្នោត និងលោក សំ សុគង់ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​របស់​គណបក្ស។

ពួកគេ​បាន​ជួប​ជាមួយ​អ្នក​ស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​តំណាង​ទូត​បរទេស​ធំៗ​នៅ​ទ្វីប​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ចំនួន ៣​ផ្សេង​ទៀត រួមមាន លោក ចូសថ៍ ខាដែល ( Jost Kadel) អនុប្រធាន​បេសកកម្ម​នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ លោក អ៊ុយ​ហ្គោ វ៉ាវ្រាំង(Hugo Wavrin) ទីប្រឹក្សា​នយោបាយ និង​សារព័ត៌មាន​ប្រចាំ​ស្ថាន​ទូត​បារាំង​នៅ​ភ្នំពេញ និង​អ្នកស្រី ខាមីឡា ម៉ុនស៊ីន អុតតូសុន (Camilla Mons​ine Ottosson) អគ្គទី​ប្រឹក្សា និង​ជាប្រធាន​ការិយា​ល័យនៃ​ស្ថាន​ទូតស៊ុយ​អែត​ប្រចាំ​នៅ​រាជ​ធានី​ភ្នំពេញ។

ក្នុង​ជំនួប​នោះ ថ្នាក់ដឹ​កនាំ​គណ​បក្ស​ភ្លើង​ទៀន​បានរៀប​រាប់​អំពី​ស្ថាន​ការណ៍​នយោបាយ​ទូទៅ ការ​រំខាន ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​នយោបាយ ការ​គំរាម​កំហែង​មក​លើ​សកម្មជន បេក្ខជន និង​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​គណបក្ស និង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃ​អង្គារ​នេះ។

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន ​ជួប​ជាមួយ​តំណាង​ទូត​សហភាព​អឺរ៉ុប​ ​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណបក្ស​ភ្លើងទៀន)

សេចក្តី​ប្រកាស​របស់​គណបក្ស​នេះ​បញ្ជាក់​ថា៖ «ថ្នាក់​ដឹកនាំ​គណបក្ស​ក៏​បាន​ស្នើ​សុំ​សហភាព​អឺរ៉ុប​បន្ត​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ផង​ដែរ ជាពិសេស​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ​នេះ»។

អគ្គលេ​ខាធិការ​គណបក្ស​ភ្លើងទៀន​ លោក លី សុធារ៉ាយុត្តិ ប្រាប់វី​អូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ជំនួប​នេះ​ផ្តោត​សំខាន់​ទៅ​លើស្ថាន​ការណ៍ ក៏ដូច​ជា​បរិយា​កាសនយោបាយ​ជារួម​នៅ​កម្ពុជា​ ប្រតិបត្តិ​ការ​គណបក្ស​ភ្លើង​ទៀន​ក្នុង​រយៈ​ពេល​៦​ខែ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី​៥។

លោក​បន្ថែម​ថា​សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​គាំទ្រ​និង​ឃ្លាំ​មើល​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​ទាំង​ចង់​ឃើញ​កម្ពុជា​ជា​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ។
លោក​ថ្លែង​ថា៖«អ្វី​ដែល​ជា​ជំហរ​របស់​គេ​គឺ​គេ​ចង់​ឃើញ​លម្ហ​ប្រជាធិបតេយ្យ​ទូលំទូលាយ​មួយ​នៅ​ស្រុក​ខ្មែរ»។

វីអូអេ​មិន​ទាន់​បាន​ទទួល​ការ​អត្ថាធិប្បាយរបស់​ស្ថាន​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ចាត់​ទុក​ជំនួប​នេះ​ជា​ការ​ជួប​ពិភាក្សា​រវាង​«កូន​ចៅ​និង​ចៅ​ហ្វាយ​នាយ» ហើយ​និយាយ​អ្វី​ដែល​មិន​មែន​ជា​ការណ៍​ពិត។
លោក​បញ្ជាក់​ថា៖«អ៊ីចឹង​ខ្ញុំ​យល់​ថា​ការ​ជួប​នេះ វា​គ្រាន់​តែ​ជា​ពិត​ទូល​ហើយ​និយាយ​បំផ្លើស​ការណ៍​ពិត​នៃ​សភាព​ការណ៍។អ៊ីចឹង​វា​អត់​ប្រយោជន៍​ទេ ពីព្រោះ​ការ​បោះ​ឆ្នោត​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។អ៊ីចឹ​ង​នេះ​វា​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ឯក​រាជ្យ​របស់​កម្ពុជា។ អត់​មាន​នរណា​លូក​ដៃ​បាន​ទេ។ ប្រសិន​ណា​ជា​គាត់​ទៅ​ពិត​ទូល​ចៅ​ហ្វាយ​នាយ​គាត់​ ចង់​ឱ្យ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ទៀត​ អា​ហ្នឹង​ទុក​ឱ្យ​ប្រជា​ជន​លោក​វិនិច្ឆ័យ»។

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុម​ហ្វ្រែល​លោក​ កន សាវាង្ស ថ្លែង​ថា​សហភាព​អឺរ៉ុប​មាន​មន្ត្រី​របស់​គេ​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា​តើ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្តេច។

លោក​ប្រាប់​វីអូអេ​ថា៖ «សម្រាប់​ខ្ញុំ​ជា​រឿង​មួយ​ដែល​មិន​មាន​អី​ដែល​ថ្មី​ទេ។ ដោយ​សារ​តែ​រឿ​ង​កិច្ច​ការ​ងារ​គឺ​ដឹង​ទាំង​អស់​គ្នា ខាង​គណបក្ស​នយោបាយ​ក៏​ដឹង​ ខាង​សង្គម​ស៊ីវិល​ក៏ដឹង​ ហើយ​ខាង​ការ​ទូត​ក៏​គេ​ដឹង​ដែរ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ សមាជិក​សភា​របស់​សហភាព​អឺរ៉ុប​ច្រើន​លើស​លប់​ បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ​ដែល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ និង​បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ទាំង​ស្រុង​ប្រសិន​បើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មិន​មាន​ភាព​សេរី និង​យុត្តិធម៌។ ពួកគេ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ផង​ ដែរ៕